ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ASEAN+3 (AMRO) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានព្យាករសេដ្ឋកិច្ចកម្ពុជាថា នឹងកើនឡើង ៤,០ ភាគរយក្នុងឆ្នាំ ២០២១ ដែលនាំមុខដោយការបង្កើនល្បឿនចាក់វ៉ាក់សាំង ការស្ទុះងើបឡើងវិញដ៏រឹងមាំផ្នែកផលិតកម្ម និងបានគាំទ្រដោយការលើកទឹកចិត្តសារពើពន្ធជាបន្តដោយរដ្ឋាភិបាល។
ការព្យាកររបស់ AMRO បានចេញផ្សាយនៅថ្ងៃទី ៦ ខែឧសភានេះ ខណៈដែលវាជាការវាយតម្លៃបឋមរបស់ខ្លួន បន្ទាប់ពីការពិភាក្សាប្រចាំឆ្នាំតាមរយៈវីដេអូជាមួយអាជ្ញាធរកម្ពុជាចាប់ពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១។
AMRO ឲ្យដឹងថា៖ «សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងត្រឡប់ទៅរកកំណើនវិជ្ជមានវិញក្នុងឆ្នាំ ២០២១ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុន។ ការកើនឡើងនៅពេលថ្មីៗក្នុងករណីការផ្ទុះជំងឺកូវីដ ១៩ ក្នុងសហគមន៍និងការបិទ
ខ្ទប់បញ្ជាក់ពីការបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ ព្រមទាំងតម្រូវការការចាក់វ៉ាក់សាំងកាន់តែរហ័ស និងការកំណត់ទិសដៅបន្ថែមនិងវិធានការគោលនយោបាយបត់បែនដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញ»។
លោកបណ្ឌិត Seung Hyun Luke Hong អ្នកឯកទេសជាន់ខ្ពស់នៅ AMRO បានឲ្យដឹងថា ទោះបីជាការរំខានដោយសារតែសកម្មភាពការរីករាលដាលជំងឺកូវីដ និងការបិទខ្ទប់នៅពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង ៤,០ ភាគរយក្នុងឆ្នាំ ២០២១ ដែលបាននាំមុខដោយការស្ទុះងើបឡើងវិញដ៏រឹងមាំផ្នែកផលិតកម្ម និងគាំទ្រដោយការលើកទឹកចិត្តសារពើពន្ធជាបន្ត។
លោកថ្លែងថា៖ «ការកើនឡើងនៅពេលថ្មីៗក្នុងករណីការផ្ទុះក្នុងសហគមន៍បញ្ជាក់ពីតម្រូវការការឆ្លើយតបដ៏រឹងមាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល និងការបង្កើនល្បឿនការចាក់វ៉ាក់សាំង ដើម្បីសម្រេចបានភាពស៊ាំក្នុងសហគមន៍»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ២៨ ខែមេសា ក៏បានព្យាករដែរថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើង ៤,០ ភាគរយនៅឆ្នាំនេះនិង ៥,៥ ភាគរយនៅឆ្នាំ ២០២២ ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗដែលជំរុញឲ្យមានតម្រូវការនាំចេញរបស់កម្ពុជា។
លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា សេដ្ឋកិច្ចបានធ្លាក់ចុះ ដក ៣,១ ភាគរយកាលពីឆ្នាំ ២០២០ ដោយសារតែវីរុសកូរ៉ូណាលើពិភពលោក ការរីករាលដាលជំងឺកូវីដ ១៩។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័សទៅនឹងការកើនឡើងករណីឆ្លងខ្លាំងនៅពេលថ្មីៗ ហើយ ADB រំពឹងថា សេដ្ឋកិច្ចនឹងត្រឡប់ទៅរកកំណើនឡើងវិញក្នុងឆ្នាំ ២០២១។
លោកស្រីថ្លែងថា៖ «ការណ៍នេះនឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនវិស័យទាំងអស់និងតំបន់នឹងទទួលបានអត្ថប្រយោជន៍ស្មើគ្នានោះទេ ដូច្នេះវានឹងមានសារៈសំខាន់ក្នុងការត្រួតពិនិត្យដោយយកចិត្តទុកដាក់លើសុខុមាលភាពគ្រួសារ និងតម្រូវការការគាំទ្របន្ថែម»។
យោងតាម ADB ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,១ ភាគរយ នៅក្នុង ២០២១ និង ៧,០ ភាគរយក្នុងឆ្នាំ ២០២២ ដោយសារតែការស្ទុះងើបឡើងវិញផ្នែកសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ ព្រមទាំងកំណើនផ្នែកផលិតកម្មធុនស្រាលផ្សេងៗទៀត ដូចជាគ្រឿងអេឡិចត្រូនិក និងកង់ជាដើម។
ចំពោះវិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង ១,៣ ភាគរយ ក្នុងឆ្នាំ ២០២១ និង ១,២ ភាគរយក្នុងឆ្នាំ ២០២២ សេវាកម្មនឹងស្ទុះងើបឡើងវិញជាបណ្ដើរៗដែលកើនឡើង ៣,៣ ភាគរយក្នុងឆ្នាំ ២០២១ និង ៦,២ ភាគរយក្នុងឆ្នាំ ២០២២។កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលក្នុងស្រុកនៃជំងឺកូវីដ ១៩ ដែលបានចាប់ផ្ដើមកាលពីខែកុម្ភៈ កំពុងធ្វើឲ្យចុះខ្សោយសកម្មភាពវិស័យសេវាកម្ម។
ការរឹតបន្តឹងការធ្វើដំណើរ ត្រូវបានរំពឹងថា នឹងរក្សានៅដដែលក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍មិនត្រូវបានរំពឹងថា នឹងជំរុញសេវាកម្មក្នុងឆ្នាំនេះទេ។ វិស័យអចលនទ្រព្យត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុន ស្របជាមួយនឹងនិន្នាការស្រដៀងគ្នាសម្រាប់ឧស្សាហកម្មសំណង់ផងដែរ។
ជាមួយគ្នានេះដែរ ARMRO បានផ្ដល់អនុសាសន៍ថា ដោយសារតែបរិយាកាសប្រកួតប្រជែង គោលនយោបាយសារពើពន្ធនៅតែមានសារៈសំខាន់ខណៈដែលការដាក់ចេញកញ្ចប់លើកទឹកចិត្តសារពើពន្ធដ៏ទូលំទូលាយ បានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ច។
ARMRO បន្តថា៖ «ដំណើរឆ្ពោះទៅមុខ វិធានការគាំទ្រសារពើពន្ធ គួរតែកាន់តែមានភាពបត់បែនបន្ថែមទៀត និងកំណត់ទិសដៅដោយសារតែការស្ទុះងើបឡើងវិញមិនស្មើគ្នាស្ទើរគ្រប់វិស័យ។ ការគាំទ្រវិបត្តិរយៈពេលខ្លី គួរតែត្រូវបានកំណត់ទិសដៅបន្ថែមទៀតនិងផ្លាស់ប្តូរជាបណ្ដើរៗឆ្ពោះទៅរកការគាំទ្រក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ និងការជួយសម្រួលការផ្លាស់ប្តូរទីតាំងឆាប់រហ័ស កម្លាំងពលកម្មនិងធនធានការងារប្រកបដោយផ្លែផ្កាទៅលើ
វិស័យជាច្រើនដែលមានសក្ដានុពលធ្វើឲ្យកំណើនរឹងមាំ»៕LA