ដើម្បីអបអរពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល ៦ ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា វត្ថុបុរាណចំនួន ៩៩ ដុំនឹងត្រូវដាក់តាំងនៅសារមន្ទីរជាតិ ចាប់ពីថ្ងៃស្អែក ដោយរូបទាំងនេះសុទ្ធតែត្រូវបានប្រគល់មកឲ្យកម្ពុជាវិញពីបរទេសបន្ទាប់ពីត្រូវបានលួចនាំចេញពីកម្ពុជាកាលពីសម័យសង្គ្រាម ឬក្រោយសង្គ្រាម។
បើតាមលោក វិសុទ្ធ រូបចម្លាក់ដែលនឹងត្រូវដាក់តាំងភាគច្រើនគឺជាគ្រឿងអលង្ការធ្វើពីមាស សំរឹទ្ធ។ ក្រៅពីនេះក៏មានចម្លាក់ថ្មចំនួន ៥ ដែលនឹងដាក់តាំងនៅដំណាក់កាលដំបូង។ បន្ទាប់មកនឹងមានការផ្លាស់ប្ដូររូបរៀងរាល់ខែ។
គិតចាប់ពីឆ្នាំ១៩៩៦មក កម្ពុជាទទួលបានវត្ថុបុរាណត្រឡប់មកវិញជាង ៨០០ដុំ ដែលក្នុងនោះទទួលបានរយៈការទាមទារនិងការចរចារបស់រាជរដ្ឋាភិបាលកម្ពុជាដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងតាមរយៈការប្រគល់ជូនមកវិញពីសប្បុរសជន។ នេះបើតាមលោក វិសទ្ធ។
ក្នុងឱកាសតាំងបង្ហាញនេះ លោក វិសុទ្ធ អំពាវនាវដល់សាធារណជន ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ និងសិស្សានុសិស្សឲ្យមកទស្សនាការតាំងពិព័រណ៍នេះឲ្យបានច្រើន ទោះបីជាសារមន្ទីរមិនអាចដាក់តាំងវត្ថុបុរាណដែលទទួលបានមកវិញទាំងអស់ក៏ដោយ។
លោកថ្លែងដូច្នេះថា៖ «យើងព្យាយាមដាក់តាំងរំលេចរូបសំខាន់ៗមួយចំនួនដែលយើងទទួលបានអាចថាមួយទសវត្សរ៍ចុងក្រោយនេះ។ គាត់អាចមកទស្សនារូបទាំងនោះ និងមកស្គាល់សារមន្ទីរជាតិផង ក្នុងនាមជាយុវជនជំនាក់ក្រោយ។ សម្រាប់ឪពុកម្ដាយ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ គាត់ក៏អាចមកទស្សនាបាននាឱកាសនេះដើម្បីលើកទឹកចិត្តឲ្យកូនតូចៗស្រឡាញ់ និងចូលរួមថែរក្សាការពារមរតកវប្បធម៌របស់ខ្មែរយើង»។
ការចូលទស្សនាសារមន្ទីរជាតិដែលនៅក្បែរព្រះបរមរាជវាំង មានតម្លៃ ៥០០រៀលសម្រាប់ពលរដ្ឋខ្មែរម្នាក់។ អ្នកទស្សនាគួរស្លៀកពាក់ឲ្យបានសមរម្យកុំឲ្យខើចលើខើចក្រោម ព្រោះសារមន្ទីរគឺជាកន្លែងតម្កល់វត្ថុបុរាណ។ នេះជាការអំពាវនារបស់លោក វិសុទ្ធ។
លោកថា ពេលមកដល់ ទស្សនិកជនគួរផ្ញើរកាបូបធំៗនៅកន្លែងផ្ញើរអីវ៉ាន់ ហើយមិនត្រូវកាន់ភេសជ្ជៈដើរបរិភោគនៅក្នុងសារមន្ទីរ និងមិនត្រូវស្ទាបរូបចម្លាក់នានាដែលដាក់តាំងដើម្បីការពារកុំឲ្យប៉ះពាល់ដល់រូបចម្លាក់ទាំងអស់៕