ភ្នំពេញ៖ ក្នុង​ការ​ចែក​រំលែក​នូវ​​ការ​ចងចាំ​វប្បធម៌ និង​សកម្មភាព​សិល្បៈ ក្រុម​សិល្បករ​មួយ​ក្រុម​បាន​រួម​គ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាជន​ ប៉ាឡេស្ទីន ​ក្នុង​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ថា បុណ្យ​ភ្ជុំបិណ្ឌ​​សម្រាប់​ប៉ាឡេស្ទីន​។

រៀបចំ​នៅ FT Gallery, Factory Phnom Penh នៅ​ថ្ងៃទី ២៦ ខែ​កញ្ញា ការ​តាំង​ពិព័រណ៍​សប្បុរសធម៌​បុណ្យ​ភ្ជុំបិណ្ឌ​ ដ៏​ពិសេស​នេះ​នឹង​រួម​បញ្ចូល​សិល្បៈ តន្ត្រី និង​ប្រពៃណី​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។

បើ​យោង​តាម​អ្នក​រៀបចំ​ដែល​មាន​​ទាំង​ខ្មែរ និង​អន្តរជាតិ​រស់នៅ​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា៖​«ព្រឹត្តិការណ៍​នេះ​ក៏​មាន​គោល​បំណង​រៃ​អង្គាស​ថវិកា​សម្រាប់​មូលនិធិ​សង្គ្រោះ​កុមារ​ប៉ាឡេស្ទីន (PCRF) ដែល​ផ្តល់​ការ​ថែទាំ​ព្យាបាល​ជាបន្ទាន់​ដល់​កុមារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កំពុង​បន្ត​នៅ​តំបន់​ហ្គាហ្សា»។


បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​​គោរព​វិញ្ញាណក្ខន្ធ​បុព្វការី​ជន បួងសួង​សុំ​សេចក្តីសុខ​។​


អ្នករៀបចំ​កម្មវិធី​បាន​និយាយ​ថា ឆ្នាំនេះ វិចិត្រករ​កម្ពុជា​ដែល​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​​នេះ ប្រើ​ស្នាដៃ​សិល្បៈ​ស្ដីពី​​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​ពួកគេ និង​ទុក្ខលំបាក​របស់​ប្រជាជន​ប៉ាឡេស្ទីន។


ភាព​ភ័យ​ខ្លាច​ដោយ​សង្គ្រាម ការ​ប្រល័យ​ពូជសាសន៍ និង​ការ​មិន​អើពើ​​ជា​សកល​ក្នុង​អំឡុង​សម័យ​ខ្មែរក្រហម ប្រជាជន​កម្ពុជា​មើល​ឃើញ​ថា​ នៅ​ក្នុង​ប្រទេស​ប៉ាឡេស្ទីន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​តស៊ូ​អតីតកាល​របស់​ពួកគេ​ផ្ទាល់។


អ្នករៀបចំ​ពហុជាតិ​បាន​និយាយ​ថា៖ «ដូច​ដែល​យើង​ចងចាំ និង​គោរព​ដល់​បុព្វការី​ជន​របស់​យើង យើង​សូម​សម្តែង​នូវ​ក្តី​មេត្តា​ដ៏​ស្មោះស្ម័គ្រ​របស់​យើង​ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន​ដែល​កំពុង​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ និង​ការ​បាត់បង់​មនុស្សជាតិ»។

ការ​តាំង​ពិព័រណ៍​នេះ​មាន​សិល្បករ​ជាង ២០ នាក់ រួម​ទាំង​ប្រជាជន​ខ្មែរ​ក្នុង​ ខ្មែរ​នៅ​បរទេស​​ និង​ប៉ាឡេស្ទីន​។ ពួកគេ​សង្ឃឹម​ថា​នឹង​ផ្ញើសារ​នៃ​ការ​រួបរួម​នេះ​​តាម​រយៈ​ការ​ចែករំលែក​បទពិសោធន៍​នៃ​ស្លាក​ស្នាម​ និង​ការរស់រាន​មាន​ជីវិត។

ស្នាដៃសិល្បរបស់សិល្បករ សំ ដា​រ៉ូ សម្រាប់ពិព័រណ៍​មនុស្សធម៌​ បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ប៉ាឡេស្ទីន។ រូបថត សហការី

