ភ្នំពេញ៖ ខណៈដែល Musica Felice ត្រៀម​រៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​​លើក​ទី ១៤​ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​១១ ខែ​ឧសភា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

Musica Felice ​ជា​ក្រុម​ចម្រៀង​សប្បុរសធម៌​អន្តរជាតិ​ដែល​​ប្រើប្រាស់​តន្ត្រី​ជា​មធ្យោបាយ​សម្រាប់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន តែងតែ​រៀបចំ​ព្រឹត្ដិការណ៍សប្បុរសធម៌​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​។​

អ្នកស្រី​ Miwako Fujiwara អ្នកសិល្បៈ​ និង​ជា​អ្នកដឹកនាំ​ Musica Felice បាន​ឱ្យ​ដឹង​ថា៖ «​​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​របស់​យើង​គឺជា​ការសម្ដែង​​សិល្បៈ​ក្នុង​គ្រប់​ទម្រង់​ទាំងអស់​»។​


ការប្រគុំ​តន្ត្រី​នៅ​ឆ្នាំនេះ ដែល​ស្របតាម​ការ​ប្រារព្ធ​ទិវា​អឺរ៉ុប​របស់​សហភាព​អឺរ៉ុប ផ្តល់​ច្រើនជាង​ការសម្ដែង​​តន្ត្រី​ទៅទៀត​។ វា​រួមបញ្ចូល​គ្នា​នូវ​ភាពស្រស់ស្អាត​នៃ​បទ​ចម្រៀង​ជាមួយនឹង​ភាព​ច្នៃប្រឌិត​នៃ​សិល្បៈ​ផ្ទាល់ ដែល​ធ្វើឱ្យ​វា​ក្លាយជា​បទពិសោធន៍​ដ៏​ពិ​សេសមួយ​។

អ្នកស្រី​​បាន​និយាយថា៖ «​​ទស្សនិកជន​នឹង​ទទួល​បទពិសោធន៍​វា​តាមទម្រង់​សិល្បៈ​​ច្នៃប្រឌិត និងបង្កើន​ភាព​​រីករាយ​។ វា​នឹង​ដូចជា​ការដើរ​ឆ្លងកាត់​សារមន្ទីរ​នៅ​អឺរ៉ុប»។​


ពេល​ល្ងាច​នឹងមាន​ការសម្តែង​ដ៏​អស្ចារ្យ​ដោយ​ក្រុម​ចម្រៀង Musica Felice ដែលមាន​បញ្ជី​ឈ្មោះ​បុគ្គល​​មាន​ទេពកោសល្យ​​មកពី ២១ ប្រទេស​។​


លើសពីនេះ សិល្បករ​ខ្មែរ​ចំនួន​ប្រាំ​រូប​នឹង​បង្ហាញ​ឧបករណ៍​ប្រពៃណី​ខ្មែរ លាយ​ឡំ​សំឡេង​ចម្រៀង​ខ្មែរ​គួប​ផ្សំ​​តន្ត្រី​អន្ដរជាតិ​​ ហើយ​​វិចិត្រករ​ជនជាតិ​អ៊ីតាលី Romain “Roma” Garzonnio ក៏​នឹង​បង្ហាញ​ស្នាដៃ​គូរ​គំនូរ​ផ្ទាល់​អំឡុង​ពេល​ការ​ប្រគុំ​តន្ដ្រី​នោះ​ផង​ដែរ។

អ្នកស្រី​ Fujiwara បានបន្ដថា៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​​​លោក​ Roma បាន​ចូលរួម​ជាមួយ​យើង​។ ​ទេពកោសល្យ​របស់គាត់​គឺ​មិនធម្មតា​ទេ ហើយ​វា​នឹង​ធ្វើឱ្យ​ទស្សនិកជន​រំភើប​រីករាយ​ក្នុងការ​ទស្សនា​ដំណើរការ​ច្នៃប្រឌិត​រប​ស់គា​ត់ ខណៈពេលដែល​រីករាយ​នឹង​តន្ត្រី​»។

