ភ្នំពេញៈ ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ (CLV) ​បាន​ប្ដេជ្ញា​នឹង​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅតាម​ព្រំដែន ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការកសាង​ផ្សារ​ព្រំដែន និង​ការជួយ​សម្រួល​ក្នុង​ការរៀបចំ​ឯកសារ​បញ្ចេញ​ទំនិញ​ពី​គយ​។

ការសន្យា​នេះ​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​ការពិភាក្សា​គ្នា​តាមរយៈ​វីដេអូ​ខនហ្វើរ៉ិន​រវាង​លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​ជាមួយ​លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រី​ប្រទេស​វៀតណាម និង​លោក Thongloun Sisoulith នាយករដ្ឋមន្ដ្រី​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ទី​ ១០ ខែមីនា​។


នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង ៣ បាន​ឯកភាពគ្នា​បន្ត​រក្សា និង​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ដូចជា ការជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ព្រំដែន កិច្ចសហការ​បន្ថែម​ក្នុង​ការការពារ​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​រួម សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​ការឆ្លងកាត់​របស់​ប្រជាជន និង​ទំនិញ​នៅតាម​បណ្តា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​។

នាយករដ្ឋមន្ដ្រី​ប្រទេស​ទាំង​ ៣ ក៏បាន​យល់ព្រម​សហការ​បន្ថែមទៀត​ក្នុង​ការជួយ​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម ការវិនិយោគ និង​ការនាំចូល​ទំនិញ​តាមរយៈ​ច្រក​ត្រួតពិនិត្យ​តាម​ព្រំដែន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។


សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខ័ណ្ឌ​អនុតំបន់ នាយករដ្ឋមន្ត្រី​ទាំង​ ៣ បាន​ឯកភាព​ពន្លឿន​ការអនុវត្ត​ផែនការ​ការតភ្ជាប់​សេដ្ឋកិច្ច CLV ដល់​ឆ្នាំ​ ២០៣០ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​កៀរគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ​វៀងចន្ទន៍ ផ្លូវ​រថភ្លើង​វៀងចន្ទន៍​វង្សអាន និង​ផ្លូវ​រថភ្លើង​ភ្នំពេញ-ហូជីមិញ​»​។

ក្រុម​មេដឹកនាំ​ទាំង​ ៣ បាន​ប្ដេជ្ញា​ថា នឹង​បន្ត​រក្សា និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​យន្តការ​ដែល​មាន​ស្រាប់​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​អនុវត្ត​កិច្ចព្រមព្រៀង​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​តាម​ព្រំដែន​។

ជំរុញ​ការសាងសង់​ទីផ្សារ​ព្រំដែន មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ និង​ឃ្លាំង​ពាណិជ្ជកម្ម​ជួយ​សម្រួល​ការរៀបចំ​ឯកសារ​បញ្ចេញ​ទំនិញ​ពី​គយ និង​ប្រជាជន​តាម​ច្រកទ្វារ​ព្រំដែន​។ នេះ​បើតាម​កាសែត​អនឡាញ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មាន​ការសាងសង់​ «​ផ្សារ​គំរូ​» ២ ​បន្ថែមទៀត​នៅតាម​ព្រំដែន គឺ​នៅ​ខេត្តកំពត និង​ស្វាយរៀង​ (​ព្រំដែន​ជាមួយ​វៀតណាម​) ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទេ្វភាគី និង​បង្កើន​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។

ការជំរុញ​នេះ​ធ្វើឡើង​បន្ទាប់ពី​ផ្សារដា​ដែល​ជា​ផ្សារ​គំរូ​ដំបូង​គេ​ត្រូវបាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២៤ ខែ ធ្នូ ឆ្នាំ​ ២០១៩ នៅ​ខេត្ត​ត្បូងឃ្មុំ​។

បើ​យោងតាម​លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ផ្សារ​គំរូ​ខេត្ត​កំពត​នឹង​ត្រូវ​ចាប់ផ្ដើម​ការសាងសង់​ត្រឹម​ចុង​ឆ្នាំនេះ​នៅ​ជិត​ច្រកទ្វារ​ព្រំដែន-អន្តរជាតិ​ព្រែកចាក​ដែល​តភ្ជាប់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​នេះ​ជាមួយ​ខេត្ត Kien Giang របស់​ប្រទេស​វៀតណាម​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ខែ​មុន​ថា ផ្សារ​គំរូ ព្រំដែន​ទី ​២ នឹង​បើក​ឱ្យមាន​លំហូរ​ទំនិញ​ពី​កម្ពុជា​ចូលទៅ​ប្រទេស​វៀតណាម​។

លោក​ថ្លែងថា​៖ «​ផ្សារ​ទាំងនេះ​នឹង​ជំរុញ​ទីផ្សារ និង​តម្លៃ​ផលិតផល​កសិកម្ម​កម្ពុជា​ដែល​ភាគច្រើន​យើង​ផលិត​លើសពី​តម្រូវការ ហើយ​ខ្ញុំ​សង្ឃឹមថា ទីផ្សារ​ផ្សេងទៀត​នឹង​បង្កើត​នៅតាម​ព្រំដែន​កម្ពុជា ថៃ និង​កម្ពុជា ឡាវ​»​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​កាលពី​ឆ្នាំ​ ២០២០ មានតម្លៃ ៣,០២០ ​ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ ១,១ ​ភាគរយ​ធៀប​នឹង ៣,០៥៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ស្ថិតិ​ក្រសួងពាណិជ្ជកម្ម​។

កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ ៣៨៥,៧៩ ​លាន​ដុល្លារ​ទៅ​ប្រទេស​វៀតណាម​ កាលពី​ឆ្នាំ​ ២០២០ កើន​ ១៤,៨៨ ​ភាគរយ​ ធៀប​នឹង ៣៣៥,៨២ ​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០១៩ និង​នាំចូល​មានតម្លៃ ២,៦៣៤​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣,១០ ​ភាគរយ ​ធៀប​នឹង ២,៧១៨ ​ពាន់​លាន​ដុល្លារ​។

ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ២,២៤៨ ​ពាន់​លាន​ដុល្លារ​ ដែល​បង្ហាញ​ការធ្លាក់ចុះ​ជិត​ ៦ ​ភាគរយ​ ធៀប​នឹង​ ២,៣៨២ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩៕ LA