ភ្នំពេញៈ អំបុក​កំពង់ធំ ដែល​ទើប​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់ឱ្យ​ជា​ផ្លូវការ «​ម៉ាក​សមូហភាព​» ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​ចំណែក​ថែរក្សា​អភិរក្ស​វិធីសាស្ត្រ​ប្រពៃណី​នៃ​ការផលិត ការទាក់ទាញ​ភ្ញៀវទេសចរ និង​ការលើក​កម្ពស់​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​។

អំបុក​កំពង់ធំ ដែល​ទើប​បានទទួល «​ម៉ាក​សមូហភាព​» ​នេះ​ស្ថិតនៅ​ឃុំ​សាន់គរ​ ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។


ក្នុង​មហាសន្និបាត​របស់​ក្រុម​អ្នក​ផលិត​អំបុក​កំពង់ធំ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការផ្តល់​ «​ម៉ាក​សមូហភាព​» ដល់​អំបុក​កំពង់ធំ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​កេរដំណែល​វប្បធម៌​របស់​ដូនតា​ខ្មែរ ក៏ដូចជា​បង្កើន​នូវ​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ និង​បង្កើត​ការងារ​ថ្មីៗ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​តែម្តង​។

លោក​បន្តថា តាមរយៈ​ម៉ាក​សមូហភាព គេ​ក៏​អាច​ប្រមូលផ្តុំ​នូវ​ផលិតករ​ដែលមាន​ជំនាញ និង​ទេពកោសល្យ​ក្នុង​ការផលិត​អំបុក ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្ត និង​លើកកម្ពស់​ចំណេះដឹង ភាពច្នៃប្រឌិត និង​វិធីសាស្ត្រ​ថ្មីៗ​ដល់​អ្នកជំនាន់ក្រោយ​ផងដែរ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឱ្យ​ក្រុម​អ្នក​ផលិត​អំបុក​កំពង់ធំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង​សហការ​អនុវត្ត​គម្រោង​នេះ​ដើម្បីឱ្យ​គម្រោង​នេះ​ឈានដល់​ទីបញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​ភូមិ​មួយ ផលិតផល​មួយ​ដែល​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ជនបទ កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​»​។

លោក សួន វិជ្ជា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ -​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ថា​ «​ម៉ាក​សមូហភាព​» ​គឺជា​សញ្ញា​ដែល​អាច​សម្គាល់​នូវ​ប្រភពដើម​ទំនិញ ឬ​សេវា ឬ​សម្គាល់​ចរិត​លក្ខណៈ​រួមទាំង​គុណភាព​ទំនិញ ឬ​សេវា​របស់​សហគ្រាស​ផ្សេងៗ​គ្នា​ដែល​ប្រើ​សញ្ញា​នោះ​ក្រោម​ការគ្រប់គ្រង​របស់​ម្ចាស់​ម៉ាក​សមូហភាព​ដែល​បាន​ចុះបញ្ជី​។

លោក​និយាយថា​៖ «​ការទទួល​បាន​នូវ​ម៉ាក​សមូហភាព​របស់​អំបុក​កំពង់ធំ នឹង​ធ្វើឱ្យ​ក្រុម​អ្នក​ផលិត​ក្នុង​ទីនោះ​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន ពិសេស​កំណើនសេដ្ឋកិច្ច​»​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ធំ លោក យ៉ូវ សេងគុណ បាន​ប្រាប់ថា នេះ​ជា​លើក​ទី​១ ដែល​ខេត្តកំពង់ធំ​ទទួលបាន​ការចុះបញ្ជី​ម៉ាក​សមូហភាព​។ ការទទួល​បាន​ម៉ាក​សមូហភាព​នឹង​ជំរុញ​ឱ្យ​អ្នក​ផលិត​ក្នុង​តំបន់​បង្កើន​ការខិតខំ​បង្កើន​សមត្ថភាព​ផលិត និង​គុណភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​កេរ្តិ៍ឈ្មោះ​ផលិតផល​។

លោក​បន្ថែមថា​៖ «​ការទទួល​បាន​ម៉ាក​សមូហភាព​របស់​អំបុក​កំពង់ធំ នឹង​ធ្វើឱ្យ​ទីផ្សារ​នេះ​កាន់តែ​រីក​ធំ ដែល​នឹង​ជួយ​ឱ្យ​ក្រុម​អ្នក​ផលិត​មាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​»​។

យោងតាម​លោក សេងគុណ បន្ទាប់ពី​អំបុក​កំពង់ធំ​ទទួល​បាន​ម៉ាក​សមូហភាព បច្ចុប្បន្ន​អាជ្ញាធរ​ក៏​ចាប់អារម្មណ៍​ពី​សក្តានុពល​របស់​ស្វាយចន្ទី ដែល​អាច​នឹង​ពិចារណា​ពី​ការស្នើសុំ​ចុះបញ្ជី​ម៉ាក​សមូហភាព​ផងដែរ​៕LA