ក្រុងម៉ូស្គូ៖ ប្រទេស រុស្ស៊ី កាលពីថ្ងៃចន្ទបានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំមានទាហាន ១២៨ ពាន់នាក់ចូលរួម និងយោធារបស់សម្ព័ន្ធមិត្តជាច្រើន ក្នុងនោះមានប្រទេស ឥណ្ឌា និងចិន ដែរ។
សមយុទ្ធយោធាកណ្តាលឆ្នាំ ២០១៩ នឹងធ្វើរហូតដល់ថ្ងៃសៅរ៍នៅតំបន់ភ្នំ Urals តំបន់វាលទំនាប Siberia និងសមុទ្រ Caspian។
ក្រសួងការពារជាតិបាននិយាយថា សមយុទ្ធនោះ មានឧបករណ៍យោធា ២ ម៊ឺនប្រភេទ និងនាវា ១៥ គ្រឿង។
ប្រទេស រុស្ស៊ី ធ្វើសមយុទ្ធទ្រង់ទ្រាយធំយ៉ាងទៀងទាត់ ដោយបានប្តូរវេននៅក្នុងតំបន់ខុសៗគ្នារបស់ប្រទេសនេះ។ កាលពីឆ្នាំទៅ សមយុទ្ធនៅភាគខាងកើតឆ្នាំ ២០១៨ មានទាហាន ៣០ ម៊ឺននាក់ចូលរួម ដោយឲ្យចំនួននេះច្រើនជាងគេបំផុតនៅសម័យក្រោយសូវៀត។
ក្រសួងការពារជាតិបាននិយាយទៀតថា គោលបំណងនៃការសមយុទ្ធថ្មីបំផុត គឺត្រូវធ្វើការទៅលើការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាច្រើនក្រុមនៅក្នុងការដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងអំពើភេរវកម្មអន្តរជាតិ និងធានាសន្តិសុខយោធានៅក្នុងទិសដៅយុទ្ធសាស្ត្រនៃអាស៊ីកណ្តាល។
ដំណាក់កាលទី ១ នៃសមយុទ្ធ ២ ផ្នែកនឹងផ្តោតទៅលើការប្រយុទ្ធប្រឆាំងភេរវកម្ម និងការទប់ទល់ការវាយប្រហារផ្លូវអាកាស។
នៅក្នុងអំឡុងដំណាក់កាលទី ២ កងកម្លាំងនឹងត្រូវបន្តការវាយលុកទៅលើសត្រូវ។
កងទ័ពមកពីប្រទេស ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ចិន ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ក៏ចូលរួមសមយុទ្ធនេះដែរ។
អនុរដ្ឋមន្ត្រីការពារជាតិលោក Yunus-Bek Yevkurov បានថ្លែងនៅពិធីបើកនោះថា៖ «សមយុទ្ធទាំងនេះ នឹងជួយបង្កើនកិច្ចសហការយោធា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តរបស់យើង»៕ AFP/PSA