CRF សហការ​ជាមួយ AMK ផ្តល់​កម្ចី​ដល់​វិស័យ​ស្រូវ​អង្ករ

Content image - Phnom Penh Post
កសិករ​កំពុង​ច្រូត​កាត់​ស្រូវ​នៅ​ក្នុង​ខេត្ត​កណ្តាល។ ហេង ជីវ័ន

ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (ស.អ.ក) និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ AMK បាន​និង​កំពុង​សិក្សា​ពី​លទ្ធភាព​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ស្រូវ​អង្ករ​រវាង​ភាគី​ទាំង ២។

លោក ចាន់ សុឃាំង អនុប្រធាន ស.អ.ក និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​វិនិយោគ និង​ហិរញ្ញ​វត្ថុ​របស់ ស.អ.ក និង​លោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក បាន​ជួប​ពិភាក្សា​តាម​រយៈ​ប្រព័ន្ធ​អនឡាញ កាល​ពី​ថ្ងៃទី ២៩ កក្កដា ជាមួយ​នឹង​ក្រុមការងារ​ជាន់​ខ្ពស់​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ AMK ដើម្បី​សិក្សា​ស្វែង​យល់​អំពី​លទ្ធភាព​នៅ​ក្នុង​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ស្រូវ​អង្ករ ពិសេស​ទៅ​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​សហគមន៍​កសិកម្ម។

ក្នុង​ជំនួប​នេះ ស.អ.ក បាន​លើក​ឡើង​អំពី​ស្ថានភាព​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា និង​សក្តានុពល​នៃ​រោងម៉ាស៊ីន​កិនស្រូវ​និង​សហគមន៍​កសិកម្ម ដែល​ជា​សមាជិក ស.អ.ក ហើយ​អ្វី​ដែល​ជា​ចាំបាច់​មិន​អាច​ខ្វះ​បាន​នោះ​គឺ ហិរញ្ញប្បទាន សម្រាប់​ជាដើម​ទុន​បង្វិល ការ​ទ្រទ្រង់​អាជីវកម្ម និង​ពង្រីក​អាជីវកម្ម។

ស.អ.ក បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នឹង​ចងក្រង​នូវ​ការ​វាយ​តម្លៃ​ការ​សិក្សា​ស៊ី​ជម្រៅ​ទៅ​លើ​សក្តានុពល​និង​កាលានុវត្តភាព​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ហើយ​នឹង​បន្ត​ឈាន​ទៅ​ដល់​ការ​រៀប​ចំ​ផែនការ ក្នុង​ការ​សម្រួល និងពង្រីក​នូវ​ការ​ផ្តល់​ទាំង​ហិរញ្ញប្បទាន និង​ឥណទាន​ផ្សេងៗ​សម្រាប់​វិស័យ​ស្រូវ​អង្ករ។

ស.អ.ក សង្ឃឹម​ថា៖ «ទៅ​ថ្ងៃ​មុខ ការ​សហការ​លើ​ការ​ផ្តល់​កម្ចី ក៏​ដូចជា ការ​ទ្រទ្រង់​ហិរញ្ញ​វត្ថុ​ចំពោះ​វិស័យ​ស្រូវ​អង្ករ​ពី​សំណាក់​ធនាគារពាណិជ្ជ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នឹង​កើន​ឡើង បន្ថែម​ពី​លើ​យន្តការ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដែលមាន​ដូចជា កញ្ចប់​ឥណទាន​សម្រាប់​បណ្តា​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​កិន​កែច្នៃ និង​នាំ​ចេញ​អង្ករ ដើម្បី​ប្រមូល​ទិញ​ស្រូវ ​ពី​បង​ប្អូនប្រជាកសិករ និង​ការ​ធានា​ឥណទាន​ផ្សេង​ទៀត​ផង​ដែរ»។

ទំព័រហ្វេសប៊ុក​របស់​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ផ្សាយ​នៅ​ថ្ងៃទី​ ៣១ កក្កដា​នេះ បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន ៣០៩ ៨៦៥ តោន ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំ ២០២១នេះ ធ្លាក់ចុះ ២៧,២៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​នេះ​ដោយសារ​បញ្ហា​កង្វះ​ទូកុងតឺន័រ និង តម្លៃ​ដឹក​ជញ្ជូន​ឡើង​ថ្លៃ​ខ្ពស់។

លោក​រដ្ឋមន្រ្តី បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​បាន​ចំនួន​ជាង ២ លានតោន ទៅ​កាន់ប្រទេស​វៀតណាម​កើន​ឡើង ៨១,៣៤ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន៕

ព័ត៌មានថ្មីៗ