ទីក្រុងវ៉ាស៊ីនតោនៈ Rivian Automotive ដែលជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ និងរថយន្តប្រើប្រាស់អគ្គិសនី ដែលគាំទ្រដោយក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានដាក់ពាក្យចុះបញ្ជីលក់ភាគហ៊ុន ពេលដែលក្រុមហ៊ុននេះរៀបចំខ្លួន ដើម្បីបង្កើនផលិតកម្មនិងការចែកចាយ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនៀ បាននិយាយថា ខ្លួនបានដាក់ពាក្យជាសម្ងាត់ សម្រាប់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង ស្ថិតនៅក្រោមច្បាប់ ដែលអនុញ្ញាតឲ្យខ្លួនរក្សាទិន្នន័យហិរញ្ញវត្ថុរបស់ខ្លួនជាលក្ខណៈឯកជន។


ទំហំមូលបត្រ និងតម្លៃសម្រាប់ការបោះផ្សាយមិនត្រូវបានបង្ហាញនោះទេ។

ក្រុមហ៊ុន Rivian បានបង្កើនមូលនិធិជាង ១០ ពាន់លានដុល្លារ ចាប់តាំងពីខ្លួនបង្កើតឡើងក្នុងឆ្នាំ​ ២០០៩ រួមទាំង ពីក្រុមហ៊ុន Amazon ដែលបានសន្យាទិញរថយន្តដឹកទំនិញអគ្គិសនីរហូតដល់ ១០ ម៉ឺនគ្រឿន ពីក្រុមហ៊ុនដែលទើបដំណើរការនេះ។ តម្លៃរបស់ក្រុមហ៊ុននេះ បានប៉ានស្មានមានចំនួន ២៦,៧ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ។


ក្រៅពីការលក់រថយន្តឲ្យក្រុមហ៊ុន Amazon ក្រុមហ៊ុន Rivian កំពុងផលិតរថយន្តដឹកទំនិញអគ្គិសនី និង រថយន្តកីឡា សម្រាប់អតិថិជនដោយមានតម្លៃចាប់ពីប្រហែល ៧០ ០០០ ដុល្លារ ក្នុង ១ គ្រឿង។

ព័ត៌មានពីក្រុមហ៊ុន Rivian កើតមាន នៅពេលដែលរដ្ឋាភិបាលជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក បានផ្តល់អាទិភាពលើការអភិវឌ្ឍរថយន្តអគ្គិសនី និងនៅពេលដែលវិស័យររថយន្តសកលបង្កើនផលិតកម្មរថយន្តអគ្គិសនី។

គេហទំព័ររបស់ក្រុមហ៊ុន Rivian កំពុងទទួលការបញ្ជាទិញរថយន្ត ដោយការចែកចាយ រំពឹងពីខែមករា ឆ្នាំ ២០២២។ ក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀត កំពុងណែនាំរថយន្តអគ្គិសនី ដែលមានបំណងប្រឈមជាមួយក្រុមហ៊ុនរថយន្តអគ្គិសនី គឺ Teslaវិនិយោគិនក្រុមហ៊ុននេះ រួមមាន ក្រុមហ៊ុន Ford Motor Co. ក្រុមហ៊ុន Fidelity, ក្រុមហ៊ុន T. Rowe Price និងមូលនិធិរបស់ក្រុមហ៊ុន Amazon៕ AFP/RR