ភ្នំពេញៈ កម្ពុជា និងចក្រភពអង់គ្លេសកំពុងពិចារណារួមគ្នាបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation) ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យមានកំណើនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះកម្ពុជាក៏កំពុងទទួលបាននូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីចក្រភពអង់គ្លេសផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបជាមួយលោក Dominic Raab រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងពីសារៈសំខាន់ និងភាពវិជ្ជមាននៃទំនាក់ទំនងការទូតដែលកម្ពុជា និងចក្រភពអង់គ្លេសសម្រេចបានពេលកន្លងមក ជាពិសេសលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសដែលបានផ្តល់មកឱ្យកម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីជួយសម្រួលដល់ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស។
តាមរយៈជំនួបនេះ ភាគីទាំង ២ ក៏បានសន្យានឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសម្អាតមីន សុខាភិបាល និងបរិស្ថានជាដើម។ រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានឯកភាពគ្នាលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសឱ្យជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅសម្រាប់វិនិយោគ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចក្រភពអង់គ្លេសជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា ហេតុនេះការបង្កើតឱ្យមាន MoU ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទោះក្នុងលក្ខណៈទ្វេភាគី ឬតំបន់ គឺសុទ្ធតែផ្តល់ផលប្រយោជន៍ច្រើនឱ្យកម្ពុជា។ ផលិតផលវាយនភណ្ឌកម្ពុជាជាច្រើនត្រូវបាននាំទៅទីផ្សារចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ ក្រៅពីនោះមានដូចជា កង់ និងអង្ករ ជាដើម។ លោកបន្ថែមថា ម្យ៉ាងទៀតដោយសារចក្រភពអង់គ្លេស មានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនជាមួយសហភាពអឺរ៉ុប។ ដូច្នេះតាមរយៈនេះផលិតផលខ្លះរបស់កម្ពុជាក៏អាចមានលំហូរទៅដល់ទីផ្សារអឺរ៉ុបផងដែរ។
លោកបានថ្លែងថា៖ «បើកម្ពុជាមាន MoU ជាមួយអង់គ្លេសបន្ថែមទៀត វានឹងធ្វើឱ្យទំនិញកម្ពុជាមានទីផ្សារកាន់តែធំ ហើយអាចនឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងផងដែរ»។
ផលិតផលដែលកម្ពុជានាំចេញទៅកាន់ចក្រភពអង់គ្លេសមានភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ចំណែកការនាំចូលមកវិញមានភាគច្រើនជារថយន្ត និងគ្រឿងម៉ាស៊ីន។
បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប កាលពីចុងឆ្នាំ ២០២០ អង់គ្លេស បានប្រកាសផ្តល់ឱ្យកម្ពុជានូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) រួមជាមួយនឹងប្រទេសជាង ៤០ ផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ កាលពីខែកុម្ភៈបាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ GSP ដែលបានចូលជាធរមានចាប់តាំងពីខែមករា ឆ្នាំ ២០២១ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
លោកថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ស្ថាប័ន និងបទប្បញ្ញត្តិនានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ»។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចក្រភពអង់គ្លេសមានតម្លៃសរុប ៨៧៧,៥៤ លានដុល្លារធ្លាក់ចុះ ១៧ ភាគរយបើធៀបឆ្នាំ ២០១៩ ដែលមានចំនួន ១ ០៥៧,២៨ លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៨២៦,១៦ លានដុល្លារធ្លាក់ចុះ ១៥,៤៨ ភាគរយ និងនាំចូល មាន ៥១,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៥,៦ ភាគរយ៕