
រូបសំណាកព្រះនារាយណ៍សំរឹទ្ធមានដើមកំណើតចេញពីប្រាសាទមេបុណ្យខាងលិចសតវត្សរ៍ទី ១១។ ក្រសួងវប្បធម៌
ភ្នំពេញ៖ រូបសំណាកព្រះនារាយណ៍ ឬព្រះវិស្ណុ ធ្វើពីសំរឹទ្ធមានដើមកំណើតចេញពីប្រាសាទមេបុណ្យខាងលិចសតវត្សរ៍ទី ១១ នៃឧទ្យានបុរាណអង្គរ គ្រោងនឹងទទួលការជួសជុល និងធ្វើការស្រាវជ្រាវបន្ថែមនៅប្រទេសបារាំង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនៅព្រឹកថ្ងៃទី ៧ ខែឧសភា នេះ នៅសារមន្ទីរជាតិកម្ពុជា ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Fabrice ETIENNE អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា លោក Jamel OUBECHOU តំណាងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេ និងលោកស្រី Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន ALIPH។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖ «អាចថា ការជួសជុលចម្លាក់នេះមានការស្មុគស្មាញ ពីព្រោះការជួសជុលកន្លងមក ត្រូវបានធ្វើឡើងយូរឆ្នាំហើយ តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០មក។ យើងចង់ផ្ទៀងផ្ទាត់ការជួសជុលពីសម័យនោះ និងបច្ចេកវិទ្យាសម័យបច្ចុប្បន្ននេះថា តើវាទំនើបជាងមុនកម្រិតណា ដែលអាចផ្លាស់ប្ដូរ ឬថែមថយយ៉ាងដូចម្ដេចចំពោះចម្លាក់លោហៈធាតុនោះ»។
ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសមួយរវាងបារាំង និងកម្ពុជាដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។
គម្រោងនេះ នឹងធ្វើការជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។

លោក វិសុទ្ធ ថ្លែងទទួលស្គាល់ថា សមត្ថភាពក្រុមការងារជួសជុលនៅក្នុងស្រុកមានកំណត់ រួមទាំងបច្ចេកវិទ្យាប្រើប្រាស់ ដោយមិនមានលទ្ធភាពជួសជុលចម្លាក់លោហៈយក្សប្រវែងប្រមាណ ៦ ម៉ែត្រនោះទេ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នេះជាឱកាសមួយដែលយើងបញ្ជូនចម្លាក់នេះចេញទៅក្រៅសម្រាប់ធ្វើការជួសជុល ហើយទន្ទឹមនេះ យើងក៏គិតរឿងធ្វើការផ្សព្វផ្សាយក្នុងការតាំងពិព័រណ៍នៅបរទេសផងដែរអំពីភាពប្រណីត ក៏ដូចជាស្នាដៃដ៏អស្ចារ្យរបស់ដូនតាយើង ដែលមានសមត្ថភាពសិតលោហៈធាតុមួយដ៏ធំមែនទែន ដែលអាចថា មានទំហំធំបំផុតប្រចាំតំបន់ផងនៅក្នុងសម័យកាលសតវត្សរ៍ទី ១១»។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយដើម្បីចែករំលែកពីបទពិសោធន៍ និងទេពកោសល្យក្នុងការសិតលោហៈនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង ៣៩ បំណែក ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១ពាន់ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។

ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន ១២៦ ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងបន្ដថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពីការវិវឌ្ឍន៍បច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរព រូបសំណាកព្រះនារាយណ៍សំរឹទ្ធ។ ក្រសួងវប្បធម៌
ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត។
ការធ្វើដំណើររបស់ប្រតិមាព្រះនារាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឱ្យសាធារណជនបានឈ្វែងយល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ៕