រូបចម្លាក់​សត្វ​អណ្ដើក​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ស្រះ​ទឹក​នៃ​ប្រាសាទ​បុរាណ​មួយ​ចំនួន​ ដែល​កសាង​ក្នុង​សម័យ​អង្គរ។ បច្ចុប្បន្ន​នេះ ​មាន​ចម្លាក់​អណ្ដើក​ចំនួន ៦ ត្រូវ​បាន​តម្កល់​នៅ​សារមន្ទីរព្រះ​នរោត្តម​សីហនុ-អង្គរ។

បើ​យោង​តាម​លោក ភួយ សាវឿត ​ប្រធាន​ស្ដីទី​សារមន្ទីរ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ចម្លាក់​អណ្ដើក​ទាំង​ ៦ ​ដែល​តម្កល់​នៅ​សារមន្ទីរ​នេះ មាន ៣ ធ្វើ​ពី​ថ្មភក់ ដែល​ក្នុង​នោះ ​ចម្លាក់​អណ្ដើត​ ២ ​រក​ឃើញ​នៅ​ស្រះស្រង់​កាល​ពី​ឆ្នាំ ២០២០ ​ហើយ​ចម្លាក់​មួយ​ទៀត​រក​ឃើញ​នៅ​ស្រះ​ទឹក​នៃ​ប្រាសាទ​បាយ័ន​ក្នុង​ខែ​មេសា ឆ្នាំ​ ២០២៤ ​នេះ។ ចំណែក​ចម្លាក់​ ៣ ទៀត​ធ្វើ​ពី​លោហៈ​ដែល​មាន​ទំហំ​តូចជាង​ចម្លាក់​ធ្វើ​ពី​ថ្មភក់ ត្រូវ​បាន​រក​ឃើញ​នៅ​ព្រលាន​ជល់​ដំរី។

ការ​រក​ឃើញ​ចម្លាក់​អណ្ដើក​ទាំង​នេះ​អាច​ចោទ​ជា​ចម្ងល់​ថា​តើ​ហេតុ​អ្វី​បាន​ជា បុព្វបុរស​ខ្មែរ​បញ្ចុះ​ចម្លាក់​អណ្ដើត​នៅ​តាម​ប្រាសាទ​និង​ស្រះ​ទឹក​ទាំង​នោះ។


មគ្គុទ្ទេស​ទេសចរណ៍​ម្នាក់​ឈ្មោះ ញឹម ស៊ីដេត បាន​ចែក​រំលែក​អាថ៌កំបាំង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ថា អណ្ដើក​គឺជា​អវតា​ទី២​នៃ​ព្រះ​វិស្ណុ​នៃ​សាសនា​ហិណ្ឌូ។ នៅ​ពេល​កូរសមុទ្រ​ទឹកដោះ​ដែល​ជា​ការ​ប្រជែង​គ្នា​រវាង​ពួក​យក្ស​និង​ក្រុម​ទេវតា​ដើម្បី​បាន​ទឹកអម្រឹត​ដែល​ជា​ថ្នាំ​ធ្វើ​ឲ្យ​មាន​ជីវិត​អមតៈ ក្រុម​ទាំងពីរ​បាន​យក​នាគ​វាសុគី​ជា​ព្រ័ត្រ ហើយ​យក​ភ្នំ​មន្ទរៈ​ជា​ស្នូល។ ប៉ុន្តែ ដោយ​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ពួក​យក្ស​និង​ទេវតា ធ្វើ​ឲ្យ​ភ្នំ​នោះ​ផ្អៀង ហើយ​ពេល​នោះ​ព្រះ​វិស្ណុ​ក៏​និមិត្ត​ធ្វើ​ជា​អណ្ដើក​ដើម្បី​ទប់​កុំ​ឲ្យ​ភ្នំ​នោះ​ផ្អៀង​ឬ​លិច​ចូល​ទៅ​ក្នុង​សមុទ្រ។


ដោយ​មូលហេតុ​នេះ​ហើយ​បាន​ជា​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ដែល​ភាគ​ច្រើន​មាន​ជំនឿ​លើ​សាសនា​ហិណ្ឌូ ឬ​ព្រហ្មញ្ញ​សាសនា​បញ្ចុះ​សត្វ​អណ្ដើត​ដើម្បី​ទ្រ​កុំឲ្យ​ប្រាសាទ​ស្រុត​ឬ​ផ្អៀង។


