ភ្នំពេញៈ គម្រោងបោះផ្សាយលក់មូលបត្របំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc អាចនឹងត្រូវពន្យារដល់ចុងខែមេសាខាងមុខ ខណៈក្រុមហ៊ុនទើបទទួលបានការអនុញ្ញាត ២ ក្នុងចំណោមការអនុញ្ញាត ៣ ដំណាក់កាលដែលត្រូវឆ្លងកាត់។ នេះបើយោងតាមតំណាងក្រុមហ៊ុនធានាទិញមូលបត្របំណុលរបស់ LOLC។
នៅពេលដែល LOLC ទើបបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) កាលពីខែកុម្ភៈ ក្រុមហ៊ុនរំពឹងថានឹងអាចបោះផ្សាយមូលបត្របំណុលរបស់ខ្លួនជាលើកដំបូងនៅចុងខែមីនានេះ។
ដើម្បីអាចឈានដល់ការបោះផ្សាយលក់មូលបត្របំណុល ក្រុមហ៊ុនហិរញ្ញវត្ថុដូចជាគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុត្រូវទទួលបានលិខិតមិនជំទាស់ពី NBC ជាមុនសិន ហើយត្រូវឆ្លងកាត់នីតិវិធីធម្មតាក្នុងវិស័យមូលបត្រទៀតគឺ ផ្សារមូលបត្រកម្ពុជា (CSX) និងគណៈកម្មការមូលបត្រកម្ពុជា (SECC)។
កាលពីថ្ងៃទី ២១ មីនា CSX បានឯកភាពលើពាក្យស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុលរបស់ LOLC ដែលធ្វើឲ្យគម្រោងនេះរង់ចាំតែការអនុម័តរបស់ SECC មួយទៀតតែប៉ុណ្ណោះ។
លោក ស៊ឹម តារា ប្រធានផ្នែកស្រាវជ្រាវក្រុមហ៊ុន Yuanta Securitie ដែលជាក្រុមហ៊ុនប្រឹក្សា និងធានាទិញមូលបត្របំណុលរបស់ LOLC បានលើកឡើងថា ក្រុមហ៊ុនបានបំពេញតាមលក្ខខណ្ឌតម្រូវស្ទើររួចរាល់គិតមកទល់ពេលនេះ ហើយរំពឹងថា SECC នឹងផ្តល់ការអនុម័តនៅដើមខែមេសាខាងមុខ។ លោកបន្តថា ការធ្វើបរិវិសកម្មទៅលើមូលបត្របំណុលនេះអាចនឹងធ្វើឡើងនៅចុងខែមេសា។
លោកបន្តថា៖ «យើងមានវិនិយោគិនគ្រប់គ្រាន់នៅក្នុងដៃរួចហើយដែលរង់ចាំទិញបណ្ណបំណុលរបស់ LOLC។ ភាគច្រើនពួកគាត់សុទ្ធសឹងជាវិនិយោគិនស្ថាប័ននៅក្នុងប្រទេស»។
ពេល LOLC នឹងបោះផ្សាយបណ្ណបំណុលនៅខែក្រោយ វានឹងក្លាយជាមូលបត្របំណុលទី២ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាបន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលបានបោះផ្សាយដំបូងគេកាលពីចុងឆ្នាំ ២០១៨។ ខុសពីមូលបត្របំណុលមុនបន្តិច មូលបត្របំណុលរបស់ LOLC នឹងផ្ដល់ដល់ក្រុមវិនិយោគិននូវជម្រើស ២ គឺវិនិយោគិនអាចទិញសញ្ញាបណ្ណដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ក៏បាន និងសញ្ញាបណ្ណធម្មតា ដែលមិនមានធានាហានិភ័យអត្រាប្តូរប្រាក់ក៏បាន។
ក្រុមហ៊ុនបោះផ្សាយរបស់ហត្ថាកសិករមានតែសញ្ញាបណ្ណមិនមានធានាហានិភ័យអត្រាប្តូរប្រាក់ប៉ុណ្ណោះ។
ក្រុមហ៊ុន LOLC គ្រោងនឹងប្រមូលដើមទុនពីការបោះផ្សាយសញ្ញាបណ្ណចំនួន ៨០ ពាន់លានរៀល (២០ លានដុល្លារ) តាមរយៈការលក់សញ្ញាបណ្ណរបស់ខ្លួនលើកដំបូងនៅលើផ្សារមូលបត្រកម្ពុជា។
មូលបត្របំណុលនេះនឹងមានរយៈពេលរហូតដល់ ៣ ឆ្នាំ ហើយអត្រាការប្រាក់ពីសញ្ញាបណ្ណនេះនឹងសម្រេចបន្ទាប់ពីដំណាក់កាលបរិវិសកម្ម។
កាលពីហត្ថាកសិករបានបោះផ្សាយលក់មូលបត្របំណុលដោយជោគជ័យកាលពីចុងឆ្នាំមុន ក្រុមហ៊ុនបានលក់មូលបត្របំណុលសរុប ១,២ លានប័ណ្ណទៅឲ្យវិនិយោគិនជាស្ថាប័ន ហើយមានចរិតតម្លៃ ១០ ម៉ឺនរៀលក្នុងមួយប័ណ្ណ។ អត្រាការប្រាក់ប្រចាំឆ្នាំគឺមានរហូត ដល់ ៨,៥ ភាគរយក្នុង ១ ឆ្នាំ ក្នុងអាយុកាល ៣ ឆ្នាំ៕