ទីក្រុងបាងកកៈ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារបានអនុម័តលើសំណើឲ្យមានការស្តារនីតិសម្បទាក្រុមហ៊ុនអាកាសចរណ៍ថៃអន្តរជាតិ (Thai Airways International: THAI) តាមនីតិវិធីតុលាការដាក់ក្ស័យធន ។ ការប្រកាសក្ស័យធននេះអាចបណ្តាលឲ្យ Thai Airways បាត់បង់ឋានៈជា «សហគ្រាសរដ្ឋ»។
គណៈកម្មាធិការគោលនយោបាយសហគ្រាសរដ្ឋដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេចកាលពីថ្ងៃអង្គារដោយបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិដាក់សំណើប្រកាសក្ស័យធន និងស្តារនីតិសម្បទាឡើងវិញក្រោមនីតិវិធីតាមផ្លូវតុលាការ។
អាកាសចរណ៍ Thai Airways ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុន និងជួបវិបត្តិហិរញ្ញវត្ថុអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយពេលនេះដោយមានវិបត្តិកូវីដ ១៩ អ្វីៗកាន់តែអាក្រក់ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី Anuthin Charnvirakul និយាយថា Thai Airways ប្រហែលបាត់បង់ឋានៈជាសហគ្រាសរដ្ឋ ពេលក្រុមហ៊ុននេះបន្តទៅមុខជុំវិញនីតិវិធីស្តារនីតិសម្បទា កំណត់ដោយសាលក្រមតុលាការនោះ។
នៅពេលរឿងនោះកើតឡើងមែនគណៈកម្មាធិការសហគ្រាសរដ្ឋនឹងគ្មានអំណាចដើម្បីគ្រប់គ្រងអាកាសចរណ៍ជាតិនេះទៀតទេ ទោះបីជាអ្នកគ្រប់គ្រងនៃការស្តារនីតិសម្បទានឹងមានអំណាចដើម្បីគ្រប់គ្រងផែនការរៀបចំអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍នេះក៏ដោយ។
លោក Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា វានៅមិនច្បាស់ថា តើករណីក្ស័យធនរបស់ក្រុមហ៊ុនអាកាសចរណ៍នេះនឹងត្រូវបញ្ជូនទៅតុលាការថៃ ឬតុលាការបរទេស។
ទោះជាយ៉ាងណាប្រភពដែលបានផ្តល់ដំណឹងនៅក្រសួងដឹកជញ្ជូនបាននិយាយថា ករណីនេះគួរតែទៅតុលាការថៃ បើទោះបី ៣០ ភាគរយនៃបំណុលមានទឹកប្រាក់ ២០០ ពាន់លានបាតជំពាក់បរទេសក្តី។
ប្រភពខ្លះបានស្នើថា រដ្ឋាភិបាលគួរបញ្ជូនករណីនេះទៅតុលាការសហរដ្ឋអាមេរិក ដើម្បីបញ្ជាកុំឲ្យម្ចាស់បំណុលបរទេសរឹបអូសយន្តហោះពីក្រុមហ៊ុននេះ ពេលដែលយន្តហោះចុះចតនៅទឹកដីបរទេសនោះ។
ទោះយ៉ាងណា ប្រភពពីក្រសួងដឹកជញ្ជូនឲ្យដឹងថា មិនគួរមានរឿងបែបនេះទេ ប្រសិនបើ Thai Airways ចរចាជាមួយម្ចាស់បំណុលបរទេសដែលភាគច្រើននៃពួកគេបានជួលយន្តហោះឲ្យក្រុមហ៊ុននេះ។
ទន្ទឹមនឹងនេះដែរ លោក Nares Puengyam អ្នកដឹកនាំនៃសហភាពពាណិជ្ជកម្មនៃក្រុមហ៊ុននេះ សម្ដែងនូវក្តីបារម្ភអំពីក្រុមហ៊ុននេះបាត់បង់នូវឋានៈជាសហគ្រាសរដ្ឋទៅវិញទេ។
លោកនិយាយថា៖ «សហភាពយល់ស្របជាមួយផែនការស្តារនីតិសម្បទាតាមរយៈដំណើរការតុលាការក្ស័យធន ប៉ុន្តែយើងមិនយល់ស្របនឹងសំណើកាត់បន្ថយភាគហ៊ុនរបស់ក្រសួងហិរញ្ញវត្ថុចំនួន ២ ភាគរយនោះទេ»។
ក្រសួងហិរញ្ញវត្ថុថៃបច្ចុប្បន្ននេះគ្រប់គ្រងភាគហ៊ុន ៥១,០៣ ភាគរយក្នុងអាកាសចរណ៍នេះ ប៉ុន្តែបើការគ្រប់គ្រងហ៊ុនត្រូវបានកាត់ដល់ក្រោម ៥០ ភាគរយ នោះអាកាសចរណ៍នេះលែងជាសហគ្រាសរដ្ឋទៀតហើយ។
លោក Nares បាននិយាយថា លោកព្រួយបារម្ភថារឿងនេះអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់កិត្តិសព្ទក្រុមហ៊ុន និងបង្កើនតម្លៃនៃការខ្ចីបំណុលនៅថ្ងៃអនាគត។
មន្ត្រីបាននិយាយថា នៅពេលក្រុមហ៊ុននេះក្លាយជាសហគ្រាសឯកជន វានឹងមានមធ្យោបាយងាយស្រួលដើម្បីកែសម្រួលដោយការកាត់បុគ្គលិកមិនចាំបាច់ទម្លាក់ប្រាក់ខែ ព្រមជាមួយការលុបចោលអត្ថប្រយោជន៍ដែលផ្តល់ដល់ក្រុមអ្នកមានក្នុងប្រទេស និងការគ្រប់គ្រងតម្លៃរបស់ខ្លួនមានប្រសិទ្ធភាព។
សេចក្តីរាយការណ៍ព័ត៌មានថ្មីៗនេះបានស្នើថា ក្រសួងហិរញ្ញវត្ថុប្រហែលលក់ភាគហ៊ុនខ្លះទៅឲ្យមូលនិធិ Vayupak ដែលជាអង្គភាពវិនិយោគលើវិស័យរថយន្ត ដែលបង្កើតឡើងដោយក្រសួងហិរញ្ញវត្ថុដែលនឹងបន្ថែមទឹកប្រាក់ថ្មីៗទៅឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ៕ The Nation/ RR