ភ្នំពេញ៖ ទំនាក់ទំនង​វប្បធម៌​​​រវាង​ប្រទេសកម្ពុជា និង​​ឥណ្ឌូនេស៊ី ​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​នូវ​ភាព​ស្រដៀ​ងគ្នា​នៃ​​​បេតិកភណ្ឌ​​​តាមរយៈ​ប្រវត្តិសាស្ត្រ វប្បធម៌​ដ៏​ពេញនិយម និង​ការបង្កើន​ការផ្លាស់ប្តូរ​រវាង​ប្រជាជន ​និង​ប្រជាជន​។​

កាលពីពេល​ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto ដែល​បាន​គូសបញ្ជាក់​អំពី​​ចំណង​​ចាក់ឫស​ក្នុង​ប្រពៃណី​រួម​ជាច្រើន​សតវត្ស​ ​បន្ត​ជំរុញ​ទេសចរណ៍ និង​ចំណងមិត្តភាព​អាស៊ាន​កាន់តែ​រឹងមាំ​។​

លោក Darmosumarto បាន​ចាត់​ទុក​​ប្រទេស​កម្ពុជា​ថា​ជា​កន្លែង​ដ៏​កក់ក្តៅ​ក្នុង​ចិត្តពលរដ្ឋ​​ឥណ្ឌូនេស៊ី​ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ និង​ជា​សមាជិក​អាស៊ាន​។​


លោក​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ជាការ​ទូត​ប៉ុណ្ណោះ​ទេ​ថែមទាំង​ស៊ីជម្រៅ​នូវ​វប្បធម៌ និង​បុគ្គល​ផងដែរ​។

លោក​ឯកអគ្គរដ្ឋទូត​បាន​ឱ្យ​ដឹង​ថា៖ «​​កាលពី​ឆ្នាំមុន ប្រជាជន​ឥណ្ឌូនេស៊ី​ប្រមាណ ១៦៧​០០០ នាក់​បាន​មកលេង​ប្រទេស​កម្ពុជា​​​។ ​នៅ​ឆ្នាំ ២០២៣​ តួលេខ​នេះ​មាន​ប្រហែល ១២៧០០០នាក់ ហើយ​កាល​ពី​​ឆ្នាំ ២០២២ មានទេសចរ​​ឥណ្ឌូនេស៊ីតែ ៧៦០០០​ នាក់​ប៉ុណ្ណោះ​​។ ការកើនឡើង​យ៉ាងខ្លាំង​នេះ​បង្ហាញថា ​ប្រជាជន​ឥណ្ឌូនេស៊ី​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុងការ​មក​ទស្សនា​ប្រទេស​កម្ពុជា»។​


លោក Darmosumarto បាន​និយាយថា ការយល់ឃើញ​របស់​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រជាជន​ឥណ្ឌូនេស៊ី​នៅតែមាន​ភាព​វិជ្ជមាន​យ៉ាងច្រើន ដែល​ជំរុញ​ដោយ​ការទាក់ទាញ​ទេសចរណ៍ និង​ការបង្កើន​ចំណាប់អារម្មណ៍​អាជីវកម្ម​។​


លោក​​បានចង្អុលបង្ហាញ​ពី​តួនាទី​ដែល​កំពុង​កើនឡើង​នៃ​វប្បធម៌​ពេញនិយម និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ក្នុងការ​កសាង​ការ​ចង់ដឹង​ចង់ឃើញ និង​ការតភ្ជាប់​។​

ឧទាហរណ៍​ដ៏​គួរ​​​ឱ្យ​ចាប់​អារម្មណ៍​មួយ​ គឺ​​តារាភាពយន្ដ​ដ៏ល្បីល្បាញ​​របស់​ប្រទេស​ឥណ្ឌូណេស៊ី គឺ​​ Dian Sastrowardoyo ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា​។​

ពេល​នៅ​ខេត្តសៀមរាប Dian ​បាន​បង្ហោះ​ការឆ្លុះបញ្ចាំង​ពី​ដួងចិត្ត​លើ Instagram ដោយ​ទាញ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​។​

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៨ ខែឧសភាម្សិលមិញ។ រូបថត ហុង រស្មី

លោក Darmosumarto ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា៖ «គាត់​​គឺជា​សិល្បករ​កំពូល​មួយរូប​របស់​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​​គឺជា​សញ្ញា​មួយ​បង្ហាញថា គោលដៅ​ទេសចរណ៍​នានា​របស់​កម្ពុជា​នៅតែមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី​»។​

