
ភាពយន្តខ្មែរ-កាណាដា Loot: A Story of Crime and Redemption និងភាពយន្តឯកសារដ៏ល្បីរបស់សមិទ្ធិករភាពយន្តអាមេរិកលោក John Pirozzi ក្រោមចំណងជើងថា «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់»។ រូបភាព សហការី
ខេត្តកែប៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) សហការជាមួយ «សិល្បៈដើម្បីកែប» នឹងបង្ហាញនូវកម្មវិធី «CIFF 360» នៅខេត្តកែប ជាគំនិតផ្តួចផ្តើមថ្មីមួយដើម្បីនាំយកភាពអស្ចារ្យនៃវិស័យភាពយន្តមកបណ្តាខេត្តនានារបស់កម្ពុជា។
ចាប់ពី ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ព្រឹត្តិការណ៍ចុងសប្តាហ៍មួយនេះ កម្មវិធីថ្មីស្រឡាង «CIFF 360» ដាក់បញ្ចាំងភាពយន្តដោយឥតគិតថ្លៃ និងសកម្មភាពជាច្រើននៅក្នុងបរិយាកាសរស់រវើកនៃវប្បធម៌នៃខេត្តកែប ដោយមានវត្តមានចូលរួមពីសមិទ្ធិករភាពយន្ត និងភ្ញៀវពិសេសជាច្រើនរូបផងដែរ។
លោក Cedric Eloy នាយកមហោស្រពភាពយន្ត CIFF បានឱ្យដឹងថា៖ «CIFF 360 នៅខេត្តកែប គឺនិយាយអំពីវិមជ្ឈការក្នុងការចូលប្រើប្រាស់វប្បធម៌ និងភាពយន្ត ដើម្បីអប់រំ បំផុសគំនិត និងភ្ជាប់សហគមន៍។ យើងពិតជារំភើបរីករាយក្នុងការអបអរសាទរទេពកោសល្យកម្ពុជា និងផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងខេត្តដ៏ស្រស់ស្អាតនេះ»។
យោងតាមអ្នករៀបចំកូនមហោស្រពនេះ បានបង្ហាញថា កម្មវិធី CIFF 360 នៅខេត្តកែប នឹងរៀបចំការបញ្ចាំងនៅទីតាំងល្បីៗ រួមមាន The Wave @ Kep West និង The Lounge @ Kep West Wellness Center នៅពេលថ្ងៃ ដែលបង្កើតបរិយាកាសស្និទ្ធស្នាល និងគួរអោយទាក់ទាញ។
មហោស្រពចាប់ផ្តើមជាមួយនឹងកម្មវិធី Opening Night នៅ ថ្ងៃទី ២៣ ឧសភា ដែលបង្ហាញពីភាពយន្តឯកសារដ៏ល្បីរបស់សមិទ្ធិករភាពយន្តអាមេរិកលោក John Pirozzi ក្រោមចំណងជើងថា «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» ដែលរំឭកនូវអនុស្សាវរីយ៍ វិស័យតន្ត្រីដ៏រស់រវើកនៃប្រទេសកម្ពុជាមុនសម័យខ្មែរក្រហម។
ចំណុចពិសេសៗ រួមមាន ភាពយន្តខ្មែរ-កាណាដា Loot: A Story of Crime and Redemption ជាការខិតខំស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ ដែលបង្ហាញវត្តមានរបស់សហអ្នកនិពន្ធកម្ពុជាលោក អ៊ុច មករា រួមជាមួយនឹងភាពយន្តឯកសារខ្លីៗ និងភាពយន្តជនជាតិដើមភាគតិចកម្ពុជា ស្តីពីជីវិតកម្ពុជា ដែលផលិតដោយផលិតករវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលនៅ មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ការបង្ហាញទេពកោសល្យប្លែកៗ។
រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្មវិធីភាពយន្តតាមខេត្តសាកល្បងនេះត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណា សិល្បៈ សម្រាប់ខេត្តកែប គណៈកម្មការភាពយន្តកម្ពុជា និង នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ។ ដៃគូផ្លូវការរួមមាន អង្គការសហប្រជាជាតិនៅកម្ពុជា UNDP, Kep West និង Knai Bang Chatt។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងការផ្សារភ្ជាប់សហគមន៍តាមរយៈខ្សែភាពយន្តនៅទីកន្លែងនានាទូទាំងខេត្តកែប ដែលត្រូវបានពង្រឹងដោយវត្តមានរបស់ផលិតករភាពយន្ត និងភ្ញៀវពិសេស។
លោក Jef Moons ស្ថាបនិកសិល្បៈខេត្តកែប បាននិយាយថា៖ «កែបតែងតែជាកន្លែងនៃសម្រស់ធម្មជាតិ និងថាមពលច្នៃប្រឌិត។ ជាមួយនឹងកម្មវិធី CIFF 360 យើងនឹងប្រែក្លាយវាទៅជាដំណាក់កាលវប្បធម៌ ដែលរឿងរ៉ាវមានជីវិត សំឡេងយុវជនសម័យថ្មីត្រូវបានឮ ហើយសហគមន៍ប្រមូលផ្តុំមិនត្រឹមតែដើម្បីមើលភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍បំផុសគំនិតពីពួកគេផងដែរ»។
ការចូលទស្សនាភាពយន្តនិងកម្មវិធីនានាគឺ មិនគិតថ្លៃនោះទេ សម្រាប់អ្នកមកមុន និងទទួលបានសំបុត្រមុន។ សំបុត្រនឹងមាននៅបញ្ជរ CIFF មួយម៉ោងមុនការបញ្ចាំងនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.facebook.com/cambodiaiff/៕