ភ្នំពេញៈ តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជាប់​លេខ ១ ជា​តំបន់​ទេសចរណ៍​ប្រណីត​ (Luxury Tours) លំដាប់​ពិភពលោក​សម្រាប់​ដំណើរ​ទេសចរណ៍​រយៈពេល​ ៣ ​ថ្ងៃ​ដែល​ត្រូវបាន​ផ្តល់​ដោយ​គេហទំព័រ Tripadvisor​។

គេហទំព័រ Tripadvisor ថ្ងៃទី​ ២៤ ខែមិថុនា បានឱ្យ​ដឹងថា តំបន់​ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយស្រី ក្នុង​ខេត្តសៀមរាប​បាន​ជាប់​លេខ​ ១ ​ក្នុង​ពិភពលោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​។ ​


ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែ​មិថុនា​ថា ការផ្តល់​ចំណាត់ថ្នាក់​ជា​កន្លែង​ទេសចរណ៍​ប្រណីត​ពី​សំណាក់ Tripadvisor នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ប្រទេស​កម្ពុជា ព្រោះ Tripadvisor ជា​ស្ថាប័ន​ល្បីឈ្មោះ​ដែល​គេ​ទទួលស្គាល់ និង​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​។

លោក​បន្ថែមថា ទោះបី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក្នុង​ពេលនេះ​នៅ​មិនទាន់​អាច​ដំណើរការបាន​ដោយសារ​ពិភពលោក​កំពុង​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​យ៉ាងហោចណាស់​វា​ធ្វើឱ្យ​គេ​ស្គាល់ និង​ដឹង​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​។


លោក​ថ្លែងថា​៖ «​ទោះបី​ពេលនេះ​ភ្ញៀវ​មិនអាច​ធ្វើដំណើរ​មក​កម្ពុជា​បាន ប៉ុន្តែ​ខ្ញុំ​ជឿថា តាមរយៈ Tripadvisor កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ច្រើន ពិសេស​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំនេះ ដែល​ក្រសួងទេសចរណ៍​កំពុង​ធ្វើការ​យ៉ាង​សស្រោកសស្រាំ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សម្រេចបាន​ផែនការ​បើកទទួល​ភ្ញៀវ​អន្តរជាតិ​ឡើងវិញ​»​។

បើតាម​លោក ធួន ស៊ីណាន Tripadvisor គឺ​ប្រៀបដូចជា​អ្នកចង្អុល​បង្ហាញ​ដ៏សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ប្រាប់ថា ជា​ការពិត​ប្រទេស​កម្ពុជា ពិសេស​ខេត្តសៀមរាប គឺជា​កន្លែង​ដែល​ភ្ញៀវទេសចរ​លើ​ពិភពលោក​ទទួលស្គាល់ថា ជា​កន្លែង​កម្សាន្ត​មាន​ភាពស្រស់​បំព្រង​បែប​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​។

ការផ្តល់​ចំណាត់ថ្នាក់​ពី Tripadvisor នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការស្តារ​វិស័យនេះ​ឡើងវិញ បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​រយៈពេល​ជាង ១ ​ឆ្នាំ​កន្លងមក​ ដោយសារ​វិបត្តិ​នៃ​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩​។

លោក​បន្ថែមថា​៖ «Tripadvisor ជា​សារព័ត៌មាន​ដែលមាន​សក្តានុពល និង​ទទួលបាន​ការទុកចិត្ត​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​លើ​ពិភពលោក ហេតុនេះ​ការផ្តល់​ចំណាត់ថ្នាក់​នេះ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ ពិសេស​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​ឡើងវិញ​»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បានឱ្យដឹង​កាលពី​ខែមេសា​ថា ក្រសួង​នឹងធ្វើ​ការសហការ​ជាមួយ​ក្រសួង​សុខាភិបាល​ ដើម្បី​សិក្សា​លទ្ធភាព​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួចហើយ និង​មកពី​ប្រទេស​/​តំបន់​មាន​ហានិភ័យ​ទាប ដើម្បី​ស្រោចស្រង់​ឧស្សាហកម្ម​នេះ ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ ក្រសួង​រំពឹងថា នឹង​ចាប់ផ្តើម​នៅក្នុង​ត្រីមាស​ទី​ ៤ ខាងមុខនេះ​។

កាលពី​សប្តាហ៍​មុន Yugo Global Industries Pte Ltd ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​បាន​ប្រកាស​ពី​ផែនការ​បើក​ជើងហោះហើរ​លក្ខណៈ​ជួល​ (Charter) ​មក​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី និង​ហ្វីលីពីន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ថ្ងៃទី​ ២៤ ខែមិថុនា ឱ្យដឹងថា ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ និង​យន្ដហោះ​របស់ខ្លួន Yugo នឹង​ផ្តល់​សេវា​ហោះហើរ​ចល័ត​ដែល​តភ្ជាប់​ជើងហោះហើរ​ពី​តំបន់​អាស៊ីអាគ្នេយ៍​ទៅកាន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។

វិបត្តិ​នៃ​ជំងឺ​សកល​កូវីដ​ ១៩ ធ្វើឱ្យ​ការធ្វើដំណើរ​លក្ខណៈ​អន្តរជាតិ​ធ្លាក់ចុះ​យ៉ាងគំហុក​តាំងពី​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ ជនបរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ចំនួន ៨២ ៨៣៩ ​នាក់ ធ្លាក់ចុះ​ ៩២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២០៕ LA

វីដេអូ៖