ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ​នេះ​មានតម្លៃ​ជិត ៨១៥ ​លាន​ដុល្លារ កើនឡើង​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​​ទឹកប្រាក់​សរុប​ជាង ១,១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ទិន្នន័យ​ពី Jetro កាលពី​ចុងសប្តាហ៍​មុន បង្ហាញថា ចាប់ពី​ខែមករា-ខែមិថុនា ឆ្នាំ​ ២០២១ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានតម្លៃ ៨១៤,៥៣ ​លានដុល្លារ កើនឡើង ២,៧ ​ភាគរយ​ពី​ចំនួន ៧៩៤,១៩ ​លាន​ដុល្លារ ចំណែកឯ​ទំនិញ​ដែល​ជប៉ុន​នាំមក​កម្ពុជា​មាន​តម្លៃ ២៩៥,២៣ ​លាន​ដុល្លារ កើន ៣៥ ​ភាគរយ​ពី ២១៨,៦១ ​លាន​ដុល្លារ​។ ​ជាមួយ​នឹង​កំណើន​ទឹកប្រាក់​នាំចេញ-ចូល​ក្នុង​រយៈពេល​ខាងលើ​បាន​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ ២ មានតម្លៃ​សរុប ១ ១០៩,៧៧ ​លាន​ដុល្លារ កើន ៩,៥៧ ​ភាគរយ​ធៀប​នឹង ១ ០១២,៨១ ​លាន​ដុល្លារ​កាលពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០​។


លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៦ ខែសីហា​ថា ទោះបី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ នៅលើ​ពិភពលោក មិនទាន់មាន​ភាព​ធូរស្រាល ប៉ុន្តែ​គេ​សង្កេតឃើញ​ការនាំចេញ-ចូល​ទំនិញ​រវាង​កម្ពុជា ជប៉ុន​បានចាប់ផ្តើម​កើនឡើង​វិញ​ជា​បណ្តើរៗ​ហើយ ខុសពី​ឆ្នាំមុន​ដែល​ការនាំចេញ និង​នាំចូល​ធ្លាក់ចុះ​ព្រមៗ​គ្នា​។ លោក​បន្តថា នេះ​ជា​សញ្ញា​ល្អ​សម្រាប់​ទិដ្ឋភាព​ជារួម​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ចាប់ពី​ដើមឆ្នាំ​ ២០២១ ​មក ខណៈ​សញ្ញា​វិជ្ជមាន​បន្ថែមទៀត​ត្រូវ​រំពឹងថា នឹងមាន​សម្ទុះ​ខ្លាំង​នៅពេល​ការបើកផ្លូវ​ហោះហើរ​ផ្ទាល់​រវាង​ប្រទេស​ទាំង ២ ចាប់ផ្តើម​ឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​បន្ទាប់ពី​បង្កើតបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ខ្ញុំ​រំពឹង​ថា កម្ពុជា​ក៏​អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជប៉ុន​ដែរ​។ នៅពេល​មាន​កិច្ចព្រមព្រៀង​នេះ ការនាំចេញ-នាំចូល​រវាង​ប្រទេស​ទាំង ២ នឹងមាន​កំណើន​ខ្ពស់​បន្ថែមទៀត​ធៀប​នឹង​បច្ចុប្បន្ន​»​។


លោក​ប្រាប់ទៀត​ថា ទាក់ទង​នឹង​កំណើន​ខ្ពស់​នៃ​ការនាំ​ចូល​របស់​ជប៉ុន​នាពេលនេះ គឺ​មិនមែន​ជា​ចំណុច​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទេ ព្រោះ​ផលិតផល​ដែល​នាំចូល​ពី​ជប៉ុន ភាគច្រើន​លើសលប់​ជា​គ្រឿងចក្រ និង​គ្រឿង​អេឡិចត្រូនិក ដែលជា​ឧបករណ៍​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​។ លោក​អះអាង​ថា​៖ «​ផលិតផល​ទាំងអស់នោះ​អាចជា​គ្រឿង​ម៉ាស៊ីន​សម្រាប់​ផលិត ផលិតផល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​បាន​និយាយថា ភាពវិជ្ជមាន​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង ២ ក្នុង​ឆមាស​ទី​ ១ អាចមកពី​កត្តា​មួយចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត កត្តា​ផលិតភាព និង​គុណភាព​ផលិតផល​កម្ពុជា​ និង​ទំនុកចិត្ត​អ្នកប្រើប្រាស់​លើ​គុណភាព​នៃ​ផលិតផល​របស់​ជប៉ុន​។ លោក​បន្តថា ប្រទេស​ជប៉ុន​រីកចម្រើន និង​មាន​ទីផ្សារ​ធំ ហេតុនេះ​បើ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​បើក​រោងចក្រ​កាន់តែច្រើន​នោះ វា​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​កាន់តែ​ឆាប់​។

លោក​បន្ថែមថា​៖ «​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​នឹង​មាន​ទំហំ​កាន់តែ​ធំ បើ​ប្រទេស​ទាំង ២ អាចបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា ដោយ​ពេលនោះ​នឹងមាន​វិនិយោគិន​ជាច្រើន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​ផលិត​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ជប៉ុន​»​។

លោក​បាន​បន្ថែមថា ដើម្បី​លើកកម្ពស់​សមត្ថភាព​នាំចេញ កម្ពុជា​ក៏ត្រូវ​ខិតខំ​ធ្វើ​ពិពិធកម្ម​លើ​ផលិតផល​នាំចេញ​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ចម្រុះ និង​គុណភាព​ស្តង់ដា​ផងដែរ​។

ពាណិជ្ជកម្ម​កម្ពុជា ជប៉ុន ក្នុង​ឆ្នាំ​ ២០២០ មាន​ទឹកប្រាក់​សរុប ២ ១០១,៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៣៥ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​មាន​ ១ ៦១៧,០៨ ​លាន​ដុល្លារ ធ្លាក់ ៦,៦ ​ភាគរយ និង​នាំចូល ៤៨៤,៧០ ​លាន​ដុល្លារ ធ្លាក់ ១៣,៨ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ Jetro៕ LA