លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តជំរុញ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ​ព្រមទាំង​សិល្បករ សិល្បការិនី ត្រូវបន្ត​កិច្ចខិតខំ​រួមគ្នា បង្កើតឱ្យ​បាននូវ​អត្ថបទ រូបភាព ក៏ដូចជា​ភាពយន្ត​ខ្លីៗ ដែលបង្កប់​ដោយការអប់រំ និងយល់ដឹង​ដល់​មហាជន ឱ្យចេះ​គោរព​ស្រឡាញ់​មកលើ​វប្បធម៌ ទាំងរូបី និងអរូបិយ​របស់​ជាតិ។ 
 
ការជំរុញនេះ ធ្វើឡើង​នាឱកាស​លោក ហ៊ុន ម៉ាណែត បានអញ្ជើញ​ជាអធិបតី​ក្នុងឱកាស​ប្រារព្ធ​ទិវាវប្បធម៌​ជាតិ ៣ មីនា លើកទី ២៦ ឆ្នាំ ២០២៤ និងពិធី​សំណេះសំណាល​ជាមួយ​សិល្បករ សិល្បការិនី ទូទាំងប្រទេស លើកទី ៥ ដែលប្រព្រឹត្តទៅ​នាមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍​កោះពេជ្រ កាលពី​ថ្ងៃទី ៧ ខែមីនា។ នាឱកាសនោះ លោកបានលើកឡើង​ថា ការគោរព​ស្រឡាញ់​វប្បធម៌​ជាតិ ជាពាក្យងាយ​ស្រួល​និយាយ ប៉ុន្តែ​ដើម្បី​ឱ្យមាន​ការគោរព​ស្រឡាញ់​ពិតប្រាកដ ជាដំបូង​យើងត្រូវ​មានចំណេះដឹង ឬត្រូវយល់​ដឹងឱ្យ​បានល្អ​អំពី​សិល្បៈវប្បធម៌​ជាតិ និងការចូលរួម​គ្រប់រូបភាព​ដល់​ការការពារ និងការលើក​ស្ទួយ​វប្បធម៌​ជាតិ។

លោកបានគូសបញ្ជាក់​ថា៖«សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ឆ្លុះបញ្ចាំង​នូវលក្ខណៈ​ដ៏ផូរផង់​របស់​ជាតិ។ ការរៀបចំឱ្យ​មានការប្រារព្ធ​ទិវា​វប្បធម៌ជាតិ​ជារៀងរាល់ឆ្នាំ មិនត្រឹមតែ​រំឭក​ទៅដល់​គុណូបការៈ​របស់បុព្វបុរស​ខ្មែរ​គ្រប់ជំនាន់​ប៉ុណ្ណោះទេ ប៉ុន្តែ ជាព្រឹត្តិការណ៍​រំឭក ពញ្ញាក់​អារម្មណ៍ និង បំផុស​ស្មារតី​ស្រឡាញ់ ថែរក្សា​ការពារ សិល្បៈ​វប្បធម៌​ជាតិ ដែលជាអត្តសញ្ញាណ​របស់​ជាតិ និង ប្រជាជន»។


គួរជម្រាប​ថា ក្នុងរយៈពេល ៩ ឆ្នាំ​ជាប់គ្នា​ចុងក្រោយនេះ រាជរដ្ឋាភិបាល​បានកំណត់​យកប្រធានបទ​តែមួយ គឺ «យុវជន ដើម្បី​វប្បធម៌​ជាតិ» ដោយសារ​តែវិសាលភាព​ដ៏ធំនៃ​វិស័យ​សិល្បៈ​វប្បធម៌ ការងារពង្រឹង ថែរក្សា និង អភិវឌ្ឍគ្មាន​ដែនកំណត់ ជាកាតព្វកិច្ច​ចាំបាច់​របស់​យុវជន​បន្តវេន ក៏ដូចជា វិស័យ​ដែលងាយរង​នូវ​ហានិភ័យ ដែលកើត​ចេញពីការកើន​ឡើង​នៃសកល​ភាវូបនីយកម្ម​សិល្បៈ​វប្បធម៌​ក្នុងតំបន់ និងពិភពលោក ព្រមទាំង​ពីស្ថានភាព​ដែលបច្ចេកវិទ្យា​បាន និងកំពុងប្រើប្រាស់​យ៉ាងទូលំទូលាយ​ក្នុង​សេដ្ឋកិច្ច និងសង្គម។
 