សិល្បករ សំ ដា​រ៉ូ ជាសិល្បករ​​ដ៏​លេចធ្លោ​មួយរូប ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ប្រកាស​ពី​ការចូលរួម​របស់​លោក។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ថ្ងៃ​ព្រហស្បត្តិ៍​នេះ ខ្ញុំ​នឹង​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​សប្បុរសធម៌​មួយ​ដែល​មាន​ឈ្មោះថា បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ប៉ាឡេស្ទីន។ ខ្ញុំ​នឹង​បង្ហាញ​ស្នាដៃ​សិល្បៈ​ចំនួន ៣ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ១ ក្នុងចំណោម ៣ នឹង​ត្រូវបាន​បង្ហោះ​ក្នុង​ពេល​ឆាប់ៗ​នេះ»​។​

លោក​បន្ដថា​៖ «​ទោះជា​យ៉ាងនេះ​ក្តី រូប​២​ផ្សេង​ទៀត ប្រហែល​ជា​មិន​ត្រូវ​បាន​បង្ហោះ​នៅលើ Facebook ឬ Instagram ទេ​ ព្រោះ​ខ្ញុំ​គិត​ថា ការងារ​សិល្បៈ​អាច​បង្ក​ភាព​ចម្រូងចម្រាស​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​របស់​ខ្ញុំ​នៅលើ​បណ្តាញ​សង្គម»។​

កម្មវិធី​​នេះ​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការលក់​វត្ថុ​និមិត្តសញ្ញា​ដូចជា​ក្រមា​ខ្មៅ-ស (ក្រមា​ខ្មែរ​បុរាណ) ដែល​ប្រាក់​ចំណូល​នឹង​បរិច្ចាគ​ទៅ PCRF ។​

ព្រឹត្តិការណ៍​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន មាន​គោលបំ​ណង​អប់រំ​យុវជន​ខ្មែរ​អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្នុងប្រទេស​ប៉ាឡេស្ទីន ដោយ​គូរ​ប្រដូច​ទៅនឹង​សង្គ្រាម និង​របួសស្នាម​ដែល​ដូនតា​របស់​ពួកគេ​ជួបប្រទះ​។​

តាមរយៈ​ការលក់​ស្នាដៃ​សិល្បៈ និង​ក្រ​មាស​-​ខ្មៅ ព្រឹត្តិការណ៍​នេះ​នឹង​រៃអង្គាស​ថវិកា​សម្រាប់​អង្គការក្រៅ​រដ្ឋាភិបាល​ដែល​ផ្តល់​ការថែទាំ​សុខភាព​ដល់​កុមារ​នៅ​ហ្គាហ្សា។

អ្នករៀបចំ​បាន​និយាយថា៖ «​វា​ក៏​ស្វែងរក​ការពង្រីក​សំឡេង​របស់​វិចិត្រករ​ប៉ា​ឡេ​ស្ទី​ន និង​ក្នុង​តំបន់ លើកកម្ពស់​សាមគ្គីភាព និង​ការលើក​កម្ពស់​ការយល់​ដឹង​អំពី​វិបត្តិ។ តាមរយៈ​ការភ្ជាប់​បទពិសោធន៍​ចែករំលែក​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​រវាង​កម្ពុជា និង​ប៉ាឡេស្ទីន ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​អំណាច​និមិត្តសញ្ញា​នៃ​ការចងចាំ និង​ឯកភាព​ជាតិ​»។​

អ្នករៀបចំ​កម្មវិធី ដែលជា​សម្ព័ន្ធ​អ្នកសិល្បៈ​ខ្មែរ និង​អន្តរជាតិ ជឿថា ការ​​​សាមគ្គីភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន មិនមែន​គ្រាន់តែ​ជា​សកម្មភាព​សប្បុរសធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ទទួល​​ខុសត្រូវ​ខាង​សីលធម៌។

ក្នុង​នាម​ជា​អ្នក​រៀបចំ​ម្នាក់ កញ្ញា​ Adana Mam Legros បាន​និយាយ​ថា៖ «​វា​ជាកា​រ​ទទួល​​ខុសត្រូវ​របស់​យើង​ក្នុងនាម​មនុស្ស​ជាតិ ជាពិសេស​ជា​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ជំនា​ន់ទី ១ និង​ទី ២ ដើម្បី​ក្រោក​ឈរឡើង និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​យើង​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន»៕