ភ្នំពេញៈ ដោយ​​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្កើន​ការអភិវឌ្ឍ​​បរិស្ថាន​ជា លក្ខណៈ​ឧស្សាហកម្ម​បៃតង​នៅ​កម្ពុជា​ សមាគម​ឧស្សាហកម្ម​ការពារ​បរិស្ថាន​កម្ពុជា​ (EPIAC) ដែល​ទើប​នឹង​បង្កើត​ថ្មី​ ហើយ​​កាលពី​ថ្ងៃទី​ ១២ ​ខែ​វិច្ឆិកា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា​មួយ​ជាមួយ QiLu (Cambodia)- Special Economic Zone Co Ltd ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ប្រតិបត្តិករ​សួន​ឧស្សាហកម្ម​ដែល​គ្រប់គ្រង​ដោយ​​វិនិយោគិន​ជនជាតិ​ចិន​នៅ​ពី​ក្រោយ​ការវិនិយោគ​តម្លៃ​ ១ ​ពាន់​លាន​ដុល្លារ​ ដែល​ស្ថិតលើ​ផ្ទៃដី​ទំហំ ៤៥០​​​ ហិកតា​នៅ​ខេត្ត​ស្វាយរៀង​នឹងកែប្រែ​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ជា​តំបន់​ឧស្សាហកម្ម​បៃតង​ដំបូង​គេ​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​ម្ចាស់​តំបន់​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត​អនុវត្តតាម​។

ស្ថិត​នៅ​ដំណាក់កាល​អភិវឌ្ឍន៍​ដំបូង​នេះ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត-ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​​លោក Choon Yik Thong អនុប្រធាន​ប្រតិបត្តិ ​EPIAC ​ដោយ​អ្នក​ទាំង ២ ​នឹង​​ពិភាក្សា​អំពី​តួនាទី​របស់​សមាគម​នេះ​ថា តើ​អ្វី​ដែលសមាគម​​នឹង​ត្រូវ​រួមចំណែក​ក្នុង​ការបង្កើត​តំបន់​ឧស្សាហកម្ម​បៃតង​នៅ​កម្ពុជា​៖​


ហេតុអ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​បង្កើត​​សមាគម​នេះ?

គោលបំណង​របស់​សមាគម​ឧស្សាហកម្ម​ការពារ​បរិស្ថាន​កម្ពុជា​នឹង​ធានា​ក្នុង​ការការពារ​បរិស្ថាន​នៅ​កម្ពុជា​ក៏​ដូចជា​ចូលរួម​ក្នុង​ការកាត់​បន្ថយ​ការបំពុល​បរិយាកាស​។​ យើង​នឹង​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការបង្កើត​ផែនការអភិវឌ្ឍន៍​ឧស្សាហកម្ម​ការពារ​បរិស្ថាន​ជាតិ​ គោល​នយោបាយ​សេដ្ឋកិច្ច ​និង​បច្ចេកទេស​ភាពជាក់លាក់​នៃ​បច្ចេកទេស​វិស្វកម្ម​បរិស្ថាន​ ស្ដង់ដា​ផលិតផល​បរិស្ថាន​ និង​ស្ដង់ដា​បច្ចេកទេស​ឧស្សាហកម្ម​ការពារ​បរិស្ថាន​។


