ភ្នំពេញៈ KB Financial Group (KB) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) បានទិញភាគហ៊ុនប្រកបដោយជោគជ័យចំនួន ១០០ ភាគរយរបស់ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដោយចំណាយប្រាក់សម្រាប់ភាគហ៊ុនដែលនៅសល់ ៣០ ភាគរយ ក្នុងតម្លៃ ៣២២ លានដុល្លារ បន្ទាប់ពីក្រុមហ៊ុននេះបានគ្រប់គ្រង ៧០ ភាគរយនៃតម្លៃ ៦០៣,៤ លានដុល្លាររួចហើយ ចាប់តាំងពីខែមេសា ឆ្នាំ ២០២០ ពី LOLC Holdings ដែលជាក្រុមហ៊ុនផ្ដល់កម្ចីមិនមែនធនាគារមានមូលដ្ឋាននៅប្រទេសស្រីលង្កា។
យោងតាមឯកសារក្រុមហ៊ុន ដែលផ្ញើទៅគណៈកម្មការមូលបត្រ (កូរ៉េ) នៅពេលនេះ ក្រុមហ៊ុន KB គ្រប់គ្រងភាគហ៊ុនចំនួន ២៩៩ ៩៩៩ ៩៩៩ ដែលតំណាងឱ្យ ៩៩,៩៩ ភាគរយនៃចំនួនភាគហ៊ុនដែលបានចេញសរុបរបស់ប្រាសាក់។ (ធនាគារ Kookmin Bank បានចាត់តាំង Kookmin Bank Cambodia PLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធលំដាប់ទី១ របស់ខ្លួនឱ្យទិញភាគហ៊ុននៅសល់របស់ប្រាសាក់)។
ឯកសារបានឱ្យដឹងថា៖ «ទោះបីមានកិច្ចព្រមព្រៀងជាជម្រើសមួយដែលអនុលោមតាមភាគទុនិករបស់ប្រាសាក់ក៏ដោយ ក៏ប្រាសាក់អាចលក់ភាគហ៊ុននៅសល់របស់ខ្លួនបានដែរ ហើយធនាគារ Kookmin Bank អាចទិញភាគហ៊ុនបែបនោះបាន។
ធនាគារ Kookmin Bank និងភាគទុនិកបានយល់ព្រមថា ធនាគារ Kookmin Bank នឹងទិញភាគហ៊ុនដែលនៅសល់ មុនកាលបរិច្ឆេទអនុវត្តជម្រើសបែបនោះ។ ទោះយ៉ាងណា ការទិញភាគហ៊ុននេះត្រូវបានរំពឹងថានឹងត្រូវអនុវត្តតាមគោលការណ៍ជាមូលដ្ឋាន ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ដូចជារបៀបសម្រាប់ការបង្កើតតម្លៃទិញជាដើម»។
Prasac Microfinance Institution Ltd (Prasac) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីលក់ភាគហ៊ុន ៧០ ភាគរយឱ្យធនាគារ KB ដែលមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០។
លោក ស៊ឹម សេនាជាតិ ប្រធាននាយកប្រតិបត្តិប្រាសាក់បានឱ្យដឹងថា ការវិនិយោគរបស់ធនាគារ KB លើប្រាសាក់ឆ្លុះបញ្ចាំងការកើនឡើងទំនុកចិត្តក្នុងចំណោមក្រុមវិនិយោគិនបរទេសនៅកម្ពុជា និងគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI)។
លោក សេនាជាតិ បានថ្លែងថា៖ «ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ប្រាសាក់ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ KB Koo-kmin Bank ដែលជាភាគទុនិកថ្មីរបស់យើង ដើម្បីជំរុញប្រាសាក់ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទិ្ធភាពក្នុងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា»។
លោកបានឱ្យដឹងថា ប្រាសាក់ ឈរជាអ្នកនាំមុខទីផ្សារជាមួយបណ្ដាញប្រតិបត្តិការឈានមុខគេក្នុងចំណោមគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI) ប្រាក់ចំណេញដ៏រឹងមាំ និងកំណត់ត្រាដែលបង្ហាញពីកំណើនប្រកបដោយនិរន្តរភាពក្នុងផលបត្រប្រាក់កម្ចី និងសមតុល្យប្រាក់បញ្ញើរបស់ខ្លួន។
ថ្មីៗនេះប្រាសាក់ បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធ ៦៨,៤៧ លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ធៀបនឹង ៣៧,៣៧ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំមុន។
ដោយឡែកកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំមុន ប្រាសាក់ បានចុះបញ្ជីសញ្ញាបណ្ណបំណុលនៅ CSX ដែលបម្រុងទុកភាគហ៊ុនចំនួន ១ ២៧២ ០០០ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈដោយមានចំនួនចេញលក់សរុប ១២៧,២ ពាន់លានរៀល (ប្រមាណ ៣១ លានដុល្លារ)។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ទ្រព្យសកម្មសរុបរបស់ប្រាសាក់ ផលបត្រកម្ចីដុល សមតុល្យប្រាក់បញ្ញើ និងភាគហ៊ុនរបស់ភាគទុនិកមានចំនួន ៣,៨៣ ពាន់លានដុល្លារ (កើនឡើង ១៤,២៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន) ដែលមានផលបត្រកម្ចីដុល ៣,៣៥ ពាន់លានដុល្លារ សមតុល្យប្រាក់បញ្ញើ ២,៣២ ពាន់លានដុល្លារ និងភាគហ៊ុនរបស់ភាគទុនិក ៥៨៧ លានដុល្លារ៕ LA