ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc នឹងក្លាយជាស្ថាប័នទី២ ដែលបោះផ្សាយលក់សញ្ញាប័ណ្ណ ឬមូលបត្របំណុល នៅកម្ពុជា បន្ទាប់ពីបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសុក្រមុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះកាលពីថ្ងៃចន្ទ។
ខុសគ្នាបន្តិចពីសញ្ញាប័ណ្ណដែលបោះផ្សាយដោយក្រុមហ៊ុនមុន សញ្ញាប័ណ្ណបំណុលរបស់ក្រុមហ៊ុន LOLC នឹង ផ្ដល់ដល់ក្រុមវិនិយោគិននៅជម្រើស២ គឺវិនិយោគិនអាចទិញសញ្ញាប័ណ្ណ ដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ និងសញ្ញាប័ណ្ណធម្មតា ដែលមិនមានធានាហានិភ័យអត្រាប្តូរប្រាក់។ ក្រុមហ៊ុនបោះផ្សាយទី១ មានតែសញ្ញាប័ណ្ណមិនមានធានាហានិភ័យអត្រាប្តូរប្រាក់ប៉ុណ្ណោះ។
ក្រុមហ៊ុន LOLC គ្រោងនឹងប្រមូលដើមទុនពីការបោះផ្សាយសញ្ញាប័ណ្ណចំនួន ៨០ ពាន់លានរៀល (២០ លានដុល្លារ) តាមរយៈការលក់សញ្ញាប័ណ្ណរបស់ខ្លួនលើកដំបូងនៅលើផ្សារមូលបត្រកម្ពុជា។ មូលបត្របំណុលនេះនឹងមានរយៈពេល ៣ ឆ្នាំ ហើយអត្រាការប្រាក់ពីសញ្ញាប័ណ្ណនេះនឹងសម្រេចបន្ទាប់ពីដំណាក់កាលបរិវិសកម្ម។
លោក សុខ វឿន អគ្គនាយក LOLC បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា៖ «យើងរីករាយយ៉ាងខ្លាំង ដែលយើងបានទទួលការយល់ព្រមលើការចេញលក់សញ្ញាប័ណ្ណលើកដំបូងនេះពីធនាគារជាតិ ដែលយើងអាចបង្ហាញផលិតផលថ្មី សញ្ញាប័ណ្ណដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ដល់ទីផ្សារនេះ»។
លោកបានបន្តថា៖ «ការធ្វើពិពិធកម្មប្រភពដើមទុនរបស់យើង ជាពិសេសដើមទុនដែលមានរយៈពេលវែង នឹងធានាកំណើនរបស់គ្រឹះស្ថានរបស់យើងនាពេលខាងមុខព្រមទាំងកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់យើងផងដែរ»។
បន្ទាប់ពីការទទួលបានការយល់ព្រមពីធនាគារជាតិ LOLC នឹងដាក់ពាក្យសុំការពិនិត្យឡើងវិញនូវសិទ្ធិចុះបញ្ជី ទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងបែបបទពាក្យសុំសម្រាប់ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង និងមូលបត្របំណុល ការបង្ហាញឯកសារ និងឯកសារពាក់ព័ន្ធទៅកាន់គណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីទទួលបានការយល់ព្រម។
កាលបរិច្ឆេទការចុះបញ្ជីសម្រាប់មូលបត្របំណុលនេះ ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅចុងខែមីនា។
សេចក្ដីប្រកាសព័ត៌មានរបស់ LOLC បង្ហាញថា សញ្ញាប័ណ្ណ ដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ និងសញ្ញាប័ណ្ណធម្មតា ដែលមិនមានធានាហានិភ័យអត្រាប្តូរប្រាក់នឹងចូលរួមជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលនៃការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយសារតែវាគិតជាប្រាក់រៀលខ្មែរ និងការទូទាត់អត្រាការប្រាក់របស់សញ្ញាប័ណ្ណនេះក៏ត្រូវបានធ្វើឡើងជាប្រាក់រៀលខ្មែរផងដែរ។
លោក KT Han នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Yuanta Securities ដែលជាអ្នកពិគ្រោះយោបល់ និងជាភ្នាក់ងារធានាទិញមូលបត្ររបស់ក្រុមហ៊ុន LOLC សម្រាប់គម្រោងមូលបត្របំណុលនេះបានឲ្យដឹងថា សញ្ញាប័ណ្ណនេះត្រូវបានគេដាក់បញ្ជាទិញលើសពីទំហំបោះផ្សាយរួចទៅហើយ។
លោកថ្លែងថា៖ «យើងជឿជាក់ថាសញ្ញាប័ណ្ណដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ជាផលិតផលមានប្រយោជន៍ដ៏ពិសេសមួយសម្រាប់ប្រទេស កម្ពុជា នៅក្នុងអំឡុងពេលអន្តរកាលនេះ ដោយហេតុថា ទីផ្សារនេះនឹងសម្រេចបានទិសដៅ ២ គឺការលើកកម្ពស់ប្រាក់រៀលខ្មែរ និងការទាក់ទាញប្រាក់រៀលខ្មែរ និងក្រុមវិនិយោគិនជាប្រាក់ដុល្លារ ទៅទីផ្សារមូលធនក្នុងស្រុក»។
លោក Ha Jong Weon ប្រធានផ្នែកប្រតិបត្តិការរបស់ CSX បានឲ្យដឹងថា ព័ត៌មានស្តីពីការបោះផ្សាយមូលបត្របំណុលរបស់ក្រុមហ៊ុនទី២ នេះ ជាសញ្ញាដ៏ល្អមួយក្នុងការធ្វើពិពិធកម្មប្រភពមូលនិធិ ក្នុងចំណោមក្រុមហ៊ុនរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលខ្លី យ៉ាងហោចណាស់នៅឆ្នាំនេះ គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនចង់បោះផ្សាយលក់មូលបត្របំណុល ដោយសារតែការរួចពន្ធ [រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត]»។
លោកបន្តថា៖ «ក្នុងរយៈពេលវែង ពួកគេអាចនឹងចង់លក់ហ៊ុនតាមរយៈទីផ្សារមូលបត្រ ដើម្បីសន្សំការចំណាយលើថ្លៃដើម ជាមួយនឹងការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ»៕LA