ភ្នំពេញៈ អេស៊ីលីដា ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​នៅក្នុង​ស្រុក​ធំជាងគេ​នៅ​កម្ពុជា​បាន​ប្រមូល​មូលនិធិ​ប្រហែល ១៧,៥ ​លាន​ដុល្លារ​ពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់ខ្លួន​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃ​ចន្ទ បើទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​គំរាមកំហែង​ដល់​ការធ្លាក់ចុះ​នៃ​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក និង​ក្នុង​តំបន់​ក៏ដោយ​។

ធនាគារ​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​ទី​ ៦ និង​ជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​នៅលើ​ផ្សារហ៊ុន​នេះ​ជាមួយ​នឹង​ភាគហ៊ុន​សរុប​ចំនួន ៤,៣៤ ​លាន ឬ​ស្មើនឹង​ ១ ​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ខ្លួន​ជាង ៤៣៣ ​លាន​ដុល្លារ ខណៈ​តម្លៃ​ក្នុង ១ ​ហ៊ុន​គឺ​ ១៦ ២០០ ​រៀល (៤,០៥ ​ដុល្លារ​)​។ នេះ​បើតាម​ឯកសារ​ចុះបញ្ជី​ដែល​ផ្ញើ​ទៅ CSX​។


លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ចុះបញ្ជី​ថា ក្រុម​វិនិយោគិន​សាធារណៈ​ប្រហែល ២ ៤៩៧ ​នាក់​បាន​ក្លាយជា​ភាគទុនិក​ថ្មី​របស់​ធនាគារ​តាមរយៈ​ការបោះ​ផ្សាយ IPO ផ្លូវការ​នេះ​។

លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​ជា​ផ្លូវការ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា គឺជា​ការបើក​សករាជ​ថ្មី​របស់​ធនាគារ​ចាប់​តាំងពី​ប្រតិបត្តិការ​អស់​រយៈពេល​ជាង ២៧ ​ឆ្នាំ​រួចមក​។ យើង​ពិតជា​កោតសរសើរ​ចំពោះ​និយតករ អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុម​វិនិយោគិន​ដែល​បាន​លើកទឹកចិត្ត និង​វិនិយោគ​លើ​ភាគហ៊ុន​របស់​យើង​ទោះបីជា​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏ដោយ​»​។


លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា ធនាគារ​អេស៊ីលីដា ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​ ៦ និង​ជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​ចុះបញ្ជី​ភាគហ៊ុន​របស់​ខ្លួន​លើ​ផ្សារហ៊ុន​កម្ពុជា​។ ជាមួយ​នឹង​ការចុះបញ្ជី​នេះ ធនាគារ​នេះ​អាច​ប្រមូល​មូលនិធិ​បាន​កាន់តែច្រើន​នៅពេល​ណាមួយ តាមរយៈ​ការចេញលក់​ភាគហ៊ុន​កាន់តែច្រើន​នៅលើ​ផ្សារហ៊ុន​។

លោក​ថ្លែងថា​៖ «​ផ្សារមូលបត្រ​កម្ពុជា​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​ពី​ការសន្សំ​ប្រាក់​ទៅជា​ការវិនិយោគ​។ ដូច្នេះ​អ្នក​ដែលមាន​មូលនិធិ​សល់ ពួកគេ​អាច​វិនិយោគ​លើ​ផ្សារហ៊ុន​បាន​។ ទោះបី​ជា​ស្ថានការណ៍​បច្ចុប្បន្ន​មាន​ភាពមិន​ច្បាស់លាស់​ខ្លាំង​ក៏ដោយ ក៏​ផ្សារមូលបត្រ​កម្ពុជា​នៅតែ​ប្រតិបត្តិការ​ដូច​ធម្មតា​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​នោះបាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ការធ្វើ​មូលធន​ទីផ្សារ​ដ៏ច្រើន​របស់​ធនាគារ​អេស៊ីលីដា​មាន​ប្រហែល​ ១,៧៥ ​ពាន់​លាន​ដុល្លារ ដែល​ស្មើ​ជិត ៣ ​ដង​នៃ​ការកម្រិត​ទីផ្សារ​របស់ CSX វា​នឹង​ធ្វើឲ្យ​មាន​ភាពទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​ក្រុម​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន​ស្ថាប័ន ព្រមទាំង​ជំរុញ​សកម្មភាព​ជួញដូរ​របស់​ទីផ្សារ​មួយ​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ផ្សារមូលបត្រ​កម្ពុជា​កំពុង​ក្លាយជា​ច្រក​ថ្មី​មួយ​នៃ​ការផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ក្រុមហ៊ុន និង​សហគ្រាស ដែល​កំពុងមាន​តម្រូវការ​មូលនិធិ ហើយ​វា​នឹង​គាំទ្រ​កំណើន​អាជីវកម្ម​ពួកគេ​»​។

លោក ហុង សុខហួរ បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែ​ឧសភា CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប ១២ ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន ៦ ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន ៦ ​ផ្សេង​ទៀត​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន ១២ ​នេះ​បាន​ប្រមូល​មូលនិធិ​ប្រហែល ២៤០ ​លាន​ដុល្លារ និង​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង​ជាង ៥៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លោក​បាន​បន្ថែមថា មកដល់​ពេលបច្ចុប្បន្ន​នេះ​វិនិយោគិន​លក្ខណៈ​បុគ្គល និង​ក្រុមហ៊ុន​ប្រហែល ២៥ ០០០ បាន​បើក​គណនី​​ជួញដូរ​នៅ CSX៕ LA