ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) កាលពី​សប្តាហ៍​មុន​បាន​ជួបពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​សហគ្រិន​ខ្មែរ​ (Khmer Enterprise) ​ក្នុង​បំណង​ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​សហការ​គ្នា​ជួយ​ធ្វើ​ទីផ្សារ និង​ការផ្សព្វផ្សាយ (Marketing and Branding) ​ពី​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ទីផ្សារ​នាំចេញ​។

លោកស្រី គឹម ស្រីរ័ត្ន អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ផ្នែក​ទីផ្សារ និង​ជំរុញ​ការនាំចេញ បាន​និយាយថា ការផ្សព្វផ្សាយ និង​ធ្វើ​ទីផ្សារ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើឱ្យ​កេរ្តិ៍ឈ្មោះ និង​គុណភាព​អង្ករ​កម្ពុជា​ត្រូវបាន​គេ​ទទួលស្គាល់​កាន់តែ​ច្រើន​។ ទោះជា​ជំនួប​លើកដំបូង ប៉ុន្តែ​វា​ជា​ភាពវិជ្ជមាន​មួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ត្រូវបាន​សហគ្រិន​ខ្មែរ​ចាប់​អារម្មណ៍​ក្នុង​ការងារ​ទីផ្សារ និង​ផ្សព្វផ្សាយ​សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​។


លោកស្រី​អះអាង​ថា​៖ «​ជា​ការងារ​បន្ត​ទៅមុខ​ជាមួយគ្នា​ទៀត សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ធ្វើជា​សំណើ​ទៅកាន់​សហគ្រិន​ខ្មែរលើ​ការងារ​ជាក់លាក់​ផ្នែក​ទីផ្សារ និង​ផ្សព្វផ្សាយ​ដោយ​ផ្តោតលើ​គោលបំណង​សំខាន់​គឺ​ពង្រីក​ទីផ្សារ​នាំចេញ ដើម្បី​បង្កើន​នូវ​កេរ្តិ៍ឈ្មោះ​ផលិតផល​ខ្មែរ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​»​។

សហគ្រិន​ខ្មែរ ជា​កម្មវិធី​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​ជួយ​ដល់​សហគ្រាស​ក្នុង​ស្រុក​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។


លោក គង់ សុភីវឌ្ឍនៈ ប្រធាន​ផ្នែក​ទីផ្សារ និង​ការវិនិយោគ​នៃ​សហគ្រិន​ខ្មែរ បាន​និយាយថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​ក្នុង​ការសហការ​គ្នា​លើ​ការពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា ដោយ​ផ្តោតលើ​ការងារ​ទីផ្សារ និង​ការងារ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបញ្ជ្រាប​អំពី​កិត្តិនាម​អង្ករ​កម្ពុជា​ប្រកប​ដោយ​គុណភាព​។

លោក​បន្ថែមថា សហគ្រិន​ខ្មែរ​កំពុង​ចាប់អារម្មណ៍​ខ្ពស់​លើ​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា ពិសេស​លើ​ការធ្វើ​ម៉ាក​សញ្ញា​អង្ករ ដែល​សហព័ន្ធ​បានធ្វើ​កន្លងមក​ «​ម៉ាក​ម្លិះ​អង្គរ​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ជំនួប​ពិភាក្សា​កាលពី​សប្តាហ៍​មុន គ្រាន់តែ​ជា​ការបើកផ្លូវ​សម្រាប់​កិច្ចប្រជុំ​នៅពេល​ខាងមុខ​តែប៉ុណ្ណោះ ដោយ​មិនទាន់​មាន​ការសម្រេច​បែប​ណា​នៅឡើយ​ទេ​៕ LA