ភ្នំពេញៈ តម្លៃ​ការវិនិយោគ​ផ្ទាល់​បរទេស (FDI) ចូលមក​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​តិចតួច​កាលពី​ឆ្នាំ​ ២០២០ ដែល​បាន​បណ្ដាល​មកពី​ភាពមិន​ច្បាស់លាស់​ជុំវិញ​ការវិវត្ត​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ក្នុងនោះ​ការវិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅតែ​រឹងមាំ​។

យោងតាម Financial Stability Review 2020 បាន​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) លំហូរ FDI បាន​ធ្លាក់ចុះ​បន្តិច​កាលពី​ឆ្នាំ​ ២០២០ ដោយសារ​តែ​ការធ្លាក់ចុះ​វិស័យ​មិនមែន​ធនាគារ​។ លំហូរ FDI សរុប ភាគច្រើន​លើ​វិស័យ​ហិរញ្ញវត្ថុ សំណង់ និង​អចលនទ្រព្យ និង​ផលិតកម្ម​ត្រូវ​បាន​កត់ត្រា​ចំនួន ៣,៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ និង​បាន​ធ្លាក់ចុះ​ដក​ ១ ​ភាគរយ ដោយសារ​តែ​ភាពមិនច្បាស់លាស់​ជុំវិញ​ការវិវត្ត​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។


របាយការណ៍​ដដែល​ត្រូវបាន​ដកស្រង់​បាន​អះអាង​ថា​៖ «​វិស័យ​ហិរញ្ញវត្ថុ ដែលមាន​ចំនួន​ប្រហែល​ ១ ​ភាគ​ ៣ ​នៃ FDI ​សរុប​បាន​បន្ត​អត្រាកំណើន​វិជ្ជមាន​ចំនួន​ ១២,៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង​ ១៥,៨ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ដោយសារតែ​ការកើនឡើង​ប្រាក់ចំណេញ​វិនិយោគ​ឡើងវិញ ការចាក់​បញ្ចូល​ដើមទុន​បន្ថែម​របស់​ធនាគារ ការបើក​ដំណើរការ​ធនាគារ​ថ្មីៗ និង​ការផ្លាស់ប្តូរ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅជា​ធនាគារពាណិជ្ជ​»​។

ទន្ទឹមនឹងនេះ FDI លើ​វិស័យ​មិនមែន​ធនាគារ​បាន​ធ្លាក់ចុះ​ដក​ ៩,៤ ​ភាគរយ ក្នុងចំណោម​នោះ FDI លើ​វិស័យ​សំណង់ និង​អចលទ្រព្យ (​មាន​ចំណែក​ ១៧ ​ភាគរយ​នៃ FDI ​សរុប​) បាន​ធ្លាក់ចុះ​ដក​ ១០,៦ ​ភាគរយ និង FDI លើ​វិស័យ​ផលិតកម្ម (១៦,២ ​ភាគរយ​) បាន​ធ្លាក់ចុះ​ដក​ ៧,៤ ​ភាគរយ​។


លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២ ខែមិថុនា​ថា វិស័យ​ហិរញ្ញវត្ថុ​រក្សា​ភាពជោគជ័យ​យ៉ាងខ្លាំង​មិន​គ្រាន់តែ​សម្រាប់​វិស័យ​ធនាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​វិស័យ​មិនមែន​ធនាគារ​ដែរ ដោយ​មាន​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​របស់​កម្ពុជា និង​ផ្នែក​សន្សំ​ប្រាក់​ដែលជា​ទម្រង់​នៃ​ផលិតផល​វិនិយោគ​។

លោក​ថ្លែងថា​៖ «​នៅពេល​អតិថិជន​ស្វែងរក​ជម្រើស​ប្រាក់​បញ្ញើ​ធនាគារ និង​អចល​ទ្រព្យ​ចាត់ទុកជា​ថ្នាក់​នៃ​ទ្រព្យសកម្ម វិស័យ​មិនមែន​ធនាគារ​នឹង​អភិវឌ្ឍ​ជាពិសេស​ជាមួយ​នឹង​ការប្រើប្រាស់​ផលិតផល​មូលនិធិ​ទៅវិញទៅមក និង​សោធន​និវត្តន៍​។ វា​នៅតែ​មាន​ឱកាស​ដ៏សំខាន់​នៅក្នុង​វិស័យ​ធនាគារ ជាពិសេស​ផ្នែក​ធនាគារ​អតិថិជន ខណៈ​ដែល​នៅតែមាន​អត្រា​ចូល​ទីផ្សារ​កម្រិត​ទាប​»​។

លោក​បានឱ្យ​ដឹងថា អតិថិជន​មាន​ជម្រើស​ផ្សេងៗ​ក្រៅពី​ប្រាក់​បញ្ញើ និង​ផលិតផល​បំណុល ដូចជា​កាត​ឥណទាន និង​កម្ចី​លំនៅឋាន និង​មូលនិធិ ដែល​ត្រូវបាន​ផ្ដល់ជូន​ដោយ​ធនាគារ និង​មាន​ការចូល​ទីផ្សារ​កម្រិត​ទាប​។

លោក​លើកឡើង​ថា​៖ «​ធនាគារ​ពាណិជ្ជ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ចំនួន​ធនាគារ​នៅក្នុង​ទីផ្សារ​នេះ​ច្រើន ទោះយ៉ាងណា​មាន​ធនាគារ​ជាច្រើន​ដែល​បង្កើតឡើង​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​មុខងារ​ផ្សេងៗ​»​។

យោងតាម​របាយការណ៍​របស់ NBC ក្នុងចំណោម FDI ​សរុប លំហូរ FDI ពី​ប្រទេស​ចិន​មក​កម្ពុជា​ច្រើនជាងគេ​។ កាលពី​ឆ្នាំ​ ២០២០ លំហូរ FDI មកពី​ប្រទេស​ចិន​មាន​ចំនួន​ ៥១ ​ភាគរយ​នៃ FDI សរុប បន្ទាប់មក​ប្រទេស​សិង្ហបុរី (៨,២ ​ភាគរយ​) កូរ៉េ (៧,៩ ​ភាគរយ​) ជប៉ុន (៥,៨ ​ភាគរយ​) ចក្រភព​អង់គ្លេស (៤,៤ ​ភាគរយ​) ម៉ាឡេស៊ី (៤,២ ​ភាគរយ​) និង​ប្រទេស​ថៃ (៣,៣ ​ភាគរយ​)​។ លំហូរ FDI ពី​ប្រទេស​ចិន​ភាគច្រើន​នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង វារីអគ្គិសនី អចលនទ្រព្យ ហិរញ្ញវត្ថុ និង​កន្លែង​ស្នាក់នៅ​៕LA