ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​រៀបចំ «មហោស្រព​ល្ខោន​បាសាក់​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤» ដើម្បី​លើក​ស្ទួយ និង​អភិរក្ស​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​បាន​បង្ហាញ​ថា៖ «ព្រឹត្តិការណ៍​រយៈពេល​បី​ថ្ងៃនេះ ដើម្បី​អបអរសាទរ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​សិល្បៈ​ល្ខោន​បាសាក់​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ​២០២៤ នៅ​សាល​មហោស្រព​នៃ​នាយកដ្ឋាន​សិល្បៈ​ក្នុង​រាជធានី​ភ្នំពេញ»។

មហោស្រព​នេះ​ក៏​នឹង​មាន​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ផងដែរ ដើម្បី​ធានាថា​មហោស្រព​សិល្បៈ​នេះ ទទួល​បាន​ទស្សនិកជន​កាន់​តែ​ទូលំទូលាយ។


ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ថែរក្សា​លើកស្ទួយ អភិរក្ស​តម្លៃ សិល្បៈ​វប្បធម៌​ប្រពៃណីជាតិ និង​អត្តសញ្ញាណ​ជាតិ។


សេចក្ដី​ប្រកាស​បាន​បន្ដថា​៖ «ការ​រៀបចំ​នេះ​ សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ ជាពិសេស​លើកទឹកចិត្ត​ដល់​សិល្បករ សិល្បការិនី​ជំនាញ​ល្ខោនបាសាក់​ឱ្យមាន​សកម្មភាព​ផុលផុស​ឡើងវិញ​»។​


សិល្បករ​មកពី​អង្គការ​នានា និង​សមាគម​សិល្បៈ​សាធារណៈ​ទូទាំងប្រទេស ដែលមាន​ជំនាញ​ខាង​ល្ខោនបាសាក់ ត្រូវបាន​លើក​ទឹក​ចិត្ដ​​ឱ្យ​ចូលរួមការ​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​​នេះ​។​


យោងតាម​លក្ខខណ្ឌនៃការ​ប្រកួត​ប្រជែង បាន​ឱ្យដឹងថា ក្រុម​ល្ខោនបាសាក់​នីមួយៗ​ដែលមាន​បំណង​ចូលរួម​ប្រកួត​​ ត្រូវ​ថត​វីដេអូ​ត្រង់​ឈុត​ឆាក​ណាមួយ​នៃ​សាច់រឿង​ដែលមាន​រយៈពេល​ចាប់ពី ១៥​នាទី ទៅ ២៥​នាទី និង​ជាទម្រង់​​វីដេអូ​។

វីដេអូ​នោះ​ត្រូវ​ជា​ការ​ផលិត​ថ្មី ​និង​មិនមាន​ការកាត់ត ឬ​យក​វីដេអូ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​មក​ចូលរួម​ប្រកួត​។

វីដេអូ​សម្តែង​ក្រោម​ប្រធានបទ «​ចង្កឹះ​មួយ​បាច់​» ដែលមាន​រយៈពេល​ពី​១៥​នាទី ទៅ ២៥​នាទី សម្រាប់​វគ្គ​ប្រកួត​ប្រជែង​ជម្រុះ​ ហើយ​ចំពោះ​វគ្គ​ផ្តាច់ព្រ័ត្រ វាជា​ការសម្តែង​ផ្ទាល់​ក្រោម​ប្រធានបទ «​ចង្កឹះ​មួយ​បាច់​» ដដែល​នៅ​សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ ទស្សនីយភាព​ដែលមាន​រយៈពេល​សម្តែង​ចន្លោះ​ពី ៦០​នាទី ទៅ ៨០​នាទី​។

ក្រុម​ល្ខោន​បាសាក់​នីមួយៗ​ត្រូវបាន​ស្នាដៃរបស់​ខ្លួន​​តាមរយៈ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត ​ឬ​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​មហោស្រព​ល្ខោនបាសាក់​ដោយផ្ទាល់ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​រហូត ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤។

បន្ទាប់​មក ​គណៈកម្មការ​មេ​ប្រយោគ ពិនិត្យ​វាយតម្លៃ និង​សម្រេច​ជ្រើស​រើសយក​ចំនួន ៥​ក្រុម ដើម្បី​បន្តទៅ​វត្ត​ផ្តាច់ព្រ័ត្រ​។ ការប្រកាស​លទ្ធផល​ក្រុម ល្ខោនបាសាក់​ដែល​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ តាមរយៈ​បណ្តាញ​សង្គម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​។​

សេចក្ដី​ប្រកាស​បាន​បន្ថែម​ថា​៖ «​ក្រុម​ល្ខោនបាសាក់​ដែល​ត្រូវបាន​ជ្រើសរើស​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ត្រូវ​មក​ប្រឡង​ដោយផ្ទាល់​នៅ សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព រយៈពេល ០៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​២៥-២៧ ខែតុលា ឆ្នាំ ២០២៤ ដោយ​ការសម្តែង​ត្រូវមាន​រយៈពេល​ចន្លោះ​ចាប់ពី ៦០​នាទី ទៅ ៨០​នាទី»​។​

ម្ចាស់​​រង្វាន់​ជ័យលាភីលេខ​ ១ ​​​ដែល​ឈ្នះ​ការប្រកួតប្រជែង​ក្នុង «​មហោស្រព​ល្ខោនបាសាក់ ទូទាំងប្រទេស​ឆ្នាំ​២០២៤» ​ទទួល​​បាន​ពានមាស ១ បណ្ណ​សរសើរ និង​ប្រាក់រង្វាន់​ចំនួន ៨​លាន​រៀល​ ​​ជ័យលាភី​លេខ​២ទទួលបាន​ពានប្រាក់ ១ បណ្ណ​សរសើរ និង​ប្រាក់រង្វាន់​ចំនួន ៦​លាន​រៀល ខណៈ​​​ជ័យលាភី​លេខ​៣​ ទទួលបាន​ពាន​សំរឹទ្ធ ១ បណ្ណ​សរសើរ និង​ប្រាក់រង្វាន់​ចំនួន ៤​លាន​រៀល​។ 

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