នៅក្នុង​ការ​បង្ហោះ Instagram ​តារា​ភាពយន្ដ Dian បាន​ភ្ញាក់ផ្អើល​ជាមួយនឹង​អារម្មណ៍​ដែល​ធ្លាប់​ស្គាល់​នៅ​កម្ពុជា​។ អ្នកនាង​​បានលើកឡើង​អំពី​ឫសគល់​វប្បធម៌​រួម​នៃ​ប្រជាជាតិ​ទាំងពីរ ដោយ​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​បុរាណ​។​

តារា​ភាពយន្ដ​ឥណ្ឌូនេស៊ី ​បានសរសេរថា​៖ «​ពេល​ខ្ញុំ​នៅ​សៀមរាប វា​មាន​អារម្មណ៍ស្និទ្ធស្នាល​ និង​ស្គាល់​ទាំង​របាំ ចម្លាក់ វប្បធម៌​ស្រដៀង​គ្នា​នឹង​យើង​ដែរ​​។ ​ប្រហែលជា​វា​ជាការ​ពិត​ដែល​ប្រជាជន​របស់​យើង​មាន​ទំនាក់ទំនង​ជា​យូរ​លង់​មកហើយ​»​។​

អ្នកនាង​​ក៏បាន​រំ​ឭ​ក​អំពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ដែល​ធ្លាប់​រស់នៅក្នុង​កោះ​ជ្វា​ក្នុង​រាជវង្ស Sailendra ​ជា​រយៈពេល​ដូចគ្នា​ដែល​ទទួលខុសត្រូវ​លើ​ការសាងសង់​ប្រាសាទប៊ូរ៉ូប៊ូឌូ របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

ឯកអគ្គរដ្ឋទូត Darmosumarto ​បាន​ឆ្លើយតប​នៅក្នុង​មតិយោបល់​ថា៖ «​​សូម​អរគុណ Mba Dian ដែល​បាន​ចែករំលែក​អំពី​ទំនាក់ទំនង​ឥណ្ឌូនេស៊ី​-​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​។ ប្រសិនបើ​ប្រជាជន​ឥណ្ឌូនេស៊ី​កាន់តែច្រើន​បាន​ស្គាល់​កម្ពុជា​បែបនេះ ប្រហែលជាកាត់​បន្ថយ​ការ​យល់​ច្រ​លំច្រើន​ និង​មិត្តភាព​កាន់តែច្រើន​រវាង​ប្រជាជន​របស់​យើង»​។​

សម្លឹង​ឆ្ពោះទៅមុខ ឯកអគ្គរដ្ឋទូត​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​​​រវាង​ប្រជាជន និង​ប្រជាជន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

លោក​បាន​បន្តថា​៖ «​ឥឡូវនេះ​ខ្ញុំ​គិតថា ​អ្វីដែល​សំខាន់បំផុត​គឺ​​​ការតភ្ជាប់​រវាង​គោលដៅ​ទេសចរណ៍​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​មក​ទស្សនា​ប្រទេស​កម្ពុជា ​និង​សម្រាប់​ប្រជាជន​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​»​។​

លោក​បានទទួល​ស្គាល់​ប​ញ្ហា​​ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​ជួបប្រទះ​ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែលជា​ញឹកញាប់​តម្រូវឱ្យ​ឈប់​នៅ​សិង្ហ​បុរី ឬ​ទីក្រុង​ហូជីមិញ​។​

លោក​បាន​ពន្យល់ថា៖ «​​ប្រជាជន​កម្ពុជា​ជាច្រើន​និយាយថា វា​ត្រូវ​ចំណាយពេល​ពេញ​មួយថ្ងៃ​ដើម្បី​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​។ ការធ្វើឱ្យ​ការធ្វើដំណើរ​កាន់តែ​ងាយស្រួល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​ទាំងសងខាង»​។​

លោក​បន្តថា ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី​ត្រូវបាន​បង្កើន​ពី​២​ដង​ក្នុង​មួយ​សប្តាហ៍​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ថែមទៀត ។​

លោក Darmosumarto បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រយៈពេល​វែង​របស់​ឥណ្ឌូនេស៊ី​ចំពោះ​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ក្នុងន័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​ការយល់ដឹង​អំពី​វប្បធម៌​ផងដែរ​។​

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ទៀត​​ថា៖ «​​យើង​បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ផ្សេងទៀត​ជា​យូរ​មកហើយ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅទីនេះ​​​។​ ​ទេសចរណ៍​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នោះ ហើយ​យើង​សង្ឃឹមថា ​ជាមួយនឹង​ការតភ្ជាប់ និង​ការយល់ដឹង​កាន់តែ​ប្រសើរ ប្រជាជន​ឥណ្ឌូនេស៊ី​កាន់តែច្រើន​នឹង​បន្ត​មក​ទស្សនា​ប្រទេស​កម្ពុជា និង​ពេញចិត្ត​ចំពោះ​បេតិកភណ្ឌ​ដ៏​សម្បូរបែប»៕