ក្រុង​ប៉ារីស​៖​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​នៅ​រោង​មហោ​ស្រព Espace Pierre Bachelet កញ្ញា ឌឹ​ក វ៉ា​ណេ​ស​សា បាន​គ្រង​មកុដ​បវរ​កញ្ញា​កម្ពុជានៅបារាំង ​ឆ្នាំ ២០២៤ ​កាលពី​ថ្ងៃ​សៅរ៍​ទី១០​ ខែកុម្ភៈ​នៅ Dammarie-les-Lys ដោយ​បន្ត​តំណែង​ពី​កញ្ញា ​ឈុន ម៉ា​រៀ​អែល ក្នុង​គោល​បំណង​ឧទ្ទិស​ដល់​វប្បធម៌​ និង​បេតិក​ភណ្ឌ​កម្ពុជា​។​​


ព្រឹត្ដិ​ការណ៍​ដ៏​អ​ធឹ​ក​អធម​នេះ​មិន​ត្រឹមតែ​ជា​សក្ខី​ភាព​នៃ​ភាព​ស្រស់ស្អា​ត និង​ភាព​ថ្លៃថ្នូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្ដែ​ថែម​ទាំង​ជា​ការ​បង្ហាញ​ពី​ប្រពៃណី​ខ្មែរ​ដ៏​សម្បូរ​បែបដោយ​មាន​ការចូលរួម​ពី​មហា​ជន​ជាង​ ១ ពាន់​នាក់ ​រួមទាំង​ឥស្សរ​ជន និង​សហ​គមន៍​មូល​ដ្ឋាន​ផង​ដែរ​។​

លោក​ លុយ ដា​វីដ ឯក​អគ្គរាជ​ទូត​កម្ពុ​ជាប្រចាំ​ប្រទេស​បារាំង ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ ​ដើម្បី​ផ្ដល់​កិត្ដិ​យស និង​លើក​ទឹក​ចិ​ត្ដ​កញ្ញា​ឯក​កម្ពុជា​គ្រប់​រូប​។​


លោក ​ដា​វីដ បាន​សរសេរ​នៅ​លើហ្វេសប៊ុក​អមដោយ​រូបថត​ប្រគល់​ភួង​ផ្កា​ដល់​កញ្ញា​ឯក វ៉ា​ណេ​ស​សា ថា៖«សូម​អប​អរសាទរ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំ​ពោះ ឌឹ​ក វ៉ា​ណេ​ស​សា ជា​បវរកញ្ញា​កម្ពុជា​នៅ​ប្រទេស​បារាំង​ឆ្នាំ២០២៤»។


ពាក្យ​ពេចន៍​របស់លោ​ក​ដែល​បាន​ចែក​រំលែក​បន្ដ​នៅ​លើ​បណ្ដាញ​សង្គម​បាន​ក្លាយ​ជាការ​លើក​ទឹក​ចិ​ត្ដ​ដ៏​សំខាន់​សម្រាប់​អ្នក​ចូល​រួម​ព្រឹត្ដិ​ការណ៍​នោះ​ទាំង​មូល​។​


កញ្ញា​ វ៉ា​ណេ​ស​សា ជា​ម្ចាស់​មកុដ​ថ្មី​ត្រូវ​បាន​ទទួល​ស្វា​គមន៍​យ៉ាង​កក់ក្តៅ​ពី​គណៈ​កម្មាធិ​ការ​បវរ​កញ្ញា​កម្ពុជា និង​សហ​គមន៍​ខ្មែរ​-បា​រាំង​ទូទៅ​។​

ក្នុង​នាម​ជា​ឯកអគ្គរាជទូត​នៃ​គុណ​តម្លៃ​កម្ពុជា ​កញ្ញា វ៉ា​ណេ​ស​សា ត្រូវ​បាន​គេ​រំពឹ​ងថា​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បំផុស​ទឹក​ចិត្ត​យុវ​ជន និង​តំណាង​ឱ្យ​អ្នក​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ខ្មែរ​ពេញ​មួយឆ្នាំ​នេះ​។

គណៈ​កម្មា​ធិការ​បាន​សម្តែង​ការ​សាទរ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ខាង​មុខ​ដោយ​ចង់​សហ​ការ​ជាមួយ​កញ្ញា វ៉ា​ណេ​ស​សា​ដើម្បី​ពង្រីក​សារ​វប្ប​ធម៌​ខ្មែរ​ក្នុង​សហ​គមន៍​។​

ការ​ប្រកួត​នេះ​មាន​បេ​ក្ខ​នារី​ឈរឈ្មោះ​ជាច្រើន​ ដោយ​កញ្ញា ​វ៉ា​ណេ​ស​សា ជាអ្នក​គ្រង​មកុដ ​និង​លំដាប់​លេខ​ ២​ ឬ​កញ្ញា​ឯក​រង និង Miss Khmer CRUSH បាន​ទៅ​លើ​កញ្ញា ​កាក វី​ច​តូ​រៀ កញ្ញា តាន់ សុភី ជា​កញ្ញា​ឯក​លេខ៣ Dolphin កញ្ញា ​លានី ម៉ា​សេ​ដូ ​កញ្ញា​ឯក​លេខ ​៤ ​តំណាង Dauphine Day និង​កញ្ញា ​សុខ វិ​ច្ឆ​រ៉ា គ្រង​លេខ ៥​។

​បេ​ក្ខ​នារី​នីមួយៗ​មាន​ទាំង​ភាព​ស្រស់​ស្អាត ​ទេព​កោ​សល្យ និង​ចំណង់​ចំណូល​ចិត្ត​ចំពោះ​វប្ប​ធម៌​ខ្មែរ ដែល​ធ្វើឱ្យ​ការ​សម្រេច​ចិត្ត​ក្លាយ​ជា​ដំណើរ​ការ​ដ៏​លំបាក​មួយ​សម្រាប់​ចៅ​ក្រមនិង​ទស្ស​និក​ជន​។​

​បវរកញ្ញា​កម្ពុជា​នៅ​ប្រទេស​បារាំង​ បាន​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ ​សម្រាប់​សហ​គមន៍​ខ្មែរ​នៅ​ទីនោះ ជា​ការ​អប​អរ​មរតក​របស់​ខ្លួន​តាម​រយៈ​ការ​ប្រកួត​សម្រស់​ប្រចាំ​ឆ្នាំ​ដែល​បង្ហាញ​ទាំង​សម្ផស្ស ​និង​សមត្ថ​ភាព​។​

ព្រឹត្ដិការណ៍​ឆ្នាំ ២០២៤ ​នេះ ​មាន​កម្ម​វិធី​ជា​ច្រើន រួ​មមាន ​ពិធី​ជប់​លៀង ​ការសម្ដែង​បែប​ប្រពៃ​ណី និង​សហ​សម័យ​ដោយ​សិល្ប​ករ​ចំនួន​ ៦៥ ​នាក់ និង មានទាំងរ​បាំ តន្ត្រី ការ​ផ្សាយ​បន្ត​ផ្ទាល់​ និង​គុន​ខ្មែរ​ផងដែរ​។​

ជាមួយ​គ្នានេះ​ ព្រឹត្តិ​ការណ៍​នេះ​ក៏មាន​ការ​តាំង​បង្ហាញម្ហូប​អាហារ​ខ្មែរ ​និង​ការ​តាំង​ពិព័រណ៍​រូបថត​ បង្កើត​បទ​ពិសោធ​ន៍វ​ប្ប​ធម៌​ដ៏​ទូ​លំ​ទូលាយ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ទៀត​ផង​៕