ក្រុង​វ៉ា​នីៈ ចំនួន​អ្នកស្លាប់​នៅក្នុង​មហន្តរាយ​ព្យុះ​ស៊ូណាមិ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី បាន​កើន​ជាង ១៤០០ នាក់ ដោយ​ជិត​អស់​ពេលវេលា​ស្វែងរក​ក្រុម​អ្នក​នៅ​រស់ ហើយ​អង្គការ​សហ​ប្រជាជាតិ​សូម​ឲ្យ​មាន​ជំនួយ​បន្ទាន់​យ៉ាង​ច្រើន។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក Sutopo Purwo Nugroho បាន​ថ្លែង​ថា ចំនួន​អ្នក​ស្លាប់ បាន​កើន​ឡើង ១៤០៧ នាក់​ទូទាំង​តំបន់​ចំនួន ៤ នៅ ជុំវិញ​តំបន់​ឆ្នេរ​សមុទ្រ Palu និង​សាកសព ៥១៩ នាក់​ត្រូវ​បាន​កប់​បាត់​រួច​ហើយ។

ក្រុម​អាជ្ញាធរ បានកំណត់​ពេល​ត្រឹម​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដើម្បី​ស្វែងរក​អ្នក​ដែល​នៅជាប់​នៅ​ក្រោម​កម្ទេច​ថ្ម នៅ​ត្រង់​ចំណុច ដែល​មាន​រញ្ជួយ​ដី​មួយ​សប្តាហ៍ ក្រោយ​ពី​មហន្តរាយ​នេះ​កើត​ឡើង​ដែល​ឱកាស នៃ​ការ​ស្វែងរក​ក្រុម​អ្នក​នៅ​រស់​នឹង​ធ្លាក់​ជិត​ដល់​កម្រិត​សូន្យ​ទៅ​ហើយ។


ក្រុម​អ្នកធ្វើ​ការជួយ​សង្រ្គោះ​​របស់​រដ្ឋាភិបាល កំពុង​ផ្តោតទៅលើ​ទីតាំង​សំខាន់ៗ​នៅ​ជុំវិញ​ក្រុង​នេះ គឺ​នៅ​សណ្ឋាគារ Roa-Roa ដែល​មាន​មនុស្ស​ដល់​ទៅ ៦០ នាក់ ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​កប់​បាត់។

ក្រុមមន្ត្រី​បាន​ថ្លែងថា មនុស្ស​យ៉ាងតិច ១៥០ នាក់​នៅក្រោម​កម្ទេច​ថ្ម មិនត្រូវ​បាន​គេ​រាប់​បញ្ចូល​ទេ។


ការិយាល័យ​ជំនួយ​មនុស្សធម៌​អ.ស.ប.បាន​ឲ្យ​ដឹងថា ប្រជាជន​ជិត ២០ ម៉ឺន នាក់ ត្រូវការ​ជំនួយ​ជា​បន្ទាន់ ក្នុង​ចំណោម​ពួកគេ មាន​កុមារ​រាប់​ពាន់​នាក់ ហើយ​ផ្ទះ​សំបែង ៦៦០០០ ខ្នង ត្រូវ​បាន​បំផ្លាញ ឬ ខូចខាត​ដោយ​សារ​រញ្ជួយ​ដី​មាន​កម្លាំង ៧,៥ រ៊ិចទ័រ និង​រលក​ស៊ូណាមិ៕