យើង​ក៏​បង្កើត​តួនាទី​សម្រាប់​ឧស្សាហកម្ម​ការពារ​បរិស្ថាន​ គ្រប់គ្រង​លើ​ឥរិយាបថ​សមាជិក​សាជីវកម្ម​ និង​បង្កើត​យន្តការ​ដាក់​វិន័យ​ដោយ​ខ្លួនឯង​ សម្រាប់​ឧស្សាហកម្ម​ការពារ​បរិស្ថាន​ ដើម្បី​កែលម្អ​គុណភាព​ជារួម​នៃ​ឧស្សាហកម្ម​ និង​ថែរក្សា​មុខមាត់​លើ​ឆាក​អន្តរជាតិ​នៃ​បរិស្ថាន​នៃ​ការវិនិយោគ​របស់​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​ចូលរួម​ចំណែក​លើក​កម្ពស់​ស្ដង់ដា​ខ្ពស់​បំផុត​​របស់​ឧស្សាហកម្ម​បរិស្ថាន​នៅ​កម្ពុជា​ និង​កែ​លម្អ​គុណភាព​សេវាកម្ម​ដែល​ធ្វើ​តាម​បញ្ជា​អ្នក​ទិញ​ ជាពិសេស​ការបណ្ដុះ​បណ្ដាល​ និង​ការផ្សាយ​ជា​សាធារណៈ​ផ្នែក​បច្ចេកវិទ្យា​ការពារ​បរិស្ថាន​។​ យើង​ក៏​នឹង​រៀបចំ​ការផ្លាស់ប្តូរ​ និង​សហប្រតិបត្តិការ​បច្ចេកទេស​ឧស្សាហកម្ម​ក្នុង​ស្រុក​ និង​អន្តរជាតិ​ព្រមទាំង​រៀបចំ​ពិព័រណ៍​សេចក្ដី​ប្រកាស​ព័ត៌មាន​ និង​ការចេញ​ផ្សាយ​ឯកសារ​បទដ្ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ស្រប​តាម​តម្រូវការ​ទីផ្សារ​ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​​ដែល​រីកចម្រើន​នេះ​។

លើស​ពីនេះ​ទៅ​ទៀត​ យើង​លើក​កម្ពស់​ការអនុវត្ត​បច្ចេកវិទ្យា​ចង្វាក់​ឧស្សាហកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​សួន​ឧស្សាហកម្ម​ដែល​រួមមាន​ការផ្គត់ផ្គង់​ទឹក ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ការប្រើប្រាស់​ទឹក​កែច្នៃ​ឡើង​វិញ​ កម្ដៅ ការផលិត​ថាមពល​ស្អាត (​ថាមពល​សូឡា ចំហាយទឹក​ ។ ​ល។​) ប្រព្រឹត្តិកម្ម​កាកសំណល់​រឹង​ដែល​គ្រោះថ្នាក់​ ។ល។ ​សម្រប​សម្រួល​ ទំនាក់ទំនង​រវាង​សមាជិក​ ការពារ​ផលប្រយោជន៍​របស់​សមាជិក​​ និង​លើក​កម្ពស់​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​នៅក្នុង​ឧស្សាហកម្ម​ការពារ​បរិស្ថាន​។

តើ​សមាគម​របស់​លោក​អាច​ជួយ​បង្កើត​វិស័យ​ផលិតកម្ម​បៃតង​នៅ​ទី​នេះ​បាន​ដូចម្ដេច​?

គោលបំណង​របស់​សមាគម​នេះ​នឹង​បង្រួប​បង្រួម​បុគ្គល​វិនិយោគ សហគ្រាស​ ក្រុម​ផ្សេងៗ​នៅ​ក្នុង​សង្គម និង​សមាគម​នានា​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​រួម​គ្នា​លើក​កម្ពស់​ការ​អភិវឌ្ឍ​នៃ​បុព្វហេតុ​ការពារ​បរិស្ថាន​របស់​កម្ពុជា​ ដើម្បី​តភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល ​និង​សហគ្រាស​ ដោយ​ធ្វើការ​អនុវត្ត​យ៉ាង​សកម្មកិច្ច​សហប្រតិបត្តិការអន្តរជាតិ ​និង​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយ​គ្រឹះស្ថាន​ឧស្សាហកម្ម​នៅ​ប្រទេស​ជិតខាង​នានា ​និង​ប្រកាន់​ខ្ជាប់​ស្ដងដា​វិជ្ជាជីវៈ​ខ្ពស់​បំផុត​នៅ​ពេល​ផ្ដល់​សេវា​ការពារ​បរិស្ថាន​រួម​បញ្ចូល​គ្នា​ និង​ការផ្តល់​ដំណោះស្រាយ​សម្រាប់​ឧស្សាហកម្ម​ ដើម្បី​សម្រេច​បាន​​ការការពារ​បរិស្ថាន​កាន់តែ​ប្រសើរ​​ និង​សម្រេច​បាន​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​។