ក្នុងន័យនេះ ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ជ្រាប​ការយល់ដឹង បានបង្កើន​ឱកាស​នៃការចូលរួម បង្កើតឱ្យ​មានភាព​ទាក់ទាញ​កាន់តែខ្លាំង​ដល់​មហាជន​ទូទៅ ជាពិសេស​យុវជន និងពង្រឹង​សេចក្តី​គោរព​ស្រឡាញ់​មកលើ​វប្បធម៌ ទាំងរូបី និងអរូបិយ​របស់​ជាតិ។ ប្រជាជន​ខ្មែរ​គ្រប់រូប​សុទ្ធតែ​មានសេចក្តី​គោរពស្រឡាញ់ ប៉ុន្តែការយល់ដឹង​មិនគ្រប់​ជ្រុងជ្រោយ ងាយនឹងនាំ​ទៅដល់​សកម្មភាព​នានា ដែលបង្ក​ផលប៉ះពាល់​ជាអវិជ្ជមាន​ដល់​សិល្បៈ វប្បធម៌​ជាតិ ដោយមិន​ដឹងខ្លួន។
 
លោកថ្លែង​ថា៖«ក្នុងន័យ​នេះ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំង​សិល្បករ សិល្បការិនី ត្រូវបន្ត​កិច្ចខិតខំ​រួមគ្នា បង្កើតឱ្យ​បាននូវ​អត្ថបទ រូបភាព ក៏ដូចជា​ភាពយន្ត​ខ្លីៗ ដែលបង្កប់​ដោយការអប់រំ និងភាពទាក់ទាញ​ចំពោះការយល់ដឹង​របស់​យុវជន»។ 
 
ដោយឡែក ការបង្កើត​ឱ្យមាន​ព្រឹត្តិការណ៍​សិល្បៈ វប្បធម៌ ឱ្យកាន់តែ​ច្រើន ដូចជា ព្រឹត្តិការណ៍​រំឭក​គុណអង្គរ, សំណេរអង្គរ, រាត្រី​ចងចាំ, រាត្រី​សមោសរ​សម្លៀកបំពាក់​សំពត់បត់ខ្មែរ, ការប្រគំ​សិល្បៈ​តន្រ្តី​ប្រពៃណី និង ព្រឹត្តិការណ៍​ផ្សេងៗ នៅតាមទីតាំង​ប្រវត្តិសាស្ត្រ ជាដើម សុទ្ធតែជា​ទម្រង់​បញ្រ្ជាប​ការយល់ដឹង និង បង្កើតសេចក្តី​ស្រឡាញ់​ចំពោះ​វប្បធម៌​ជាតិ​យើង។ 


លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានផ្តល់​អនុសាសន៍ ដល់​ក្រសួង​វប្បធម៌ ត្រូវបង្កើន​កិច្ចសហការ​ដោយផ្ទាល់​ជាមួយ​មជ្ឈដ្ឋាន​ជំនាញ​សិល្បៈ លើកទឹកចិត្ត ឧបត្ថម្ភ​ជាជំនួយ​សម្ភារបច្ចេកទេស​ដល់​ក្រុម​យុវជន​ដែលកំពុង​ផ្តោតលើ​ការស្រាវជ្រាវ និង បង្កើត​ស្នាដៃ​ថ្មីៗ នៃសិល្បៈ​ទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និងស្នាដៃ​វប្បធម៌​ផ្សេងៗទៀត ដោយត្រូវ​រក្សាឱ្យ​បាននូវ​អត្តសញ្ញាណ ក្រមសីលធម៌​វិជ្ជាជីវៈ និងមានលក្ខណៈ​ប្រកួតប្រជែង។ 
 
លោកក៏បាន​ជំរុញយុវជន​ឱ្យផ្តោត​លើការពង្រឹង​គុណភាព ប្រណីតភាព ម៉ាកយីហោ​ផលិតផល ចៀសវាង​ការលួច​ចម្លង​នូវរាល់​ផលិតផល​សិល្បៈ​នានា ទាំង​បុរាណ សម័យ និងផលិតផល​ច្នៃប្រតិដ្ឋ​ថ្មី ដើម្បី​លើកកម្ពស់​ការផលិត និងពង្រឹង​ការទទួលស្គាល់ ទំនុកចិត្ត និង​ទីផ្សារ៕