ក្រុង​រីយ៉ាដ​​: ​​ក្រុម​ចម្រុះ​និង​សារ​ព័ត៌​មាន​រដ្ឋ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​​​យន្ត​ហោះ​ចម្បាំង​អារ៉ាប៊ី​​សាអ៊ូឌីត​​មួយ​គ្រឿង​ពី​ក្រុម​ចម្រុះ​ ​ដែល​កំពុង​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​យេម៉ែន​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​បញ្ហា​នៃ​«​កំហុស​ឆ្គង​ផ្នែក​បច្ចេក​ទេស​»​​ដោយ​បាន​បន្ថែម​ទៀត​ថា​​យានិក​ទាំង​ពីរ​រូប​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​។​

លោក ​Turki​ ​al-Maliki​ ​អ្នក​នាំ​ពាក្យ​ ​ក្រុម​ចម្រុះ ​អារ៉ាប៊ី​ ​សាអ៊ូឌីត​ ​បាន​ថ្លែង​ប្រាប់​ ​AFP ​ថា ​​យន្ត​ហោះ​នោះ​មាន​បញ្ហា​ផ្នែក​បច្ចេក​ទេស​នៅ​វេលា​ម៉ោង​ ១០ ​និង​ ៤០ ​នាទី​ល្ងាច​​និង​បាន​ធ្លាក់​... នៅ​ក្នុង​តំបន់​ដែល​កំពុង​ប្រតិ​បត្តិ​ការ​នៅ​យេម៉ែន​។​

លោក​បាន​ថ្លែង​ថា​ សមាជិក​អ្នក​រួម​ប្រតិ​បត្តិ​ការ​លើ​យន្ត​ហោះ​ពីរ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ដោយ​មិន​មាន​គ្រោះ​ថ្នាក់​និង​បាន​វិល​ត្រឡប់​ទៅ​អារ៉ាប៊ី​​សាអ៊ូឌីត​វិញ​ដោយ​សុវត្ថិ​ភាព​។​


លោក ​​Maliki​ ​មិន​បាន​ផ្តល់​ព័ត៌​មាន​លំអិត​បន្ថែម​ទៀត​ឡើយ​​។​

សេច​ក្តី​ថ្លែង​ការណ៍​ពី​ក្រុម​ចម្រុះ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នា​ពេល​ក្រោយ​ទៀត​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​អារ៉ាប៊ី​សាអ៊ូឌីត​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា​​យន្ត​ហោះ​ចម្បាំង​ដែល​បាន​ធ្លាក់​នោះ​គឺ​ជា​យន្ត​ហោះ​របស់​អារ៉ាប៊ី​​សាអ៊ូឌីត​​ហើយ​ដែល​កិច្ច​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ក្រុម​យានិក​ទាំង​នោះ​ត្រូវ​ការ​កម្លាំង​កង​ទ័ព​ជើង​គោក។​


យោងតាមប្រភព​ព័ត៌​មាន​ពី​ ប៉ុស្ត៍​ ទូរ​ទស្សន៍​​ Al-Masirah ​​បាន​ឲ្យ​ដឹង​ថា ​​ក្រុម​ឧទ្ទាម​ ហ៊ូធី​ ​គាំទ្រ​ដោយ​ អុីរ៉ង់​ ដែល​បាន​ជាប់​នៅ​ក្នុង​សង្គ្រាម​ជាមួយ​រដ្ឋា​ភិបាល​យេម៉ែន​​ដែល​គាំ​ទ្រ​ដោយ​ អារ៉ាប៊ី​​ សាអ៊ូឌីត​ ​បាន​ឲ្យ​ដឹង​ថា​​ពួក​គេ​បាន​បាញ់​ទំលាក់​យន្ត​ហោះ នោះ​ខណៈ​កំពុង​ហោះ​ហើរ​លើ​ដែន​អាកាស​ទី​ក្រុង​សាដា​​ (​Saada​) ​​ដែល​ជា​តំបន់​ឈរ​ជើង​ដ៏​រឹង​មាំ​នៅ​យេម៉ែន​ភាគ​ខាង​ជើង​។​

ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អារ៉ាប៊ី​​សាអ៊ូឌីត​​បាន​ចូល​រួម​ជា​មួយ​កង​ទ័ព​រដ្ឋា​ភិបាល​យេម៉ែន​នៅ​ក្នុង​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០​១៥​​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​បាន​ច្បាំង​ដណ្តើម​ត្រួត​ត្រា​លើ​រដ្ឋ​ធានី​​សាណា​។​

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​​ (​WHO​)​ បាន​ឲ្យ​ដឹង​ថា​​ ពល​រដ្ឋ​ជាង​​ ៨៧៥០ ​​នាក់​​ត្រូវ​បាន​សម្លាប់​​ចាប់​តាំង​ពី​ក្រុម​ចម្រុះ​បាន​ចូល​អន្ត​រាគមន៍​នៅ​​ យេម៉ែន​៕​ AFP/ ប្រែសម្រួល​ដោយ សុឹម សានិត