ក្រុង​ប៉េកាំងៈ ប្រទេស​ចិន បានប្រកាសថា ខ្លួន​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​ដែន​ទឹក​តៃវ៉ាន់ ស្រប​ពេល​មាន​ភាព​តាន​តឹង​កើន​ឡើង​ជុំវិញ​ការ​គាំទ្រ​ពី​អាមេរិក​ចំពោះ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់។

សេចក្តីប្រកាស​នោះ បាន​កើតឡើង​ស្របពេល​ជាមួយគ្នា​នឹង​លោក​ប្រធានា​ធិបតី ស៊ី ជីន​ភីង ថ្លែង​អំពី​សារៈ​សំខាន់​នៃ​អំណាច​កង​ទ័ព​ជើង​ទឹក ខណៈ​ចូលរួម​ការ​ត្រួត​ពិនិត្យ​កង​ទ័ព​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ហៃណាន។ «បេសកកម្ម​បង្កើត​កង​ទ័ព​ជើង​ទឹក​របស់​ប្រជាជន​ដ៏​ខ្លាំង​ក្លា​នោះ មិន​ដែល​ត្រូវការ​បន្ទាន់​ជាង​ពេល​បច្ចុប្បន្ន​នោះ​ទេ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នោះបាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ​កងទ័ពជើងទឹក​នោះ នៅ​ក្នុង​នោះ​មាន​នាវា ៤៨ គ្រឿង​នៅ​ក្នុង​ចំណោម​នោះ​មាន​នាវា​ដឹក​យន្តហោះ​ឈ្មោះ Liaoning រួម​ជាមួយ​ឧទ្ធម្ភាគ​ចក្រ៧ ៦ គ្រឿង យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក និង​ទាហាន​ជាង ១ ម៉ឺន​នាក់ ដោយ​ធ្វើ​ឲ្យ​ការ​ត្រួត​ពិនិត្យ​នេះ​ក្លាយជា​ទ្រង់​ទ្រាយ​ធំ​បំផុត ចាប់​តាំង​ពី​បង្កើត​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ឆ្នាំ ១៩៤៩។


រដ្ឋបាល​សុវត្ថិភាព​តាម​ដែនសមុទ្រ​ខេត្ត​បាន​ឲ្យ​ដឹងថា កងទ័ពជើងទឹក​នោះ បាន​ចាប់​ផ្តើម​សមយុទ្ធ​រយៈពេល ៣ ថ្ងៃ​នៅ​ខេត្ត​ហៃណាន កាល​ពី​ថ្ងៃ​ពុធ​ប៉ុន្តែ​បាន​បញ្ចប់​តែ ១ ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គ្មាន​ការពន្យល់​អំពី​ថា តើ​មានការ​កាត់បន្ថយ​សម​យុទ្ធ ឬ​ការធ្វើ​សមយុទ្ធ​នៅក្នុង​ដែន​ទឹក​របស់​កោះ​តៃវ៉ាន់​ទេ? ហើយ​ក្រសួង​ការពារ​ជាតិ ក៏​មិន​បាន​ឆ្លើយ​សំណួរ​ដែរ៕