ភ្នំពេញ៖ ចំពោះ​ការ​​រៀបចំ​ប្រារព្ធ «​ទិវា​វប្បធម៌​ជាតិ​» លើកទី២៧​នេះ រាជរដ្ឋាភិបាល​នៅ​បន្ត​រក្សា​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដែល​ផ្ដោត​ចម្បងលើ​តួនាទី​សំខាន់​របស់​យុវជន​កម្ពុជា​ក្នុង​ការ​អភិរក្ស​ និង​លើក​តម្កើង​បេតិកភណ្ឌ​ដូនតា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​។

ទិវា​វប្បធម៌​ជាតិ ​ដែល​ត្រូវបាន​កំណត់​យក​ចន្លោះ​ចាប់ពី​ថ្ងៃទី​៣ ខែមីនា រហូតដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រារឰ​ឡើង​ដើម្បី​រំឭក​ដល់​គុណូបការៈ​របស់ បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត បញ្ញា​ស្មារតី និង​អាយុជីវិត ក្នុងការ​បង្កើត ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន។ 

យោងតាម​សរាចរ​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ចុះ​ថ្ងៃ​ទី៣១ ខែមករា​ បាន​ឱ្យដឹងថា៖ «​ទិវា​វប្បធម៌​ជាតិ​ក៏​ជា​ឱកាស​ដ៏​មានតម្លៃ​ដើម្បី​ចូលរួម​បំផុស​នូវ​មនសិការ​ស្រឡាញ់ សិល្បៈ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​កេរដំណែល​ដូនតា​ជាច្រើន​ទៀត​ដែលជា​ដួងព្រលឹង​និង​អត្តសញ្ញាណ​ជាតិ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប»​។ 


លោក ស៊ំ ម៉ាប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ប្រធានបទ​សម្រាប់​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​គឺ​នៅតែ​រក្សា​ប្រធានបទ​តែមួយ​គឺ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»។

លោក​បាន​ថ្លែងថា​៖ «ប្រធាន​បទ​នេះ​បាន​​ផ្តល់​អាទិភាព​ដល់​យុវជន​ដែលជា​សសរស្តម្ភ​របស់​ជាតិ ​និង​ជា​អ្នក​បន្តវេន​ចូលរួម​ផ្សាភ្ជាប់​ខ្លួន​ក្នុង​ការងារ​អភិរក្ស លើកស្ទួយ និង​អភិវឌ្ឍន៍​សិល្បៈ​វប្បធម៌​របស់​យើង។ ​​ម្យ៉ាង​ទៀត វា​ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគេ​ឱ្យមាន​គំនិត​ឆ្នៃប្រឌិត​ប​ង្តើ​ត​ផលិតផល​សិល្បៈ​ថ្មីៗ​ដោយ​ឈរលើ​មូលដ្ឋាន​អត្តសញ្ញាណ​ជាតិ​ផងដែរ»​។ 


សរាចរ​បាន​បន្ដថា ទិវា​នេះ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ ភាពជា​ម្ចាស់​នៃ​កេរដំណែល​វប្បធម៌ និង​ភាពជា​ពលរដ្ឋ​ក្នុងសង្គម​ដែល មាន​អារ្យធម៌​ខ្ពស់ ប្រកបដោយ​សីលធម៌ សមធម៌ និង​បរិ​យាប​ន្ន សំដៅ​ធានាបាន​នូវ​សុខដុមរមនា​សង្គម សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​ជាតិ ដើម្បី​ចូលរួម​កសាង​កម្ពុជា​ជា​អរិយ​ប្រទេស។


«ស្នាមញញឹមកម្ពុជា» លើកទីពីរ​ត្រូវបាន​រៀបចំឡើង​អបអរ​ប្រារព្ធខួបលើកទី២០ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះបាទនរោត្តម សីហមុនី ក្នុងឆ្នាំ២០២៤​។ រូបថត សហការី​

លោក ម៉ាប់ បាន​ឱ្យដឹងថា ក្រសួង​តែងតែ​ពង្រឹង​គោលនយោបាយ​សម្រាប់​យុវជន​ក្នុង​វិស័យ​វប្បធម៌​តាមរយៈ​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​នានា​ ដូចជា ការ​​ផ្សព្វផ្សាយ បណ្តុះបណ្តាល និង​សិក្ខាសាលា​នៅតាម​សហគមន៍ និង​គ្រឹះស្ថាន​សិក្សាអប់រំ​នានា​ដោយ ផ្តោតទៅលើ​ការអភិរក្ស លើកស្ទួយ និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​រូបី​និង​អរូបី។

លោកបានបន្ថែមថា ក្រសួង​ក៏​បាន​​បង្កើត បង្កើន និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ព្រឹត្តិការណ៍​សិល្បៈ​វប្បធម៌​ថ្មីៗ​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ដែល​ផ្តល់​អាទិភាព​ដល់​ការចូលរួម​របស់​យុវជន​បន្តវេន​។

ក្រសួង​វប្បធម៌ បានរៀបចំ​សកម្មភាព និង​កម្មវិធី​ផ្សេងៗ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ​មាន​គោលបំណង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ចម្រុះ​របស់​កម្ពុជា​ដ៏​រស់​រវើក និង​បរិ​យាប​ន្ន​។ 

