ភ្នំពេញៈ ក្នុង​កិច្ចខំប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​បង្កើត​ប្រព័ន្ធ​ប្រកបដោយ​និរន្តរភាព និង​ដែល​អាចធ្វើ​ការងារ​បាន​សម្រាប់​សហគ្រិន និង​សហគ្រាស​ធុនតូច និង​មធ្យម​ (SMEs) នៅ​កម្ពុជា សហគ្រិន​ខ្មែរ​ដែល​ផ្ដល់​មូលនិធិ​ដោយ​រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) មួយ​កាលពី​ចុង​សប្ដាហ៍​មុន​។

MoU នេះ​បាន​ចុះហត្ថលេខា​រវាង​លោក ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​ជាមួយ​លោក Anthony Galiano ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣ កញ្ញា​នៅ​សណ្ឋាគារ ROSEWOOD Phnom Penh​។


MoU នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ការប្តេជ្ញាចិត្ត​ទៅវិញទៅមក​ក្នុង​ការគាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឆ្ពោះ​ទៅ​រក​ភាពរស់រវើក និង​ច្នៃ​ប្រឌិត​ដែលជា​កម្លាំង​ចលករ​មួយ​ក្នុង​ការបង្កើត​តម្លៃបន្ថែម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​។

MOU នេះ​បាន​ភ្ជាប់​មក​ជាមួយ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​រួមគ្នា​ដូចជា ការរៀបចំ​បណ្តុះបណ្តាល ការរៀបចំ​សិក្ខាសាលា ការផ្គូផ្គង​អាជីវកម្ម ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ព្រឹត្តិការណ៍​ប្រកួតប្រជែង និង​ការផ្សព្វផ្សាយ​វប្បធម៌​សហគ្រិន​រួមគ្នា​។


ស្ថិតក្រោម​ MoU នេះ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​នឹង​ផ្តល់​ការពង្រឹង​សមត្ថភាព​ផ្តល់​ការណែនាំ និង​ការចែករំលែក​ព័ត៌មាន​ពី​អាជីវកម្ម​អាមេរិក​នៅ​ប្រទេស​កម្ពុជា​ដែល​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិ​ការរួម​គ្នា​។

លោក ឈៀង វណ្ណមុនិណ្ឌ ឱ្យដឹងថា ភាពជា​ដៃគូ​នេះ​នឹង​ផ្ដល់​ការបង្កើន​ល្បឿន​នៃ​បេសកកម្ម​សហគ្រិន​ខ្មែរ (Khmer Enterprise) ក្នុង​ការគាំទ្រ​ដល់​ប្រព័ន្ធ​អេកូ​សហគ្រិនភាព​។

លោក​ថ្លែងថា​៖ «​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ដែលជា​ដៃគូ​ថ្មី​នឹង​រួមចំណែក​យ៉ាងសំខាន់​ចំពោះ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការក្លាយ​ជា​វេទិកា​ជាតិ​សម្រាប់ ការលើកកម្ពស់​សកម្មភាព​សហគ្រិនភាព​»​។

លោក Anthony Galiano បាន​លើកឡើងថា កិច្ចសហការ​នេះ AmChamber នឹង​ផ្ដល់​អ្នកជំនាញ និង​ធនធាន ដើម្បី​ជួយ និង​គាំទ្រ​សម្រាប់​កែលម្អ SMEs និង​ធុរកិច្ច​បង្កើត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​យើង​ចាប់យក​ឱកាស​នេះ​ប្រកប​ដោយ​ការប្ដេជ្ញាចិត្ត​ក្នុង​ការរួម​ជាមួយ​សហគ្រិន​ខ្មែរ ដើម្បី​ផ្ដល់​ធនធាន អ្នកជំនាញ និង​បណ្ដាញ​ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​ទីផ្សារ​អាជីវកម្ម និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា និង​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី សហគ្រិន និង SMEs​។ យើង​ប្ដេជ្ញាចិត្ត​ចំពោះ​ការចូលរួម​សកម្មភាព និង​លទ្ធផល​ក្នុង​ការគាំទ្រ​សហគមន៍​អាជីវកម្ម និង​ទីផ្សារ​។ យើង​ប្រតិបត្តិការ​ដើម្បី​ភាពល្អប្រសើរ​របស់​សមាជិកភាព​របស់​យើង និង​ប្រទេស​កម្ពុជា​»​។

បច្ចុប្បន្ន​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​គ្រោង​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ពេល​ឆាប់ៗ​ដើម្បី​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​បន្ទាប់ពី​ក្រុម​ការងារ​បច្ចេកទេស​បាន​បញ្ចប់​ឯកសារ​នេះ​រួចរាល់​។

ច្បាប់​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​សម្រួល​ដំណើរការ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ផ្តល់​ការគាំទ្រ​ដល់​ពួកគេ ដើម្បី​ទទួលបាន​ឱកាស​ទីផ្សារ​កាន់តែច្រើន​។ ជាមួយគ្នានេះ​ច្បាប់​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ការប្រកួតប្រជែង​មិន​ស្មើភាព​គ្នា​ផងដែរ​។ ជាពិសេស​គោលដៅ​នេះ​នឹង​ជំរុញ​ទីផ្សារ និង​ចង្វាក់​ផលិតកម្ម តាមរយៈ​ការបង្កើន​ការផលិត​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឱ្យបាន​ច្រើន​តាម​អាច​ធ្វើបាន​៕LA