ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នា​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ​ ២០២១ សម្រេចបាន​ប្រមាណ​ជាង ១,៩ ​ពាន់​លាន​ដុល្លារ​ថយចុះ​ជាង ៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ចំណូល​សម្រាប់​ខែសីហា​កើន​ជាង​ ១២ ​ភាគរយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ១ ៩០៩,២៧ ​លាន​ដុល្លារ​ថយចុះ ១៥១,៣ ​លាន​ដុល្លារ ស្មើនឹង -៧,៣៤ ​ភាគរយ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ​ ២០២០​។ ចំណូល​នេះ គឺ​ស្មើនឹង ៨៥,១២​ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។


ដោយឡែក​សម្រាប់​ខែសីហា ការប្រមូល​ចំណូល​សម្រេចបាន ១៩២,៣ ​លាន​ដុល្លារ កើន ២១,៦៨ ​លាន​ដុល្លារ ឬ​ស្មើនឹង ១២,៧១ ​ភាគរយ​ធៀប​នឹង​ខែសីហា ឆ្នាំ​ ២០២០​។


ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ ២០ ​កុម្ភៈ គឺជា​ហេតុផល​តែ ១ គត់​ដែល​ធ្វើឱ្យ​ការប្រមូល​ពន្ធដារ​ធ្លាក់ចុះ ព្រោះ​សកម្មភាព​អាជីវកម្ម​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ពិសេស​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២១​។


លោក​បន្តថា ទោះយ៉ាងណា​សកម្មភាព​អាជីវកម្ម​នៅពេលនេះ​ចាប់ផ្តើម​មាន​ចលនា​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​កំពុង​សម្រេចបាន​ជាង​ ៧០ ​ភាគរយ​ហើយ​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​។


លោក​និយាយថា​៖ «​មិនឱ្យ​ធ្លាក់ចុះ​ម៉េច បើ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​អាជីវកម្ម​ជាច្រើន​ត្រូវ​បិទ ឬក៏​មាន​ការបើក​លក់​ត្រឹម​តាមរយៈ​​អនឡាញ​ប៉ុណ្ណោះ​»​។


លោក​ប្រាប់ទៀតថា ការធ្លាក់​ចំណូល​ពន្ធដារ​ក្នុងអំឡុង​ពេលនេះ មិនមែន​ជា​រឿង​គួរឱ្យ​បារម្ភ​ទេ ព្រោះ​លោក​គិតថា ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ពាណិជ្ជកម្ម​ថ្មីៗ​ពី​សំណាក់​សភាជាតិ​កាលពី​សប្តាហ៍​មុន​នឹង​ចូលរួម​ចំណែក​ធ្វើឱ្យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចកម្ពុជា​មាន​ភាពទាក់ទាញ និង​កំណើន​ឆាប់ៗ​។

លោក​បន្ថែមថា ជាក់ស្តែង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន គឺជា​ដំណើរ​ឆ្ពោះទៅរក​ការពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ពិសេស​កម្ពុជា​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​ស្រស់ និង​កែច្នៃ​ទៅ​ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។ ម្យ៉ាងទៀត កម្ពុជា​ក៏​អាចមាន​ឱកាស​នាំចូល​វត្ថុធាតុដើម គ្រឿងចក្រ និង​គ្រឿងយន្ត​ទំនើបៗ​ក្នុង​អត្រាពន្ធ​ទាប យកមក​បម្រើ​ឱ្យ​ការផលិត​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​ពិភពលោក​ផងដែរ​។

បើតាម​លោក តាំងប៉ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) កម្ពុជា-ចិន​ដែល​សភាជាតិ​ទើប​អនុម័ត​កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា នឹង​ចូល​ជាធរមាន​រយៈពេល ១ ​ខែ​បន្ទាប់ពី​អនុម័ត​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ការធ្លាក់ចុះ​ចំណូល​ពន្ធដារ​បណ្តាលមកពី​ហេតុផល ២ គឺ​ការថមថយ​សកម្មភាព​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ដោយសារ​តែ​ការបិទខ្ទប់ និង​ការដាក់ចេញ​នូវ​វិធានការ​អនុគ្រោះ​ពន្ធ​របស់​រដ្ឋាភិបាល ចំពោះ​វិស័យ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ លោក​បាន​បន្តថា ចំណូល​នេះ​នឹងមាន​សម្ទុះ​ឡើងវិញ ខណៈ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​កាន់តែ​ធូរស្រាល ហើយ​រដ្ឋាភិបាល​ក៏​កំពុង​ដាក់ចេញ​នូវ​វិធានការ​ប្រមូល​ពន្ធដារ​លើ​រថយន្ត​ (​ចង្កូត​ស្តាំ​) ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ការធ្លាក់ចុះ​ចំណូល​ពន្ធ​ផ្ទៃក្នុង​ (​ពន្ធដារ​) ​បណ្តាល​មកពី​ការបិទខ្ទប់​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​អាជីវកម្ម​មួយចំនួនធំ​ត្រូវបាន​អាក់ខាន​។ ជាមួយ​គ្នា​នេះ​ក្រសួង​សេដ្ឋកិច្ច​ក៏បាន​ធ្វើការ​លើកលែង​ពន្ធ ឬ​បន្ធូរ​បន្ថយពន្ធ​មួយចំនួន​ដល់​វិស័យ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ដូចជា វិស័យ​ទេសចរណ៍ និង​អាហារដ្ឋាន​ផងដែរ​»​។

លោក​បន្ថែមថា ចំណូល​ពន្ធដារ និង​ពន្ធគយ​កម្ពុជា​នឹងមាន​កំណើន​ក្នុងពេល​ឆាប់ៗ ព្រោះ​ការអនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​រដ្ឋសភា​កាលពីពេល​ថ្មីៗ​នេះ​នឹង​ក្លាយជា​ដែក​ឆក់​ឱ្យ​កម្ពុជា​ទទួលបាន​ការចូល​មក​បណ្តាក់ទុន​កាន់តែច្រើន​។

យល់ឃើញ​ស្រដៀង​គ្នា​នឹង​លោក លឹម ហេង អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យសភា​) លោក ហុង វណ្ណៈ​ប្រាប់ថា ការថមថយ​នេះ​មិនមែន​ជា​រឿង​បារម្ភ​ទេ ព្រោះ​វា​បណ្តាលមកពី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ ខណៈ​បច្ចុប្បន្ន​ស្ថានភាព​នេះ​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។

លោក​បន្តថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​គួរតែ​រក​វិធីសាស្ត្រ​បន្ថែមទៀត​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​របស់​អ្នក​ជាប់ពន្ធ​ពិសេស​ទាក់ទង​នឹង​វិស័យ​សំណង់ តាមរយៈ​ការបង្កើន App ដើម្បី​ធ្វើឱ្យ​ការគ្រប់គ្រង និង​ការប្រមូល​ពន្ធ​កាន់​តែមាន​ប្រសិទ្ធភាព​»​។

យោងតាម​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ប្រមូល​ចំណូល​ឱ្យបាន​ ២ ២៤៣,០៧ ​លាន​ដុល្លារ​៕ LA