ភ្នំពេញ: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចពន្យារពេលនៃការបង់កម្រៃអាជ្ញាប័ណ្ណជើងសាគយចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដល់វិស័យភ័ស្តុភារកម្មកម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយសារការបន្តរីករាលដាលជំងឺកូវីដ ១៩ បន្ទាប់ពីការស្នើសុំរបស់វិស័យឯកជនដែលធ្លាក់ចុះប្រាក់ចំណូលដោយសារវិបត្តិកូវីដ ១៩។
លិខិតចុះហត្ថលេខាដោយលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី ១៣ សីហា ដែលកាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃចន្ទបានបង្ហាញថា ការសម្រេចលើកលែងកម្រៃអាជ្ញាប័ណ្ណជើងសាគយឆ្នាំ ២០១៩ និង ២០២០ គឺឆ្លើយតបតាមសំណើរបស់សមាគមភ័ស្តុភារកម្មកម្ពុជា។
លិខិតនេះបានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានតម្រូវឱ្យ លោក លោកស្រីជារូបវន្តបុគ្គល និងនីតិបុគ្គលជើងសាគយដែលកំពុងប្រកបអាជីវកម្មបំពេញបែបបទបញ្ចេញទំនិញពីគយត្រូវបង់កម្រៃអាជ្ញាប័ណ្ណជើងសាគយឆ្នាំ ២០២១ ឱ្យបានមុនដំណាច់ឆ្នាំ ២០២០។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) ដែលមានសមាជិក ១២០ ក្រុមហ៊ុនបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃចន្ទថា លោកបានដាក់សំណើនេះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំនេះ បន្ទាប់ពីមើលឃើញពីផលប៉ះពាល់បណ្តាលមកពីការរីករាលដាល ជំងឺកូវីដ១៩លើដំណើរការប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មជាអន្តរជាតិ។
លោកឱ្យដឹងថា អ្នកប្រកបអាជីវកម្មជើងសាគយដែលកំពុងប្រតិបត្តិការបំពេញបែបបទបញ្ចេញទំនិញពីគយត្រូវបង់កម្រៃអាជ្ញាប័ណ្ណជើងសាគយចំនួន ៥០០ ដុល្លារក្នុង ១ ឆ្នាំសម្រាប់ ១ អាជ្ញាប័ណ្ណ ក៏កំពុងតែទទួលរងផលប៉ះពាល់ពីវិបត្តិសុខភាពនេះ។
លោកថ្លែងថា៖ «យើងសប្បាយរីករាយណាស់ និងសូមថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានសម្រេចលើកលែងការបង់កម្រៃអាជ្ញាប័ណ្ណជើងសាគយ ព្រោះយើងកំពុងជួបបញ្ហាកង្វះខាត [ធ្លាក់ចំណូលរបស់ក្រុមហ៊ុន] ដែលជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩»។
សព្វថ្ងៃ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីអាជ្ញាប័ណ្ណជើងសាគយបានចំនួនជិត ៥០០ អាជ្ញាប័ណ្ណ។ នេះបើតាមលោក ចន្ធី។
យោងតាមទិន្នន័យពី GDCE ដែលចេញផ្សាយកាលពីថ្ងៃពុធ អគ្គនាយកដ្ឋានប្រមូលចំណូលពន្ធបានជាង ១,២៧ ពាន់លានដុល្លារនៅឆមាសទី ១ ធ្លាក់ចុះ ១៦,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ១,៥១៧ ពាន់លានដុល្លារ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាធ្លាប់បានលើកឡើងក្នុងពេលកន្លងមកថា ការធ្លាក់ចុះប្រាក់ចំណូលពន្ធគយគឺដោយសារការធ្លាក់ចុះប្រាក់ចំណូលពន្ធពីមុខទំនិញយានយន្តដែលមាន ៣១,៧ ភាគរយ គ្រឿងសំណង់ ធ្លាក់ ២៨,២ ភាគរយ ប៉ុន្តែប្រាក់ចំណូលពន្ធបានពីប្រេងឥន្ធនៈកើនឡើង ៥,៥ ភាគរយ និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣,១ ភាគរយ។
លោកថ្លែងថា៖ «ការនាំចូលមុខទំនិញយានយន្តដែលជាប្រភពចំណូលគយសំខាន់សម្រាប់ GDCE បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ»។
លោកបានពន្យល់ថា ការធ្លាក់ចុះចំណូលពេលនេះព្រោះទំហំពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះដោយនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះ ការនាំចូលទំនិញបានធ្លាក់ចុះ ៩,៤ ភាគរយ ខណៈតម្លៃនាំចេញធ្លាក់ចុះ ០,៧ ភាគរយ ក្នុងចំណោមនោះតម្លៃនាំចេញផលិតផលកាត់ដេរបានធ្លាក់ចុះ ៧,៥ ភាគរយ ប៉ុន្តែតម្លៃផលិតផលស្រូវអង្ករ កៅស៊ូ និងកសិផលផ្សេងទៀតសរុបកើនឡើង ១៤,៥ ភាគរយ។
កាលពីឆ្នាំមុន កម្ពុជាប្រមូលពន្ធបានប្រហែល ៦ ពាន់លានដុល្លារកើនឡើងជាង ១,៤៨ ពាន់លានដុល្លារនៃផែនការ។ ក្នុងចំណោមតួលេខនេះគឺចំនួន ២,២៦ ពាន់លានដុល្លារត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងចំនួន ២,៣ ពាន់លានដុល្លារ ត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ៕ LA