លោក ម៉ាប់ បាន​និយាយថា នៅ​ថ្នាក់ជាតិ ក្រសួង​បានរៀបចំ​ពិធី​ដ៏​ធំ​នៅ​ថ្ងៃទី​០៥ ខែមីនា​គឺជា​ការ​ប្រារឰ​ទិវា​វប្បធម៌​ជាតិ​​ និង​ជួបជុំ​សំណេះសំណាល​លើក​ទី​០៦ រវាង​​លោក​​នាយករដ្ឋមន្ត្រី និង​មហា​គ្រួសារ សិល្បករ​សិល្បការិនី​ទូទាំងប្រទេស ដែលមាន​ការសំដែងរ​បាំ ល្ខោន និង​ការប្រគុំ​តន្ត្រី ដែល​បង្ហាញ​ពី​ប្រពៃណី សិល្បៈ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​។ 

ចំណែកឯ​នៅ​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​នៅតាម​គ្រីះ​ស្ថាន​សិក្សា​នានា ស្ថានទូត​ខ្មែរ ​និង​សហគមន៍​ខ្មែរ​នៅ​បរទេស ក្រសួង​​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស ​និង​ធនធានមនុស្ស​ដល់​សម​កម្ម​ភាព ​ដូចជា​  ក្បួន​ដង្ហែ​វប្បធម៌ ការសម្តែង សិល្បៈ​គ្រប់​ទម្រុង ការតាំង​ពិ​ព័រ​ណ៌​សិល្បៈ​សិប្បកម្ម​ជាដើម​។

ក្រសួង និង​ស្ថាប័ន​​នានា​បាន​ចូលរួម​កម្លាំង​ដើម្បី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ រួមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្តួចផ្តើម​គំនិត​នៅក្នុង​សាលារៀន ដើម្បី​បណ្តុះ​មោទនភាព​វប្បធម៌​ដល់​សិស្ស​។​

ក្រសួងទេសចរណ៍​ក៏​កំពុងធ្វើការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ទៅក្នុង​វិស័យ​ទេសចរណ៍​ ដោយ​អញ្ជើញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនាកម្សាន្ដ និង​សកម្មភាព​​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​

កញ្ញា សុខគា គឹមលាង ហៅ Kon Ant សម្តែងរបាំអប្សរា នៅលើភ្នំទឹកកក​ Aoraki Mount Cook ក្នុងប្រទេស New Zealand។ រូបថត សហការី ​

លោក ម៉ាប់ បាន​ថ្លែង​ថា ក្រសួង​កំពុង​ពង្រឹង​ភាពជា​ដៃគូ​លើ​វិស័យ​ផ្សេងៗ ដើម្បី​លើកកម្ពស់ និង​អភិរក្ស​បេតិកភណ្ឌ​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងទេសចរណ៍​ក្នុងការ​បញ្ចូល​ព្រឹត្តិការណ៍​វប្បធម៌​ទៅក្នុង​ការអភិវឌ្ឍន៍​ទេសចរណ៍ ដោយ​ទាក់ទាញ​អ្នកទស្សនា​តាមរយៈ​ការសម្តែង​បែប​ប្រពៃណី និង​ដំណើរ​ទេសចរណ៍វប្បធម៌»។​

ការអប់រំ​ក៏មាន​តួនាទី​សំខាន់​ផងដែរ ដោយ​ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បញ្ចូល​វប្បធម៌​ខ្មែរ​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​សាលា​។​

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​៖ «​ពី​ការចូល​ទស្សនា​សារមន្ទី​រ ទៅ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ប្រវត្តិសាស្ត្រ យើង​មាន​គោលបំណង​ដើម្បី​បណ្តុះ​តម្លៃ​វប្បធម៌​ដល់​យុវជន​ជំនាន់​ក្រោយ​»​។​

វិស័យ​ឯកជន​គឺជា​ដៃគូ​ដ៏​សំខាន់​មួយទៀត​ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​សម្រាប់​ផលិតកម្ម​សិល្បៈ​។​

លើសពីនេះ ក្រសួង​កំពុង​ពង្រីក​ភាពជា​ដៃគូ​អន្តរជាតិ ដោយ​ចូលរួម​ជាមួយ​ស្ថានទូត​បរទេស និង​ស្ថាប័ន​វប្បធម៌ ដើម្បី​បង្ហាញ​វប្បធម៌​ខ្មែរ​ទូទាំង​ពិភពលោក​តាមរយៈ​ការតាំងពិព័រណ៍ ការសម្តែង និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

ដើម្បី​ធានាឱ្យមាន​ការចូលរួម​ជា​សាធារណៈ​កាន់តែ​ទូលំទូលាយ ក្រសួង​ធ្វើការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ទិវា​វប្បធម៌​ជាតិ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ឌីជីថល​។​

លោក ម៉ាប់ បាន​ឱ្យដឹង​ថា៖ «​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ជួយ​បង្កើន​ការយល់ដឹង​ជា​សាធារណៈ​អំពី​អត្តសញ្ញាណ​វប្បធម៌​របស់​យើង និង​ពង្រឹង​មោទនភាព​ជាតិ»៕