ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរីដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នបានដំណើរការអណ្តូងបូមប្រេងឆៅចំនួន ៤ ថែមទៀតកាលពីចុងខែកុម្ភៈ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុននេះបានដំណើរការ អណ្តូងបូមប្រេង ៤ បន្ថែមទៀតក្នុងអណ្តូងប្រេង A-01D នៃផ្លេតហ្វមនៅតំបន់ប្រេងអប្សរាក្នុងប្លុក A នៃបាសាំងខ្មែរ បន្ទាប់ពីអណ្តូងទី ១ បានដំណើរការកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០។
លោកនិយាយថា៖ «បើអណ្តូងទាំង ៥ នេះ ដំណើរការល្អ គេនឹងធ្វើការខួងអណ្តូងជាបន្តបន្ទាប់ទៀតទៅតាមផែនការរបស់ក្រុមហ៊ុន»។
កាលពីចុងខែធ្នូ ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា តាមការព្យាកររបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កម្ពុជានឹងទទួលបានចំណូលពីឧស្សាហកម្មប្រេងប្រមាណ ៣០ លានដុល្លារក្នុង ១ ឆ្នាំបើតម្លៃប្រេងអន្តរជាតិស្ថិតក្នុងតម្លៃ ៥៥ ដុល្លារក្នុង ១ បារ៉ែល។
លោកថ្លែងថា៖ «តាមការប៉ាន់ប្រមាណយើងនឹងទទួលបានប្រមាណចន្លោះពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែល ក្នុង ១ ថ្ងៃ គឺជាទំហំតូចណាស់ដែលវាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចយើងបានទេ ប៉ុន្តែវាជាការចាប់ផ្តើមដ៏ល្អនៃដំណើរការក្នុងឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា»។
ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៩ ខែធ្នូ បានប្រកាសជាផ្លូវការពីតំណក់ប្រេងលើកដំបូងរបស់កម្ពុជានៅសមុទ្រក្នុងតំបន់សម្បទានប្លុក A ដែលបានចាប់ផ្ដើមផលិតកម្មកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០។ កម្ពុជាក្លាយជាប្រទេសផលិតប្រេងទី ៨ នៅក្នុងតំបន់អាស៊ាន (លើកលែងឡាវ និងសិង្ហបុរី)។
លោក Kelvin Tang អគ្គនាយក និងជាប្រធានផ្នែកប្រតិបត្តិការនៅកម្ពុជានៃក្រុមហ៊ុន KrisEnergy ឱ្យដឹងថា តំណក់ប្រេងជាលើកដំបូងនៃអណ្ដូងប្រេងអប្សរា គឺបង្ហាញពីដំណើរការអស់រយៈពេល ១០ ឆ្នាំចាប់តាំងពី KrisEnergy បានក្លាយជាដៃគូមួយនៅក្នុងប្លុក A។
លោកនិយាយថា៖ «ខ្ញុំសូមបង្ហាញការកោតសរសើររបស់ខ្ញុំដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់សម្រាប់ការគាំទ្រកិច្ចសហការ និងការលះបង់របស់ពួកគេដើម្បីទទួលបានការអភិវឌ្ឍអណ្ដូងប្រេងអប្សរា។ KrisEnergy មានកិត្តិយសក្នុងការក្លាយជាផ្នែកមួយនៃឱកាសជាប្រវត្តិសាស្ដ្រនេះ»។
លោក Kelvin ឱ្យដឹងទៀតថា ក្នុងបរិបទការរីករាលដាលជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ នេះគឺមានការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់រហូតឈានទៅដល់ការទាញយកតំណក់ប្រេងលើកដំបូង។ នេះជាសមិទ្ធផលដ៏អស្ចារ្យមួយ និងជាសក្ខីកម្មចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមការងារក្រុមហ៊ុន KrisEnergy និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃក្រុមហ៊ុនម៉ៅការ និងជាក្រុមហ៊ុនផ្គត់ផ្គង់។
លោកបន្ថែមថា៖ «ពេលនេះភារកិច្ចរបស់យើងបញ្ចប់ការខួងប្រេងក្នុងចំណោមអណ្ដូងប្រេងនៅសល់ចំនួន ៤ ទៀតដែលធ្វើឱ្យមានស្ថិរភាពផលិតកម្ម និងការត្រួតពិនិត្យដើម្បីយើងអាចវាយតម្លៃដ៏ល្អបំផុតឆ្ពោះទៅមុខ និងដើម្បីបង្កើនការផលិតប្រេងរបស់កម្ពុជា និងតម្លៃទ្រព្យសកម្មក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ»៕ LA
វីដេអូ៖