ភ្នំពេញ: ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏មានសក្តានុពលក្នុងវិស័យជាច្រើនបានបង្ហាញផែនការបោះទុនសរុប ២,៥ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍកោះនរាទៅជាទីក្រុងរណបថ្មីមួយទៀតស្ថិតនៅជាប់ទន្លេចតុមុខ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្របពេលក្រុមហ៊ុនកំពុងដំណើរការកសាងស្ពានចំនួន ២ ខ្សែតភ្ជាប់តំបន់កោះអភិវឌ្ឍន៍នេះទៅផ្លូវជាតិលេខ ១ និងទៅទីក្រុងរណបកោះពេជ្រនៅដើមទន្លេបាសាក់នោះ។
ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ស្ពានទាំង ២ ខ្សែ ដែលមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទលោក ពុង ឃាវសែ អគ្គនាយក និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC បានថ្លែងថាក្រុមហ៊ុន OCIC មានផែនការចំណាយថវិកាសរុប ២,៥ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ក្រុងរណបថ្មីនេះលើទំហំ ១២៥ ហិកតា ដោយក្នុងនោះទុនវិនិយោគជិត ៥៥០ លានដុល្លារ នឹងត្រូវចំណាយលើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ននៅកោះនេះដែលមនុស្សប្រមាណ ៥ ម៉ឺននាក់អាចរស់នៅបាន។
លោក ពុង ឃាវសែ ថ្លែងថា៖ «គម្រោងអភិវឌ្ឍន៍កោះនរានេះនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនដល់ប្រទេសជាតិយើង។ ជាពិសេសក្នុងកាលៈទេសៈនៃស្ថានភាពលំបាកនៃផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលមានវិបត្តិជំងឺសុខភាពជាសកល ដែលកម្ពុជាកំពុងត្រូវការគម្រោងវិនិយោគបន្ថែមជាច្រើនដើម្បីទ្រទ្រង់សេដ្ឋកិច្ចឱ្យបានរឹងមាំ»។
លោក ឃាវសែ ថ្លែងបន្តថា ក្រុមហ៊ុននឹងត្រូវចំណាយ ៣៩,៦ លានដុល្លារ លើគម្រោងសាងសង់ស្ពានចំនួន ២ ខ្សែ ដែលបើកការដ្ឋាននាពេលនេះ ដោយក្នុងនោះស្ពានទី ១ ជាប្រភេទស្ពានបេតុងយោងខ្សែកាបតភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរាមានបណ្តោយ ៦០ ម៉ែត្រ និងទទឹង ២១ ម៉ែត្រនឹងត្រូវចំណាយថវិកាសាងសង់ចំនួន ១,៦ លានដុល្លារ ដោយប្រើពេលសាងសង់ ១២ ខែ។
លោកបន្ថែមថាស្ពានទី ២ គឺជាប្រភេទស្ពានបេតុងខ្សែកាបតភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រមានប្រវែង ៨២៤ ម៉ែត្រ និងទទឹង ២៤,៥ ម៉ែត្រ និងគ្រោងនឹងចំណាយថវិកាសាងសង់ចំនួន ៣៨ លានដុល្លារដោយត្រូវប្រើពេលសាងសង់ ៣៥ ខែ។
គិតចាប់តាំងពីខែមករាមកដល់ពេលនេះក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងខ្សាច់បំពេញច្រាំងទន្លេ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមគំរូប្លង់នៃគម្រោងអភិវឌ្ឍន៍តំបន់កោះនរាដោយសម្រេចបានជាង ២៧ ភាគរយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៣ ឆ្នាំ។ នេះបើតាមលោកអគ្គនាយក។
លោកបន្តថា សព្វថ្ងៃនេះគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះកំពុងប្រើប្រាស់កម្លាំងពលកម្មចំនួន ៧០០ នាក់ ហើយកម្លាំងពលកម្មអាចកើនរហូតដល់ ៧ ០០០ នាក់ នៅពេលគម្រោងមានសកម្មភាពសាងសង់ពេញលេញ ហើយបន្ទាប់ពីបញ្ចប់ការសាងសង់តំបន់អភិវឌ្ឍន៍កោះនរានេះនឹងជួយបង្កើតឱកាសការងារបានប្រមាណ ១ ម៉ឺនកន្លែងថែមទៀត ដើម្បីប្រតិបត្តិការប្រចាំថ្ងៃ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងកម្មវិធីនេះថា ការស្ថាបនាស្ពានទាំង ២ ទីតាំងនេះ នឹងរួមចំណែកដោះស្រាយការកកស្ទះចរាចរនៅត្រង់គល់ស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់បានមួយផ្នែកធំ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនផលិតផល និងសេវាកម្ម។
លោកថ្លែងថា៖ «ខ្ញុំសូមអបអរសាទរវឌ្ឍនភាពដ៏ខ្ពង់ខ្ពស់ និងការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការដាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើគម្រោងធំៗនៅរាជធានីភ្នំពេញ និងចូលរួមសហការយ៉ាងល្អជាមួយសាលាក្រុងភ្នំពេញក្នុងការស្តារ កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងទីក្រុង»។
លោកបានឱ្យដឹងថា ខណ្ឌច្បារអំពៅជាខណ្ឌថ្មីមួយដែលទើបត្រូវបានបង្កើតថ្មីកាលពីឆ្នាំ ២០១៣។ ទោះបីជា ខណ្ឌនេះទើបត្រូវបង្កើតឡើងថ្មីក៏ពិតមែន ប៉ុន្តែសម្ទុះនៃការអភិវឌ្ឍតំបន់ភូមិសាស្ត្រនេះក៏ខ្លាំងក្លាដោយទទួលបានការវិនិយោគគម្រោងធំៗជាច្រើនដែលមានដើមទុនវិនិយោគរាប់រយលានដុល្លារនៅក្នុងប៉ុន្មានឆ្នាំនេះ៕LA
វីដេអូ៖