ក្រុង​ប៉ារីស៖ ​ដោយ​មិន​មាន​ការ​រង្គោះរង្គើ​ដោយសារ​​ការ​តវ៉ា​នៅ​ក្នុង​សង្គម​​ជិត ​៣ សប្តាហ៍​​នេះ​ រដ្ឋាភិបាល​បារាំង​នៅ​តែ​មាន​បំណង​ចង់​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​ប្រាក់​សោធននិវត្តន៍៍ ​៤៣ ​គម្រោង​ចូល​ទៅ​ក្នុង​អ្វី​ដែល​ខ្លួន​និយាយ​​ថា​ ​ប្រព័ន្ធ​​តែ​មួយ​​បាន​ផ្អែក​​លើ​ភាព​​ត្រឹមត្រូវ​​ និង​តម្លាភាព​ក្រោយ​ពី​មាន​ការ​ចរចា​​​ជាមួយ​​​ក្រុម​តំណាង​សហជីព​​​ ដើម្បី​​បន្ថយ​កំហឹង​របស់​ក្រុម​អ្នក​តវ៉ា។​

លោក​នាយក​រដ្ឋមន្ត្រី​ អ៊ីដូអារ៍ដ ​ហ្វីលីប​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​យើង​បញ្ចេញ​យោបល់​យ៉ាង​ច្បាស់​អំពី​ការ​ព្រួយ​បារម្ភ​ និង​អាទិ​ភាព​របស់​យើង​។ ​យើង​បាន​ស្តាប់​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​។ វា​គឺជា​ការ​ពិត​ណាស់ ​ជា​និច្ច​កាល​យើង​បាន​ឯកភាព​គ្នា​ ប៉ុន្តែ​យើង​អាច​នៅ​តែ​ពិភាក្សា​ជាមួយ​គ្នា​បាន​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​»​។​

លោក​បាន​បន្ថែម​ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​ក្រុម​សហជីព​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ដូច្នេះ​ហើយ​​វា​មាន​សារៈសំខាន់ ​ដែល​ការ​ចរចា​សង្គម​ បាន​បន្ត​ធ្វើ​ឡើង​នៅ​ខែ​មករា​ខាង​មុខ​នេះ​»​។​


ដោយ​មាន​គោល​បំណង​ចរចា​ លោក ​ហ្វីលីប​ បាន​ប្តេជ្ញា​ចិត្ត​ពិភាក្សា​ឡើង​វិញ ​ជាមួយ​ក្រុម​សហជីព​ស្តីពី​កំណែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​នៅ​ថ្ងៃទី ​៧​ ខែ​មករា​ ហើយ​កិច្ច​ពិភាក្សា​ដាច់​ដោយ​ឡែក ​នឹង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ជាមួយ​ក្រុម​គ្រូ​បង្រៀន​ និង​ក្រុម​សហជីព​របស់​បុគ្គលិក​គ្រូ​ពេទ្យ​ ចាប់​ពី​ថ្ងៃទី ​១៣ ​ខែ​មករា​។​

លោក​ ឡូ​រ៉ែន ​ភី​ត្រាស់​ហ្សីវ​ស្គី​ ជា​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ប្រាក់​សោធននិវត្តន៍​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​សម្របសម្រួល​បញ្ហា​នេះ​ជូន​ដល់​ពួក​គេ​។​


លោក​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ BFMTV​ កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​រដ្ឋាភិបាល​កំពុង​ធ្វើ​សំណើ​នៅ​ពេល​យើង​ធានា​តម្រូវ​ឲ្យ​ពួក​គេ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់​ នៅ​ពេល​យើង​បាន​និយាយ​យ៉ាង​ច្បាស់​ថា ​ប្រព័ន្ធ​ប្រាក់​សោធននិវត្តន៍​អ្វី​ក៏​ដោយ​ អ្នក​​​ដែល​​ចូល​​និវត្តន៍​រយៈពេល ​១៧ ​ឆ្នាំ​នោះ​ នឹង​មិន​ត្រូវ​បាន​ប៉ះពាល់​ជា​ដាច់​ខាត​ ហើយ​យើង​អាច​មាន​លទ្ធភាព​បន្ធូរបន្ថយ​ឲ្យ​បាន​»​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក ​ហ្វីលីប​ ម៉ារទីន ​មេ​ដឹកនាំ​សម្ព័ន្ធ​សហជីព​កម្មករ​សកល ​CGT ​ថ្លែង​ថា៖ «​សម្រាប់​ពេល​បច្ចុប្បន្ន​ គ្មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ទេ​»៕ Xinhua/SK