ក្រុង​ហាណូយៈ តុលាការ​វៀតណាម​កាល​ពីថ្ងៃ​ពុធ បាន​កាត់ទោស​ពលរដ្ឋ​អាមេរិក ២ នាក់ និង ១០ នាក់​ផ្សេង​ទៀត មក​ពី​ក្រុម​ភេរវករ​មាន​មូលដ្ឋាន​នៅ​អាមេរិក​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋ​ក្រោយ​ពី ពួកគេ​បាន​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ប្រឆាំង រដ្ឋាភិបាល និង​ព្យាយាម​ញុះ​ញង់​ឲ្យ​មាន​ការ​តវ៉ា​កាល​ពី​ឆ្នាំ​ទៅ​។

ក្រុម​អ្នក​រិះគន់​របប​កុម្មុយនីស្ត​តាម​ធម្មតា ត្រូវ​ជាប់គុក​នៅក្នុង​ប្រទេស​ឯក​បក្ស​មួយ​នេះ។ ភាគ​ច្រើន​ជាប់​ទាក់​ទង​នឹង​អ្នក​សរសេរ​ប្លុក ក្រុម​សកម្មជន និង​ក្រុម​មេធាវី​សិទ្ធិ​មនុស្ស ដោយ​ក្រុម​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ចាត់​ទុក​ជា​អង្គការ​ភេរវកម្ម។

ក្រុម​មួយ​នៅក្នុង​ចំណោម​ក្រុម​ទាំងនោះ​គឺជា​រដ្ឋាភិបាល​ជាតិ​បណ្តោះ​អាសន្ន​របស់​ប្រទេស​វៀតណាម​មាន​មូលដ្ឋាន​នៅ​រដ្ឋ កាលីហ្វ័រ​នីញ៉ា (PNGV) ជា​អង្គការ​ប្រឆាំង​របប​កុម្មុយ​និស្ត ដោយ​មាន​នាយក​រដ្ឋមន្ត្រី​ស្វ័យ​តែង​តាំង ដែល​បាន​សន្យា​ចង​សម្ព័ន្ធ​ជាមួយ​អតីត​របប​វៀតណាម​ខាង​ត្បូង។


យោងតាម​កាសែត Phap Luat ជា​កាសែត​របស់​មន្ទីរ​យុត្តិធម៌​របស់​ក្រុង​នេះ បាន​ឲ្យ​ដឹង​ថា ១២ នាក់​ក្នុង​ចំណោម​សមាជិក​របស់​ពួកគេ ត្រូវ​ជាប់​គុក​ចន្លោះ​ពី ៥ ឆ្នាំ​ដល់ ១៤ ឆ្នាំ ក្រោយ​ពី​កាត់​ទោស​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​ក្រុង​ហូជីមិញ​ពី​បទ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋ។

ពួកគេ​ទាំងអស់គ្នា​ត្រូវបាន​ចោទប្រកាន់​ពីបទ​បោះពុម្ព​ខិត្តប័ណ្ណ​ចំនួន ៤ ពាន់​សន្លឹក ដោយ​មាន​ផែន​ការ​កាន់​កាប់​វិទ្យុជាតិ និង​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០១៧ ដែល​ត្រូវ​បាន​ប្រារព្ធ​ជា​ទិវា​បង្រួប​បង្រួម​គ្នា​ជា​ថ្មី ដើម្បី​រំឭក​ការ​បញ្ចប់​សង្គ្រាម​វៀតណាម​នៅ​ក្នុង​ឆ្នាំ ១៩៧៥៕