​ភ្នំពេញ: ព្រឹត្តិការណ៍​វប្បធម៌ «​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ២០២៤» បាន​បើក​ការ​ប្រារព្ធ​ពិធី​របស់ខ្លួន​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ថ្ងៃទី ២២ ខែកុម្ភៈ ក្រោម​ប្រធានបទ «​ទំព័រ​ថ្មី​នៃ​អនុស្សាវរីយ៍​។

មហោស្រព​ឆ្នាំនេះ​គួរឱ្យកត់សម្គាល់​ជាពិសេស​ដោយសារតែ​វា​ប្រារព្ធ​ខួប​លើក​ទី២០ នៃ CJCC ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។

ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ ដោយ​លោក​បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ និង​បានលើកឡើង​ពី​សារៈសំខាន់​នៃ​មហោស្រព​នេះ​។


លោក​បានលើកឡើង​ពី​តួនាទី​របស់​មហោស្រព​ក្នុងការ​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ការអប់រំ​រវាង​ប្រជាជាតិ​ទាំងពីរ ដោយ​ការពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​ដែលមាន​យូរអង្វែង​។

លោក ណា​រ៉ុ​ន បាន​ថ្លែង​នៅក្នុង​ពិធី​បើក​មហោស្រព​ថា​៖ «​ខ្ញុំ​ជឿជាក់ថា មហោស្រព​ឆ្នាំនេះ មាន​សារៈសំខាន់​ពិសេស នៅពេលដែល​យើង​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។ រយៈពេល​ ២ ​ទសវត្ស​រ៍​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មិន​ផ្លាស់ប្តូរ​រវាង​ប្រទេស​របស់​យើង​ទាំង​ពីរបាន​នាំមក​នូវ​ការចងចាំ​ដ៏​ស្រស់ស្អាត​រាប់មិនអស់ ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​អនាគត​របស់​យើង​»​។


លោក​បាន​បន្ដថា ប្រធានបទ «​ទំព័រ​ថ្មី​នៃ​អនុស្សាវរីយ៍​» ដើរតួ​ជាការ​រំឭក​ពី​សារៈសំខាន់​នៃ​ការឱ្យ​តម្លៃ​អតីតកាល​របស់​ប្រទេស​ទាំង ២ ខណៈពេលដែល​ក៏​ទន្ទឹងរង់ចាំ​ទទួលយក​ឱកាស និង​បញ្ហា​ប្រឈម​នាពេល​អនាគត​ផងដែរ​។


មហោស្រព​គី​ហ្សូ​ណា ឆ្នាំ ២០២៤។ហុង រស្មី

លោក​បានទទួល​ស្គាល់​តួនាទី​ដ៏​សំខាន់​របស់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុ​ជា​-​ជប៉ុន (CJCC) ក្នុងការ​សម្របសម្រួល​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការអប់រំ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាងសំខាន់ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ថ្មី​ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​ ២០២៣ ដោយ​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​សមិទ្ធផល​បន្ថែមទៀត​ក្នុង​ឆ្នាំ​ខាងមុខ​។

ដោយបាន​លើកឡើង​ស្រដៀង​គ្នា​នេះ លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ពិធី​អបអរសាទរ​ខួប​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។

លោក អ៊ិ​ឈិ​តុ​ម៉ុ បាន​គូសបញ្ជាក់​ពី​ការលើកកម្ពស់​ទំនាក់ទំនង​របស់​ពួកគេ​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែល​ព្រឹត្តិការណ៍​ជាច្រើន​ដែល​បាន​ធ្វើឡើង​ ដើម្បី​អបអរសាទរ​មិត្តភាព​ជប៉ុន​-​កម្ពុជា ដែល​បាន​នាំ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ជាង​ពេលណាៗ​ទាំងអស់​។

លោក​បាន​រំឭក​អំពី​ការបង្កើត CJCC ក្នុង​ឆ្នាំ ២០០៤ និង​តួនាទី​វិវត្តន៍​របស់ខ្លួន​ជា​ស្ពាន​សម្រាប់​ប្រជាជន​ជាមួយ​ប្រជាជន និង​ការផ្លាស់ប្តូរ​ធុរកិច្ច​-​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។

