ក្រុង​បាងកកៈ ​យោធា​មីយ៉ាន់ម៉ា​ បាន​ទទួល​ស្គាល់​​ថា ​ទាហាន​របស់​ខ្លួន​បាន​ធ្វើ​បាប​អ្នក​ទោស​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ ​ក្រោយ​ពី​វីដេអូ​បង្ហាញ​ពី​ទាហាន​វាយ​អ្នក​ជាប់​ឃុំឃាំង​ចង បិទ​មុខ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​​សង្គម​ ជា​ការ​សារភាព​ដ៏​កម្រ​អំពី​កំហុស​របស់​កងកម្លាំង​ជា​រឿយៗ​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​សកម្មភាព​ដោយ​​គ្មាន​ទោសទណ្ឌ។

វីដេអូ​នោះ ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បង្ហាញ​បុរស​ស្លៀក​ពាក់​ស៊ីវិល​ដែល​បាន​ដាល់​ និង​ទាត់​ក្បាល​ក្រុម​អ្នក​ជាប់​ឃុំ​ដែល​គេ​ចង បិទមុខ ​និង​ដៃ​ជាប់​ខ្នោះ។

យោង​តាម​វេបសាយ​របស់​ការិយាល័យ​ប្រមុខ​កងទ័ព​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជាប់​ឃុំ ៥​ នាក់ ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ​ជុំវិញ​ការ​សង្ស័យ​ពី​បទ​ធ្វើ​ជា​អ្នក​បះបោរ​របស់​កងទ័ព​អារ៉ាកាន ​(AA) ហើយ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ទៅ​កាន់​រដ្ឋធានី​ស៊ីតវ៉េ​នៃ​រដ្ឋ​រ៉ាក់ឃីន ​តាម​ទូក​កាល​ពី​ថ្ងៃទី ២១​ ខែ​មេសា ​នៅ​ពេល​ឧប្បត្តិហេតុ​នេះ​​កើត​ឡើង​។


កងកម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​​ ​​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​​យ៉ាង​សាហាវ​ឃោរឃៅ​​ជាមួយ​ក្រុម​ឧទ្ទាម​ដែល​កំពុង​ធ្វើ​​​ដើម្បី​ស្វ័យភាព​​បន្ថែម​ទៀត សម្រាប់​ក្រុម​អ្នក​កាន់​ពុទ្ធ​សាសនា​នៅ​រដ្ឋ​រ៉ាក់ឃីន​។ ​

សមាជិក​កងកម្លាំង​ប្រដាប់​អាវុធ​ បាន​សួរ​ចម្លើយ​ក្រុម​អ្នក​ទោស​ នៅ​ក្នុង​មធ្យោបាយ​មួយ​មិន​អនុលោម​តាម​ច្បាប់​ និង​វិធានការ​ ត្រូវ​បាន​ចាត់​ឡើង​ប្រឆាំង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ឡើយ​ ដោយ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ទណ្ឌកម្ម​អ្វីខ្លះ​នោះ​ទេ​។


វីដេអូ​នេះ​ ជា​ឱកាស​ដ៏​កម្រ​ដែល​បង្ហាញ​ពី​កិច្ច​ប្រតិបត្តិការ​របស់​កងទ័ព​ ដែល​ត្រូវ​បាន​គេ​ចោទ​ពី​បទ​រំលោភ​បំពាន ​ត្រូវ​បាន​គេ​ចែក​រំលែក​រាប់​ម៊ឺន​ដង ​ដោយ​បាន​បែង​ចែក​គំនិត​រវាង​អ្នក​ដែល​មាន​កំហឹង​ និង​ប្រជាជន​ដែល​ការពារ​ទាហាន​។​​

ក្រុម​គ្រួសារ​របស់​បុរស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​បដិសេធ​ថា​ ពួក​គេ​មិន​មាន​ទំនាក់ទំនង​ជាមួយ​កងទ័ព​អារ៉ាកាន​ទេ​។

អ្នកស្រី នីនី ​ជា​ម្តាយ​របស់​អ្នក​ជាប់​ឃុំ​អាយុ ​២៤ ​ឆ្នាំ ​ឈ្មោះ ​នីនី ​អ៊ុង​ បាន​ប្រាប់ ​AFP ​តាម​ទូរស័ព្ទ​ថា៖ ​«គាត់​គ្រាន់​តែ​ធ្វើ​ការ​នៅ​ក្នុង​ហាង​បាយ​មួយ។​ គាត់​មិន​ដឹង​អ្វី​ទាំង​អស់​អំពី ​AA»។

វីដេអូ​នោះ​បង្ហាញ​ពី​អ្នក​សួរ​ចម្លើយ​របស់​លោក នីនី ​អ៊ុង ​ចាប់​ទាញ​សក់​របស់​គាត់​ហើយ​​ដាល់​លើ​មុខ​ មុន​នឹង​ឆ្មាំ​ម្នាក់​ទៀត ​ធាក់​ក្បាល​​គាត់​។

មនុស្ស​រាប់​សិប​នាក់​ ត្រូវ​គេ​សម្លាប់ ​ច្រើន​នាក់​រង​របួស​ និង​មនុស្ស​ប្រហែល ​១៥ ម៊ឺន​​នាក់​រត់​ភៀស​ខ្លួន​៕ AFP/PSA​