ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ក្រុមហ៊ុន Cambodia Airports (SCA) និងក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) នឹងធ្វើការងាររួមគ្នាដើម្បីអភិវឌ្ឍគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្ដាល។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរបស់ SSCA បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយតំណាងមកពីក្រុមហ៊ុន Vinci Airports ដែលជាក្រុមហ៊ុនមេរបស់ Cambodia Airports និងក្រុមហ៊ុន OCIC លើគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញ។
លោកបានឲ្យដឹងថា ក្រុមហ៊ុន Cambodia Airports និងក្រុមហ៊ុន OCIC នឹងតម្រូវឲ្យធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ដើម្បីកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ដែលត្រួតពិនិត្យដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោកថ្លែងថា៖ «រដ្ឋាភិបាលចង់ឲ្យក្រុមហ៊ុនទាំង ២ សហការគ្នាលើគម្រោងនេះបើមិនដូច្នេះទេវានឹងប៉ះពាល់ដល់ក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលទទួលបានសម្បទានរយៈពេល ២៥ ឆ្នាំក្នុងការអភិវឌ្ឍព្រលានយន្តហោះនៅកម្ពុជា»។ លោក សិរីវុត្ថា ឲ្យដឹងថា៖ «កិច្ចព្រមព្រៀងនេះគ្រោងនឹងធ្វើមុនថ្ងៃទី ១៣ ខែកុម្ភៈ។ លោកបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយម ក្រុមហ៊ុន OCIC មានសមត្ថភាពធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់គម្រោងព្រលានយន្តហោះថ្មីនេះ»។
លោក ខែក នរិន្ទដា នាយកទំនាក់ទំនង និងទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន Cambodia Airports បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា៖ «យើងបានបង្ហាញដល់អាជ្ញាធរកម្ពុជានូវការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់យើងក្នុងការបន្តបំពេញបេសកកម្មនេះដែលរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុនយើងកាលពីឆ្នាំ ១៩៩៥។ អមជាមួយរដ្ឋាភិបាលក្នុងការរចនា ការអភិវឌ្ឍ ការផ្ដល់ហិរញ្ញប្បទាន និងការគ្រប់គ្រងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី ពិសេសគម្រោងព្រលានយន្តហោះភ្នំពេញជាផ្នែកដ៏ពេញលេញនៃបេសកកម្មទាំងនោះ»។
លោកបន្តថា៖ «អាស្រ័យហេតុនេះក្រុមហ៊ុន Cambodia Airports នៅតែមាន និងប្ដេជ្ញាចិត្តចំពោះការសន្ទនាប្រកបដោយផែ្លផ្កាលើគម្រោងព្រលានយន្តហោះភ្នំពេញថ្មីស្ថិតក្រោមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និង SSCA»។
ក្រុមហ៊ុន Cambodia Airports ឬ Société Concessionnaire de l’Aéroport (SCA) ជាការវិនិយោគរួមមួយរវាងក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន Muhibbah Masteron Cambodia។ ក្រុមហ៊ុន SCA ទទួលបានសិទ្ធិគ្រប់គ្រង និងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ ៣ របស់ប្រទេស កម្ពុជា គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថា ទាំងក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន OCIC មានភាពរីករាយក្នុងការធ្វើការងារជាមួយគ្នាលើគម្រោងនេះ»។ លោកបានលើកឡើងក្នុងទំព័រហ្វេសប៊ុកអាកាសចរណ៍ស៊ីវិលថា៖ «ក្នុងករណីចាំបាច់ផ្នែកបច្ចេកទេស ភាគីទាំង ២ នឹងផ្ដល់ជំនាញការពិគ្រោះយោបល់ស្ថិតក្រោមការសម្របសម្រួលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល»។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាព្រលានយន្តហោះថ្នាក់ 4F ស្ថិតលើផ្ទៃដី ២ ៦០០ ហិកតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលដែលនឹងត្រូវវិនិយោគទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។
ក្នុងចំណោមនោះទឹកប្រាក់ ១,១ ពាន់លានដុល្លារ នឹងបានមកពីកម្ចីពីគ្រឹះស្ថានធនាគារក្រៅប្រទេស ខណៈ ២៨០ លានដុល្លារនឹងត្រូវបានរួមចំណែកដោយក្រុមហ៊ុន OCIC។ ដោយឡែកវានៅមិនច្បាស់ថា តើទឹកប្រាក់នៅសល់ ១២០ លានដុល្លារនឹងបានមកពីប្រភពណានោះទេដែលនឹងត្រូវប្រើប្រាស់ជាទុនចុះបញ្ជីនេះ។
ក្រុមហ៊ុន OCIC នឹងគ្រប់គ្រងភាគហ៊ុន ៩០ ភាគរយ ជាមួយក្រុមហ៊ុនចិនមួយផ្សេងទៀតលើគម្រោងនេះ ខណៈនៅសល់ ១០ ភាគរយជាកម្មសិទ្ធិរបស់ SSCA។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយលោក តឹក រ៉េតសំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីឆ្នាំ ២០១៧៕LA