លោក​សាស្ត្រាចារ្យ​ប្រវិត្តិសាស្ត្រ​ និង​សិលាចារឹក ​វង់ សុធារ៉ា ថ្លែង​ថា មិន​មាន​ឯកសារ​ផ្លូវការ​ឬ​ក្បួន​ខ្នាត​ជា​លាយលក្ខណ៍​អក្សរ​ណា​មួយ​ដែល​ពន្យល់​អំពី​រឿង​នេះ​ទេ។ ប៉ុន្តែ លោក​ក៏​យល់​ឃើញ​ថា វា​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ទេវកថា ​កូរ​សមុទ្ទ​ទឹក​ដោះ​ដូច​ការ​លើក​ឡើង​របស់​លោក ស៊ីដេត ដែរ។


លោក​សាស្ត្រាចារ្យ​បន្ត​ថា​ បុព្វបុរស​ខ្មែរ​តែងតែ​កសាង​សំណង់​សាសនា ដោយ​បង្កប់​ន័យ​ទស្សនវិជ្ជា ​ជា​និមិត្តរូប ​តាមទ្រឹស្តី​សាសនា​ព្រាហ្មណ៍​របស់​ឥណ្ឌា​ ខុស​ពី​សំណង់​នានា​នៅ​ស្រុក​ឥណ្ឌា។

លោក​ថា ​គេ​អាច​ឃើញ​ប្រាសាទ​នានា​ជា​ជម្រក​របស់​អាទិទេព​ និង​ជា​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ​និង​ជា​ស្ថាន​សួគ៌​ពិសិដ្ឋ តែងតែ​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ ដែល​អ្នក​ប្រាជ្ញ​បារាំង​បាន​អះអាង​ថា ជា​និមិត្តរូប​មហា​សមុទ្ទ​ព័ទ្ធ​ទ្វីប ​ឬ​ ភ្នំ ​ខុស​ពី​ប្រាសាទ​នៅ​ប្រទេស​ឥណ្ឌា។

ហេតុផល​មួយ​ទៀត លោក​ថ្លែង​ដូច្នេះ​ថា៖ «តាំង​តែ​ពី​សម័យ​បុរាណ​មក​ មនុស្ស​បាន​ដឹង​ឮ​ទាំង​អស់​គ្នា​ថា អណ្ដើក​ជា​សត្វ​មាន​អាយុវែង​ជាង​គេ ក្នុង​ចំណោម​សត្វ​លោក​ទាំង​អស់។ ហេតុ​ដូច្នេះ ខ្ញុំ​យល់​ថា ការក​ឃើញ​រូប​បដិមា​អណ្ដើក​ថ្ម​នៅ​បាត​ប្រាសាទ​ ឬ​ស្រះ​ គួរ​តែ​ជា​និមិត្ត​រូប​ ឧទ្ទិស​ដល់​អណ្ដើក​កូម៌ៈ​ ជាអវតារ​របស់​ព្រះវិស្ណុ ​ដែល​កល់​ភ្នំ ​ឬ​ប្រាសាទ​ដែល​បាន​ពន្យល់​ខាង​លើ​ កុំ​ឱ្យ​ដួល​រលំ ឬ​អន្តរាយ​ក្នុង​ពេល​ដ៏​យូ​អង្វែង»។

ក្រៅ​ពាក់​ព័ន្ធ​នឹង​សាសនា​ហិណ្ឌូ សត្វអណ្ដើក​ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា​ផងដែរ គឺ​ព្រះពុទ្ធ​ទី៣ ឈ្មោះ​ថា ព្រះពុទ្ធកស្សបោ។ ក្នុង​កិច្ច​សាសនា គេតែង​ព្រលែង​សត្វ​អណ្ដើក​ដោយ​គេជឿ​ថា វា​នឹង​នាំ​គ្រោះ​ឧបទ្រព​ចង្រៃ​ឲ្យ​ចាកចេញ​ទៅ​តាម​ទឹក។ នេះបើ​តាម​ព័ត៌មាន​នៅ​សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ៕