មហោស្រព​គី​ហ្សូ​ណា ឆ្នាំ ២០២៤។ហុង រស្មី

លោក អ៊ិ​ឈិ​តុ​ម៉ុ បាន​និយាយថា "​តាមរយៈ​ព្រឹត្តិការណ៍​ទាំងនោះ យើង​បាន​បណ្ដុះ​បន្ថែម​នូវ​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក ហើយ​ជា​លទ្ធផល មិ​ត្ដ​ភាព​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ជាង​ពេលណាៗ​ទាំងអស់​»​។

លោក​បាន​បន្តថា ជាមួយនឹង​ការចាប់ផ្តើម​នៃ​ឆ្នាំ ២០២៤ ពួកគេ​កំពុង​ប្រារព្ធ​ខួប​លើក​ទី២០ នៃ​ការបង្កើត​មជ្ឈមណ្ឌល​ស​ហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​សម្រេចបាន​ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤​។

លោក​បាន​ថ្លែងថា​៖ «​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចូលរួម​ក្នុង​កម្ម​ពិធី​សម្ពោធ​កាលពី​ពេលមុន និង​បានបង្ហាញ​ចំណាប់អារម្មណ៍ ការរំពឹងទុក​របស់​សម្ដេច​សម្រាប់​ការអភិវឌ្ឍ​នៃ CJCC»​។

លោក​បានប្រកាសថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែកុម្ភៈ មជ្ឈមណ្ឌល​នេះ​នឹងមាន​ភាព​អ៊ូអរ​ជាមួយនឹង​សកម្មភាព​វប្បធម៌​ជាច្រើន​។

សកម្មភាព​ទាំងនេះ​រួមមាន​ព្រឹត្តិការណ៍ cosplay សិក្ខាសាលា​រាំ Awa Odori វគ្គ​ដែល​ផ្តល់ព័ត៌មាន​អំពី​អាហារូបករណ៍ សិក្ខាសាលា​សរសេរ​អក្សរ​ផ្ចង់ សិក្ខាសាលា​ធ្វើ​ស៊ូ​ស៊ី ក្នុងចំណោម​កម្មវិធី​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ចូលរួម និង​បង្កើន​អ្នកចូលរួម​។

ដូចគ្នានេះដែរ លោកស្រី ប៉ែន មុនី​មករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សាទរ​ចំពោះ​ពិធី​មហោស្រព​គី​ហ្សូ​ណា​ថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា និង​ជប៉ុន​។

លោកស្រី​បាន​រំឭក​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​ជាច្រើន​ទសវត្សរ៍​ដែលជា​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ដោយ​ប្រទេស​ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​របស់​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​វប្បធម៌​។

មហោស្រព​គី​ហ្សូ​ណា ឆ្នាំ ២០២៤។ហុង រស្មី

លោកស្រី មុនី​មករា បានឱ្យដឹងថា​៖ «​ទំនាក់ទំនង​ការទូត​រយៈពេល ​៧​ ទសវត្សរ៍​របស់​យើង​បាន​រីកចម្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ដែល​ត្រូវបាន​កំណត់ដោយ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​»​។

ចំណងមិត្តភាព​រវាង​ប្រជាជាតិ​ទាំង ២ ​ត្រូវបាន​លើក​ជា​ឧទាហរណ៍​ដោយ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ជប៉ុន​ ក្នុងការ​លើកកម្ពស់​សន្តិ​ភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ការដឹងគុណ​ឥតឈប់ឈរ​របស់​កម្ពុ​ជា​សម្រាប់​ការបន្ត​គាំទ្រ​របស់​ប្រទេស​ជប៉ុន​។

លោកស្រី​បាន​សង្កត់ធ្ងន់ថា ការ​ប្រារព្ធ​ពិធី​ចែករំលែក​ប្រពៃណី និង​បេតិកភណ្ឌ ធ្វើឱ្យ​ការយល់ដឹង​គ្នា​ទៅវិញទៅមក​កាន់តែ​ស៊ីជម្រៅ និង​បើកផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការអប់រំ ពង្រឹង​ចំណងមិត្តភាព និង​ការប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​៕​