ភ្នំពេញៈ ក្រុមហ៊ុន LOLC Holdings Plc ដែលជាក្រុមហ៊ុនចុះបញ្ជីធំទី ២ នៅផ្សារហ៊ុនរបស់ប្រទេសស្រីលង្កា គ្រោងនឹងលក់ភាគហ៊ុន ៧០ ភាគរយ របស់ខ្លួននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ នេះបើយោងតាមអនុប្រធានរបស់ក្រុមហ៊ុន LOLC។
លោក Ishara Nanayakkara អនុប្រធានក្រុមហ៊ុន LOLC បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុន LOLC Holdings គ្រោងនឹងលក់ភាគហ៊ុនរបស់ខ្លួនក្នុងអង្គភាពអាជីវកម្មមួយនៅកម្ពុជា និងប្រើប្រាស់ប្រាក់នេះដើម្បីផ្ដល់ហិរញ្ញប្បទានដល់ការទិញក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុនានានៅក្នុងទីផ្សារកំពុងស្ទុះងើបខ្លាំងក្នុងប្រទេសនានារាប់ចាប់ពីប្រេស៊ីលរហូតដល់ឥណ្ឌា។
លោកកត់សម្គាល់ថា ក្រុមហ៊ុន LOLC នឹងលក់ភាគហ៊ុន ៧០ ភាគរយ របស់ខ្លួននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលធនាគារ Bank of East Asia Ltd របស់ក្រុងហុងកុងក៏ជាភាគទុនិកមួយរបស់គ្រឹះស្ថាននេះផងដែរ។
លោក Nanayakkara វ័យ ៤៦ ឆ្នាំ បានឲ្យដឹងក្នុងបទសម្ភាសមួយនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន LOLC នៅទីក្រុងកូឡំបូថា៖ «វាធំខ្លាំងក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ខ្ញុំគិតថា ប្រាសាក់ត្រូវប្រែក្លាយទៅជាធនាគារមួយ»។
លោកបន្តថា ប្រាក់ចំណេញពីមូលធនវិនិយោគ ៣០ ភាគរយរបស់ក្រុមហ៊ុននៅកម្ពុជាដែលមានសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លារខ្លាំងធ្វើឲ្យវាមានការទាក់ទាញ។
លោក សាយ សូនី អនុប្រធានជាន់ខ្ពស់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានបដិសេធអត្ថាធិប្បាយ។
លោកថ្លែងថា៖ «ខ្ញុំមិនអាចអត្ថាធិប្បាយលើបញ្ហានេះបានទេ ដោយសារតែខ្ញុំមិនមានព័ត៌មានណាមួយនៅឡើយ»។
គិតនៅត្រឹមចុងឆ្នាំ ២០១៨ ទ្រព្យសកម្មរបស់ប្រាសាក់សរុបមានចំនួន ២,៣៧ ពាន់លានដុល្លារ។ កម្ចីមានចំនួន ១,៩៦ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើបានកើនឡើងសរុបដល់ ១,២៩ ពាន់លានដុល្លារ។ កាលពីចុងឆ្នាំមុន ប្រាសាក់បានដំឡើងម៉ាស៊ីន អេធីអឹម ជាង ១២៦ គ្រឿង ម៉ាស៊ីនឆូតកាត ៤៩៨ គ្រឿង និងមានអ្នកប្រើប្រាស់ធនាគារចល័ត ១១ ២០០ នាក់។
លោក ប៊ុន មុនី អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា វាមិនមែនជាផលប៉ះពាល់អវិជ្ជមានដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ។ លោកបានបញ្ជាក់ថា វានឹងទាក់ទាញក្រុមវិនិយោគិនផ្សេងទៀតឲ្យចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោកបន្ថែមថា៖ «វាជារឿងធម្មតាថា ភាគទុនិកចង់ដកភាគហ៊ុនរបស់ពួកគេ និងវិនិយោគលើគម្រោងផ្សេងទៀត។ ដូចករណីនេះ ខ្ញុំមិនមើលឃើញថា វាមានផលប៉ះពាល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) នោះទេ ព្រមទាំងប្រាសាក់ផងដែរ»។ លោកបន្តថា៖ «ខ្ញុំជឿជាក់ថា ភាគទុនិកថ្មីនឹងប្ដេជ្ញាចិត្តក្នុងការធ្វើឲ្យវាមានកំណើនក្នុងគ្រឹះស្ថានរបស់ពួកគេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគឺនៅតែទទួលបានអត្ថប្រយោជន៍ពីវា»។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg សម្រាប់លោក Nanayakkara ដែលដំណើរការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២ នៅកម្ពុជានោះ ការលក់ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូធំជាងគេរបស់កម្ពុជានឹងជួយកាត់បន្ថយហានិភ័យ ដោយសារតែទីផ្សារនេះចង្អៀតហើយ។
MFI ដែលចុះបញ្ជីជាង ៧០ ប្រកួតប្រជែងអាជីវកម្មនៅក្នុងប្រទេសមួយដែលមានប្រជាជន ១៦ លាននាក់។ កម្ពុជាមានកម្ចីជាមធ្យម ៣ ៣៧០ ដុល្លារ ក្នុងអ្នកខ្ចីម្នាក់។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីដើមឆ្នាំនេះ។
លោក Sanjay Sinha នាយកគ្រប់គ្រងក្រុមហ៊ុន Micro-Credit Ratings International មានមូលដ្ឋាននៅទីក្រុង Gurgaon ប្រទេសឥណ្ឌាឲ្យដឹងថា «មិនមានវិសាលភាពច្រើនទេ» សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីកខ្លួននៅកម្ពុជា។ លោកថ្លែងថា៖ «ទំហំកម្ចីកំពុងកើនឡើង។ ជាលទ្ធផល ផលបត្រកំពុងកើនឡើងដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដោយសារតែបំណុលវ័ណ្ឌក»។
សេចក្តីរាយការណ៍នេះបានដកស្រង់សម្តីរបស់លោក Nanayakkara ខណៈលោកថ្លែងថា នៅឆ្នាំក្រោយក្រុមហ៊ុន LOLC ដែលប្រហែល ៨៤ ភាគរយនៃប្រាក់ចំណូលមុនបង់ពន្ធរបស់ខ្លួនទទួលបានពីបរទេស គ្រោងនឹងពង្រីកអាជីវកម្មទៅកាន់ប្រទេសអ៊ូហ្គង់ដា កេនយ៉ា តង់សានី ហ្ស៊ីមបាវ៉េ និងម៉ូហ្សំប៊ិក។ លោកបន្ថែមថា ក្រុមហ៊ុនជិតបញ្ចប់ការទិញក្រុមហ៊ុនមួយនៅរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌាផងដែរ ហើយកំពុងស្វែងរកឱកាសនៅក្នុងប្រទេសប្រេស៊ីល។
លោក Nanayakkara បញ្ជាក់ថា៖ «អ្វីដែលយើងកំពុងព្យាយាមក្នុងការបង្កើតគឺវេទិកាហិរញ្ញវត្ថុខ្នាតតូចឈានមុខគេរបស់ពិភពលោក»៕ LA