ភ្នំពេញៈ អេមរុរ៉ាយស៍ ដែលជា​ក្រុមហ៊ុន​នាំចេញ​អង្ករ និង​ផលិត​ស្រូវ​សរីរាង្គ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បាននិង​កំពុង​សាកល្បង​ប្រើប្រាស់​ថាមពល​សូឡា​ក្នុង​រោង​ម៉ាស៊ីន​កិនស្រូវ​របស់ខ្លួន ដើម្បី​បង្កើន​និរន្តរភាព​ថាមពល​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​នា​រដូវប្រាំង​ដែល​តែង​ប្រឈម​នឹង​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​។

លោក កាន់ គន្ធី អគ្គនាយករង​ក្រុមហ៊ុន អេមរុរ៉ាយស៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ថាមពល​សូឡា​នេះ​ត្រូវ​ដំឡើង​នៅលើ​ដំបូល​ឃ្លាំងស្តុក​ស្រូវ​នៃ​ផ្ទៃដី​ជាង ១០ ​ហិកតា​នៅ​ស្រុក​ប្រាសាទបល័ង្ក ខេត្តកំពង់ធំ​។ ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ​មាន​អនុភាព ២៦២ ​គីឡូវ៉ាត់ ជា​ប្រភេទ​គម្រោង​សាងសង់​ប្រតិបត្តិការ ផ្ទេរ​ (BOT) វិនិយោគ​ដោយ​ក្រុមហ៊ុន​តូតាល់​ក្នុងតម្លៃ​ប៉ាន់ស្មាន ៥០ ​ម៉ឺន​ដុល្លារ​។


លោក​ថ្លែងថា​៖ «​គម្រោង​នេះ គឺ​ក្រុមហ៊ុន​អេមរុរ៉ាយស៍ មិនបាន​ចំណាយ​ប្រាក់​សាងសង់​ទេ ដោយ​យើង​បាន​ផ្តល់​ទីតាំង​សម្រាប់​ការដំឡើង​បន្ទះ​សូឡា ហើយ​យើង​ទិញ​ថាមពល​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​រយៈពេល​កំណត់​។ នៅពេល​ក្រុមហ៊ុន​ [​តូតាល់​] ​ទទួលបាន​ប្រាក់​ពី​ការលក់​ថាមពល​គ្រប់​ចំនួន​វិញ​ហើយ​នោះ ប្រព័ន្ធ​ថាមពល​សូឡា​នេះ​នឹង​ក្លាយជា​របស់​យើង​ [​អេមរុរ៉ាយស៍​] ​វិញ​»​។

លោក គន្ធី បន្តថា ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​ត្រូវបាន​ដំឡើង និង​តភ្ជាប់​ (synchronize) ​ជាមួយ​នឹង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​របស់​រដ្ឋ​ដែលមាន​ការអនុញ្ញាត​ពី​អគ្គិសនី​កម្ពុជា​ (EDC) តាមច្បាប់​។


លោក​ថ្លែងថា​៖ «​ការប្រើប្រាស់​ប្រព័ន្ធ​ថាមពល​សូឡា​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​កសិកម្ម​ស្រូវ​អង្ករ​ដូចជា ចំណាយ​រយៈពេល​ខ្លី​ជាង​មុន​ក្នុង​ការកិន និង​សម្ងួត​ស្រូវ ហើយ​វា​ក៏​ជួយ​ឱ្យ​ចង្វាក់​ផលិតកម្ម​ផលិត​បាន​លឿន​ទាន់​តម្រូវការ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ផងដែរ​»​។

បន្ថែម​ពីលើ​នេះ​ការប្រើប្រាស់​ប្រព័ន្ធ​ថាមពល​សូឡា​ក៏បាន​ឆ្លើយតប​ទៅនឹង​គោលដៅ​ទី​ ៧ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDG) ​ដែល​ផ្ដល់នូវ​តម្លៃ​សមរម្យ និង​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដូច្នេះ​ការប្រើប្រាស់​ថាមពល​សូឡា​ក្នុង​វិស័យ​ស្រូវ​អង្ករ មិន​ត្រឹមតែ​ផ្គត់ផ្គង់​ថាមពល​បាន​តាម​តម្រូវការ​នោះទេ ថែម​ទាំង​ជួយ​ទៅដល់​ផែនដី​ទៀតផង​។

លោក​និយាយថា​៖ «​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​នឹង​មិន​មាន​ការបំពុល​បរិស្ថាន ហើយ​ជួយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ឧស្ម័ន​កាបូនឌីអុកស៊ីត​ផងដែរ​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឱ្យដឹងថា ការដំឡើង​ថាមពល​សូឡា​នេះ​នឹង​ជួយ​ឱ្យមាន​ស្ថិរភាព​ថាមពល​នៅក្នុង​រោងម៉ាស៊ីន​កិនស្រូវ ប៉ុន្តែ​ថ្លៃដើម​ផលិត​នៅតែ​ខ្ពស់ បើ​ធៀប​នឹង​ទិញ​ថាមពល​ពី​រដ្ឋ​។

លោក​ថ្លែងថា​៖ «​ការដំឡើង​ថាមពល​សូឡា​វា​ល្អ​ហើយ ប៉ុន្តែ​តម្លៃ​វិនិយោគ​ធំ ដែល​វា​មិនទាន់​អាច​ផ្តល់​ផលចំណេញ​ច្រើន​ទេ​ដល់​អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​»​។

លោក​បន្ថែមថា សព្វថ្ងៃ​រដ្ឋាភិបាល​មិន​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ដូចនេះ​ទេ ប៉ុន្តែ​លោក​សង្ឃឹមថា រដ្ឋ​នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​ដើម្បី​លើក​ទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ថាមពល​​កកើតឡើង​នៅពេល​អនាគត​។

លោក​បន្តថា​៖ «​អ្វីដែល​ក្រុមហ៊ុន​ធ្វើ ជា​គំរូ​ល្អ​មួយ​ដែល​ដើរ​ស្រប​នឹង​ក្រុមហ៊ុន​ផលិត​អង្ករ​សរីរាង្គ​ដែល​ភ្ជាប់​ទៅនឹង​គម្រោង​ថាមពល​សូឡា ប៉ុន្តែ​ការដំឡើង​នូវ​ថាមពល​នេះ​គឺ​មិនទាន់​មាន​ផលចំណេញ​ទេ​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ឯកជន​គួរតែ​ប្រើ​ថាមពល​ដែល​ទិញ​ពី​អគ្គិសនី​កម្ពុជា ដែល​បាន​ភ្ជាប់​បណ្តាញ​ជាតិ​ត្រឹមត្រូវ និង​មានតម្លៃ​ទាប​។

លោក​ថ្លែងថា​៖ «​បើ​មាន​ការផ្គត់ផ្គង់​ត្រឹមត្រូវ និង​មាន​អគ្គិសនី​ប្រកប​ដោយ​ស្ថិរភាព​ប្រើប្រាស់​វា​ទៅ​គឺ​មិន​ចាំបាច់​វិនិយោគ​ទេ​»៕ LA