ទីក្រុងហាណូយៈ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) យល់ព្រម​ទម្លាក់​កម្ចី​រយៈពេល​វែង​ដែលមាន​ចំនួន​ ១០០ ​លាន​ដុល្លារ​ដល់​ធនាគារ​ OCB របស់​វៀតណាម ដើម្បី​ពង្រីក​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម និង​បង្កើន​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​ដែល​គិត​គួរ​ដល់​បរិស្ថាន​នៅ​ប្រទេស​វៀតណាម​។

ការវិនិយោគ​របស់ IFC នឹង​ជួយ​ឲ្យ​ធនាគារ OCB បង្កើន​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម នៅក្នុង​ប្រទេស​វៀតណាម ដែល​ប្រឈម​គម្លាត​ហិរញ្ញវត្ថុ​ ២១ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ ១១,២ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​វៀតណាម​។ ជាមួយ​ការគាំទ្រ​របស់ IFC ធនាគារ OCB រំពឹងថា​នឹង​បង្កើន​ផលបត្រ​ប្រាក់កម្ចី​ដល់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ត្រឹម​ឆ្នាំ​ ២០២៤ ដោយ​លើកកម្ពស់​កម្មវិធី​ធនាគារ​ឌីជីថល និង អភិវឌ្ឍន៍​ផលិតផល​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិស័យ​។


វិស័យ​ខ្លះ​ដែល​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​វៀតណាម​កំពុង​ស្វែងរក​ការគាំទ្រ​ហិរញ្ញវត្ថុ​រួមមាន ថាមពល​កកើត​ឡើងវិញ ប្រសិទ្ធភាព​ថាមពល និង ដំណោះស្រាយ​ឆ្លើយតប​អាកាសធាតុ ដែល​អាចជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព ព្រមទាំង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ទៅក្នុង​បរិយាកាស​។

ការរួមចំណែក​នាពេល​បច្ចុប្បន្ន​នៃ​ហិរញ្ញប្បទាន​អាកាសធាតុ​នៅក្នុង​ប្រទេស​វៀតណាម មាន​ត្រឹម​ប្រហែល​ ៥ ​ភាគរយ ឬក៏​ ១០,៣ ​ពាន់​លាន​ដុល្លារ និង​រំពឹង​កើនឡើង​យ៉ាងច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ ពេលដែល​ប្រទេស​នេះ​មានបំណង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ត្រឹម​ ៩ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០៣០ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ ចំនួន​នេះ​បង្ហាញ​ឱកាស​វិនិយោគ​លើ​អាកាសធាតុ​ឆ្លាត​វៃ​ចំនួន​ ៧៥៣ ​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​វៀតណាម​រវាង​ឆ្នាំ​ ២០១៦ និង ២០៣០​។ យោងតាម​ការសិក្សា​របស់ IFC​។


ដើម្បី​ជួយ​ដល់​ធនាគារ OCB ទាក់ទាញ​សក្តានុពល​ប្រាក់កម្ចី​ធំ ទឹកប្រាក់​ ៥០ ​លាន​ដុល្លារ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង​ភាតរៈ​បរិស្ថាន បង្កើត​នូវ​ជម្រើស​ថ្មី​សម្រាប់​អាជីវកម្ម​ ដើម្បី​ទទួលបាន​ហិរញ្ញវត្ថុ​បៃតង​។

ខណៈពេល​ដែល​ធនាគារ​រដ្ឋ​វៀតណាម​កំពុង​លើកកម្ពស់​សេវា​ធនាគារ​បៃតង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក ទីផ្សារ​ហិរញ្ញវត្ថុ​អាកាសធាតុ​នៅតែ​ក្មេងខ្ចី​នៅឡើយ ហើយ​ធនាគារ​កំពុងតែ​ពិចារណា​វិធីសាស្ត្រ​ជា​ប្រព័ន្ធ​សំដៅ​ទៅរក​អភិវឌ្ឍ​ហិរញ្ញវត្ថុ​អាកាសធាតុ​៕ VNS-ANN/RR