ក្រុងរ៉ាម៉ាលឡាហ៍: ក្រុម​រដ្ឋមហាអំណាច នឹង​ជួបប្រជុំ​គ្នា​ក្នុង​ក្រុង​រ៉ូម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​គ្នា​អំពី​អនាគត​នៃ​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួ​ន​នៅ​ប៉ាឡេស្ទីន (UNAPR) ដែល​បាន​ប្រឈម​ជាមួយ​វិបត្តិ​មិន​ធ្លាប់​មាន​ពី​មុន​មក បន្ទាប់​ពី​អាមេរិក បាន​កាត់​ថវិកា​រាប់​រយ​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​ផ្គត់ផ្គង់​ថវិកា​របស់​ខ្លួន​ទៅ​ឲ្យ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​នេះ។

អគ្គស្នងការ​របស់​ទីភ្នាក់ងារ UNAPR លោក Perre Krahenbuhl បាន​ថ្លែង​ប្រាប់ AFP ថា ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សង្គ្រោះ​បន្ទាន់ និង​ការងារ (UNRWA) មាន​គម្រោង​ថវិកា​សម្រាប់​ការ​ចំណាយ​តែ​ទៅ​លើ​ជួយ​បន្ត​សាលារៀន និង​សេវាកម្ម​សុខាភិបាល​ផ្សេងៗ​ឲ្យ​ដំណើរការ​ទៅ​មុខ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ ២០១៨។

រដ្ឋការ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មក​ទល់​ពេល​នេះ បាន​សន្យា​ផ្តល់​ថវិកា​ត្រឹម ៦០ លាន​ដុល្លារ​ទៅ​ឲ្យ​ទីភ្នាក់ងារ​ខាងលើ​សម្រាប់​ឆ្នាំនេះ និង​បាន​កាត់​បន្ថយ​ថវិកា​ពី ៣៦០ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៧។


លោក​ត្រាំ បន្ត​ដាក់​សម្ពាធ​លើ​ភាគី​ប៉ា​ឡេស្ទីន ដើម្បី​ឲ្យ​បញ្ចប់​ពហិការ​របស់​ពួកគេ​ចំពោះ​រដ្ឋការ​របស់​លោក​បង្កឡើង​ដោយ​ការ​ប្រកាស​ទទួល​ស្គាល់​ក្នុង​ខែធ្នូ​របស់​លោក​នូវ​ទីក្រុង​ហ្ស៊េរុយសាឡិម ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

ចលនា​ប្រមូល​ថវិកា​ដ៏​ធំ​មួយ​ផ្តួចផ្តើម​ដោយ​ទីភ្នាក់ងារ UNRWA បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បាន​បង្កក ឬ កាត់​ថវិកា​ផ្តល់​ជំនួយ​នោះ​បាន​ទទួល​ជំនួយ​ថវិកា​ថ្មីៗ​បន្តិច​បន្តួច ហើយ ក្រុម​អ្នកការ​ទូត​មិន​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​ការ​ទទួល​បាន​ការ​សន្យា​ផ្តល់​ថវិកា​សំខាន់ៗ​ដទៃ​ទៀត​ឡើយ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អ៊ីតាលី​នេះ។


ក្រុមមន្ត្រី UN ចង់​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ចូលរួម​ជួយ​បំពេញ​ការ​ខ្វះច​ន្លោះ​មួយ​ចំនួន ប៉ុន្តែ ពេល​នេះ កំពុង​ងាក​ជាពិសេស​ទៅ​រក​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូង​សមុទ្រ និង​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​អនាគត​របស់​ស្ថាប័ន​នេះ៕