ភ្នំពេញៈ AHF Products ដែលជាក្រុមហ៊ុនផលិតក្តារកុងប្លាកេ និងក្តារបន្ទះមានមូលដ្ឋាននៅប្រទេសអាមេរិក នឹងពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួនទ្វេដងនៅកម្ពុជា ខណៈក្រុមហ៊ុននេះគ្រោងនឹងបិទរោងចក្រនៅក្នុងទីក្រុងស៊ាងហៃប្រទេសចិន។
ក្រុមហ៊ុន AHF Products បានប្រកាសថា រោងចក្រផលិតក្តារកុងប្លាកេ និងក្តារបន្ទះរបស់ខ្លួននៅក្នុងក្រុងព្រះសីហនុនឹងបង្កើនចង្វាក់ផលិតកម្មទ្វេដងដើម្បីបម្រើអតិថិជនអន្តរជាតិរបស់ខ្លួន។ ផែនការពង្រីកផលិតកម្មនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនគ្រោងនឹងបញ្ឈប់ការផលិតនៅទីក្រុងសៀងហៃ។ នេះបើតាមទស្សនាវដ្តី Hardwood Floors ដែលចុះផ្សាយកាលពីសប្តាហ៍មុន។
ទស្សនាវដ្តីនេះបានឲ្យដឹងថា រោងចក្រនៅទីក្រុងសៀងហៃបានទិញភាគហ៊ុនមួយផ្នែកនៃអាជីវកម្មរបស់ LM Flooring ដែលជាក្រុមហ៊ុនផលិតកម្រាលឥដ្ឋសម្រាប់ទីផ្សារនៅប្រទេសកាណាដា អឺរ៉ុប អូស្ត្រាលី និងអាស៊ី ហើយអតិថិជនរបស់ក្រុមហ៊ុន AHF Products នឹងបន្តទទួលបានសេវាកម្មពីរោងចក្រនៅកម្ពុជា។
លោក Brian Carson ប្រធាន និងនាយកប្រតិបត្តិរបស់ AHF Products បានថ្លែងថា៖ «បន្ទាប់ពីពិនិត្យយុទ្ធសាស្ត្រអាជីវកម្មឡើងវិញយើងបានសម្រេចចិត្តដ៏ពិបាកក្នុងការបិទរោងចក្រនៅទីក្រុងស៊ាងហៃ។ លោកបានបន្តថា៖ «មេដឹកនាំសំខាន់ៗមួយចំនួននឹងត្រូវផ្ទេរទៅកាន់រោងចក្រនៅប្រទេសកម្ពុជា ដើម្បីពង្រីកក្រុមការងារនៅទីនោះបន្ថែមទៀត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមហ៊ុន AHF Products ដែលបានចុះបញ្ជីនៅកម្ពុជា ជាក្រុមហ៊ុន Fine Flooring (Cambodia) Co.,Ltd បានសង់រោងចក្រលើផ្ទៃដី ៨ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៧។
លោកថ្លែងថា៖ «ការបង្កើនចង្វាក់ផលិតកម្មនឹងផ្តល់ប្រយោជន៍ដល់កំណើនសេដ្ឋកិច្ច កម្ពុជាតាមរយៈការបង់ពន្ធ និងជួយប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើន»។
យោងតាមទស្សនាវដ្តី Hardwood Floors ក្នុងរយៈពេល ១២ ខែចុងក្រោយ AHF បានបង្កើនសមត្ថភាពផលិតរបស់ខ្លួនចំនួន ៣ ដងមកហើយនៅកម្ពុជា។ ក្រុមហ៊ុនក៏មានផែនការនឹងបង្កើនសមត្ថភាពទ្វេដងបន្ថែមទៀតនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខ៕LA