យើង​ក៏​ដើរតួ​ក្នុង​ការណែនាំ​ការផ្សព្វផ្សាយ ​និង​ការអនុវត្ត​បច្ចេកវិទ្យា​បរិស្ថាន​​ជឿនលឿន​ពី​បរទេស​ដោយ​អនុលោម​​ទៅ​តាម​ការយល់​ព្រម​ពី​នាយកដ្ឋាន​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​ និង​រៀបចំ​ការអនុវត្ត​ ការវាយ​តម្លៃ​បច្ចេកទេស​នៅក្នុង​វិស័យ​ឧស្សាហកម្ម​។

យើង​គឺជា​សមាគម​ដែល​មាន​វិជ្ជាជីវៈ​ផ្ដោត​លើ​ការ​សម្របសម្រួល​ការអភិវឌ្ឍ​ឧស្សាហកម្ម​ការពារ​បរិស្ថាន ដើម្បី​ធានា​បាន​ការ​បន្ត​ឧស្សាហូបនីយកម្ម​នៅ​កម្ពុជា​។

តើ​លោក​កំពុង​ធ្វើការងារ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ណា​ខ្លះ ​និង​ពី​វិស័យ​ណា​នាពេល​បច្ចុប្បន្ន​នេះ​?

យើង​កំពុង​ធ្វើ​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដូចជា​ក្រសួង​បរិស្ថាន សមាគម​ឧស្សាហកម្ម​ផ្សេងៗ​ទៀត រួមមាន សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​សមាគម​រោងចក្រ​ស្បែក​ជើង​កម្ពុជា​ (CFA)​ ។ល។​ ចំណែកឯ​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ​ យើង​កំពុង​ធ្វើ​ការងារ​ជាមួយ​អ្នក​បញ្ជា​ទិញ​នៃ​វិស័យ​កាត់ដេរ​ល្បីៗ​ឈ្មោះ នៅលើ​ពិភពលោក​មួយ​ចំនួន​ អង្គការ​មិនមែន​​រដ្ឋាភិបាល ​(NGOs) ឬ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នានា​ និង​នាយកដ្ឋាន​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ផ្សេង​ដែរ​។

លើសពី​នេះ​ទៅ​ទៀត​យើង​កំពុង​រៀបចំ​បង្កើត​បទប្បញ្ញត្តិ​សមស្រប​ទៅ​តាម​បរិបទ​នៃ​ប្រទេស​កម្ពុជា​ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា​អំពី​ការថែរក្សា​បរិស្ថាន​ពី​វិស័យ​ឧស្សាហកម្ម​ដល់​សមាជិក​ព្រម​ទាំង​សាធារណជន​ទូទៅ​ និង​អនុវត្ត​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​ចាំបាច់​។

ក្រៅពី​នេះ​យើង​ក៏​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​តំបន់​ ឬសួន​ឧស្សាហកម្ម រោងចក្រ​ ឬ​ក្រុមហ៊ុន​លក្ខណៈ​បុគ្គល ​ដើម្បី​ផ្ដល់​ជា​ជំនួយ​ដែល​ពាក់ព័ន្ធ​នានា​​ក្នុង​ការធានា​ថា ពួកគេ​អនុវត្ត​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ ដោយ​អនុលោម​តាម​បទបញ្ជា ​និង​បទប្បញ្ញត្តិ​នានា​របស់​រដ្ឋាភិបាល​ដែល​បាន​បង្កើតឡើង និង​ដាក់​ចេញ​ឲ្យ​អនុវត្ត​៕ LA