ក្រុងប៉េកាំងៈ ចិន និង​ហ្វីលីពីន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​នឹង​ធ្វើ​ការ​ពិភាក្សា​យ៉ាង​ប្រុង​ប្រយ័ត្ន​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​រុក​រក​ប្រេង និង​ឧស្ម័ន​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​បញ្ច្រាស​ពី​ភាព​តាន​តឹង​ជា​ច្រើន​ឆ្នាំ​ជុំវិញ​ការ​ទាម​ទារ​តំបន់​នោះ​របស់​ពួកគេ។

រដ្ឋ​ទាំង ២ បាន​ជាប់​នៅក្នុង​ជម្លោះ​យ៉ាង​ជូរចត់​មួយ​ជុំវិញ​ដែនទឹក​នោះ ដោយ​ចិន​បាន​ទាម​ទារ​សមុទ្រ​នោះ​ស្ទើរ​តែ​ទាំង​ស្រុង ប៉ុន្តែ​ប្រធានា​ធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​អ្នក​មុន​លោក ដែល​ប្រឆាំង​ជំទាស់​នឹង​ការ​ទាម​ទារ​របស់​ក្រុង​ប៉េកាំង។

រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ក្រោយពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ថា៖ «ប្រទេស​ទាំង ២ នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​មិន ប្រែប្រួល និង​ដោយ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ការ​រុករក​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​នោះ»។


លោក​បាន​បន្ថែម​ថា៖ «ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នឹង​លែង​ជា​ប្រភព​នៃ​ថាមពល​អវិជ្ជមាន ដែល​រារាំង​ការ​អភិវឌ្ឍ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ទៀត​ហើយ»។

ហ្វីលីពីន បាន​និយាយ​នៅ​ដើមខែ​នេះ​ថា ខ្លួន​កំពុង​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​រដ្ឋ​ចិន​ជុំវិញ​ការ​រុករក​និង​ទាញ​យក​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​សម្បូរ​ដោយ​ធនធាន​នោះ។


ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម ក៏បាន​ទាមទារ​ទាំងអស់ ឬ​ផ្នែក​នៃ​សមុទ្រ​នោះ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ម៉ានីល​និង​ក្រុង ប៉េកាំង​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍​ជិត​ខាង​កាល ពី​ពេល​កន្លង​ទៅ។

លោក Alan Peter Cayetano បាន​ថ្លែង​នៅឯ​សន្និសីទ​កាសែត​នោះ​ថា ចិន និង​ហ្វីលីពីន កំពុង​ស្វែង​រក​គោល​ការណ៍​ស្រប​ច្បាប់​រួមគ្នា ដើម្បី​ធ្វើការ​សង្កេត និង​រុក​រក​រួម​គ្នា។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ទំនាក់​ទំនង​របស់​យើង​គឺ​ឱកាស​មាស និង​ជាមួយ​កម្លាំង​ជំរុញ​ជា​វិជ្ជមាន ដោយ បន្ថែម​ទៀត​ថា ប្រទេស​ទាំង ២ ឥឡូវ​នេះ បាន​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន ជាមួយ​គ្នា​រួច​ស្រេច​ហើយ​នោះ»។

ទោះបីជា​យ៉ាងណាក៏ដោយ ក៏​សេចក្តីលម្អិត​អំពី​លក្ខខណ្ឌ​នៃ​កិច្ចសហការ​ដែល​ព្រម​ព្រៀង​នោះ មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ឡើយ។

កាលពី​ខែ​មុន​លោក Cayetano និយាយថា ក្រុង​ម៉ានីល​នឹង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា​កិច្ច​ព្រម​ព្រៀង​មួយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អធិបតេយ្យ​ភាព​របស់​ហ្វីលីពីន។

លោក Duterte បាន​ពិពណ៌នា​កិច្ចព្រមព្រៀង​ដែល​ស្នើ​ឡើង​នោះ ថា​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​កាន់​កាប់​តំបន់​មាន​ជម្លោះ​នោះ រួមគ្នា ដោយ​ថ្លែង​ថា គឺ​វា​ប្រសើរ​ជាង​ការ​ស្លាប់​ទាហាន​ហ្វីលីពីន នៅ​ក្នុង​សង្គ្រាម​ជាមួយ​ចិន​នោះ។

បំណង​របស់​លោក Rodrigo Duterte ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ចិន គឺជា​ការ​ផ្លាស់​ប្តូរ​ជំហរ និង​គោល​នយោបាយ​របស់​អ្នក​មុន គឺ​លោក​បេនិកញ៉ូ អាគីណូ៕