ការប្រគុំ​តន្ត្រី​នេះ​មិនមែន​សម្រាប់តែ​សិល្បៈ​ប៉ុណ្ណោះ​ទេ វា​និយាយ​អំពី​ការផ្តល់​មកវិញ​ដល់​សហគមន៍​។ មូលនិធិ​ដែល​ប្រមូលបាន​ពី​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អង្គការ​ក្នុងស្រុក​ចំនួន​ពីរ​គឺ​សាលា​សណ្ឋាគារ និង​ភោជនីយដ្ឋាន Sala Baï និង Tiny Toones​។

Sala Baï មាន​ទីតាំងនៅ​ខេត្តសៀមរាប ជួយ​យុវជន​ដែល​ជួប​ការលំបាក ជាពិសេស​កុមារី ឱ្យ​រួច​ផុតពី​វដ្ត​នៃ​ភាពក្រីក្រ និង​ការជួញដូរ​មនុស្ស តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​បដិសណ្ឋារកិច្ច​។​

លោក Renaud Fichet នាយក​កម្មវិធី​នៅ​សាលា Sala Baï បាន​ឱ្យ​ដឹង​ថា៖ «​​មូលនិធិ​ដែល​បាន​រៃអង្គាស​នឹងមាន​ឥទ្ធិពល​យ៉ាងសំខាន់​លើ​បេសកកម្ម​របស់​យើង​ក្នុងការ​ផ្តល់ឱ្យ​យុវជន​ទាំងនេះ​នូវ​អនាគត​ដ៏​ពេញលេញ​មួយ»។​

Tiny Toones ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ផ្តល់​អំណាច​ដល់​កុមារ និង​យុវជន​ដែលមាន​ហានិភ័យ​តាមរយៈ​សិល្បៈ និង​ការអប់រំ​។

អង្គការ​ផ្តល់​កន្លែង​សុវត្ថិភាព ដែល​យុវជន​អាច​បញ្ជូន​ថាមពល​របស់​ពួកគេ​ទៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ច្នៃប្រឌិត កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ជំនាញ​សម្រាប់​ឱកាស​ការងារ​កាន់តែ​ប្រសើរ​។​

លោក ឈឿង សឿត​រ៉េត អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Tiny Toones បាន​លើកឡើង​ថា៖ «​​កិច្ចសហការ​នេះ​សម​ឥតខ្ចោះ​សម្រាប់​ស្ថាប័ន​របស់​យើង​ទាំងពីរ ដែល​លើកស្ទួយ​សិល្បៈ​តាមរបៀប​ប្លែកៗ​របស់​ពួកគេ»​។​

ជាមួយនឹង​មនុស្ស​ជិត ១ពាន់​នាក់​បាន​ចូលរួម​ការសម្តែង​ចុងក្រោយ​របស់​ពួកគេ ការប្រគុំ​តន្ត្រី​ពាក់កណ្តាល​ប្រចាំឆ្នាំ​របស់ Musica Felice បន្ត​បង្រួបបង្រួម​សហគមន៍​តាមរយៈ​ថាមពល​ផ្លាស់ប្តូរ​នៃ​តន្ត្រី​។​

ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន អង្គការ​សប្បុរសធម៌​បាន​រៃអង្គាសប្រាក់​បាន​ជាង ១២៦០០០ ដុល្លារ​សម្រាប់​បុព្វហេតុ​ផ្សេងៗ​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នាពេលខាងមុខ​ត្រូវបាន​កំណត់​ដើម្បី​បន្ត​កេរ្តិ៍ដំណែល​នោះ​។​

លោក Charles-Henri Chevet អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​នៃ​សណ្ឋាគារ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​នេះ​ថា៖ «​Musica Felice តែងតែរៀបចំ​​ការប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​ដែល​បង្រួបបង្រួម​សហគមន៍​តាមរយៈ​ភាពស្រស់ស្អាត​នៃ​តន្ត្រី»​។​

សំបុត្រ​ចូលរួម​​មាន​​តម្លៃ​ចាប់ពី ៣០ ដុល្លារ​សម្រាប់​លំដាប់ VIP ​រហូតដល់ ៣ ដុល្លារ​សម្រាប់​និស្សិត​ខ្មែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ទិញ​សំបុត្រ សូម​ចូលទៅ​កាន់​គេហទំព័រ www.musicafelice.org/concert/14៕