ភ្នំពេញៈ គេហទំព័រទេសចរណ៍ TripAdvisor បានដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅលើពិភពលោកក្នុងឆ្នាំ ២០១៨ ដែលការដាក់បញ្ចូលនេះត្រូវបានវិស័យទេសចរណ៍កម្ពុជា រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនថែមទៀតមកកម្ពុជា។
ការជ្រើសរើសនេះត្រូវបានធ្វើឡើងតាមរយៈការចូលមើលនៅក្នុងគេហទំព័រនេះរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសអ្នកឈ្នះរៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះមានការចូលមើលជាង ៤ ម៉ឺននាក់នៅលើគេហទំព័រនេះ ហើយប្រាសាទអង្គរវត្តទទួលបានចំណាត់ថ្នាក់កើនឡើងខ្លាំងក្នុងចំណោម ៥ ទិសដៅជាមួយនឹងបទពិសោធរបស់ពួកគេ។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាកាលពីម្សិលមិញស្វាគមន៍ការផ្តល់ចំណាត់ថ្នាក់ថ្មីនេះ ចំពោះអង្គរវត្តរបស់កម្ពុជា។ លោកថ្លែងថាប្រាសាទនេះត្រូវបានផ្ដល់ចំណាត់ថ្នាក់ជាមួយនឹងការវាយតម្លៃយ៉ាងល្អពីបណ្ដាញការវាយតម្លៃទេសចរណ៍ជាច្រើនដូចជាគេហទំព័រ trip advisor និងទស្សនាវដ្ដីទេសចរណ៍ជាដើម។
លោកថ្លែងថា៖ «ចំណាត់ថ្នាក់ថ្មីនេះនាំយកអត្ថប្រយោជន៍ដ៏ធំសម្រាប់ប្រាសាទអង្គរវត្តកម្ពុជាជាប្រាសាទកំពុងទទួលបានការល្បីឈ្មោះកាន់តែខ្លាំង ។ ខ្ញុំសង្ឃឹមថាលំហូរចូលភ្ញៀវទេសចរបរទេសនឹងបន្តកំណើនគួរឲ្យកត់សម្គាល់នៅឆ្នាំនេះ និងឆ្នាំខាងមុខ»។
ប្រាសាទ Plaza de Espana នៅទីក្រុង Seville ប្រទេសអេស្ប៉ាញទទួលបានចំណាត់ថ្នាក់ទី ២។ ប្រាសាទដ៏សំខាន់របស់អាស៊ីផ្សេងទៀតដែលស្ថិតក្នុងបញ្ជីពិភពលោកឈានមុខគេទាំង ១០ ក្នុងឆ្នាំ ២០១៨ របស់គេហទំព័រ Trip Advisor គឺប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌាដែលជាប់ចំណាត់ថ្នាក់ទី ៦។
ចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះតំបន់អង្គរបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៨៥៨ ៥៨០ នាក់កើនឡើង ១២ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមគ្រឹះស្ថានអង្គរ។
របាយការណ៍បានបង្ហាញថា ប្រាក់ចំណូលបានពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលប្រាសាទនេះ បានកើនឡើងដល់ ៣៩,៦ លានដុល្លារនៅត្រីមាសទី ១ ឆ្នាំនេះកើនឡើង ២៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ LA