សិង្ហបុរីៈ ធនាគារ​ប្រទេស​សិង្ហបុរី​មិនទាន់​មាន​ការប្រឈម​ណាមួយ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ចិន Evergrande ដែលមាន​បញ្ហា​នោះទេ​។

នោះ​គឺជា​សារ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ធនាគារ​ក្នុងប្រទេស​ ៣ ពេលដែល​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ិនជិន ប្រឈម​ការក្ស័យធន​ដោយ​គេច​មិន​រួច ហើយ​ត្រូវបាន​គេ​ថ្លឹងថ្លែង​ដោយ​បំណុល​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​។


អ្នកនាំពាក្យ​ធនាគារ DBS បាន​និយាយថា ធនាគារ​គ្មាន​ប្រឈម​ចំពោះ​បញ្ហា​របស់ Evergrande នោះទេ​។


ទន្ទឹមនឹង​នោះដែរ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg លោក Piyush Gupta នាយក​ប្រតិបត្តិ​ធនាគារ DBS បាន​និយាយថា លោក​មិនឃើញ​វិបត្តិ​ដែល​កំពុងតែ​វិវត្ត​នៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ជា​ហានិភ័យ​ជា​ប្រព័ន្ធ​ដល់​ឧស្សាហកម្ម​ធនាគារ​ក្នុង​តំបន់​នោះទេ​។


លោក Gupta បាន​ប្រាប់​ទូរទស្សន៍ Bloomberg ថា​៖ «​ខ្ញុំ​មិន​គិតថា​ធនាគារ​អាស៊ី​ជាច្រើន​មាន​បញ្ហា​ប្រឈម​នោះទេ​។ ខ្ញុំ​មិន​គិតថា​វា​បន្ត​បំផ្លាញ​ឧស្សាហកម្ម​ធនាគារ​អាស៊ី​នោះទេ​»​។


ដាច់ដោយឡែក​ពីគ្នា អ្នកនាំពាក្យ​ធនាគារ OCBC បាន​ប្រាប់​សារព័ត៌មាន The Straits Times ថា​ធនាគារ​មិនអាច​ផ្តល់​មតិ​លើ​កម្ចី​ជាក់ស្តែង​នោះទេ ប៉ុន្តែ​រឿងនេះ​ត្រូវបាន​គេ​យល់ថា​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ធំ​បំផុត​ទី​ ៣ ​របស់​សិង្ហបុរី​មាន​បញ្ហា​ប្រឈម​សូន្យ​ចំពោះ​រឿងរ៉ាវ​កើតឡើង​នៅ Evergrande​។


ធនាគារ UOB ក្នុងពេល​កន្លងមក​បាន​និយាយថា ខ្លួន​មិនបាន​ផ្តល់​កម្ចី​ដល់ Evergrande នោះទេ​។

ធនាគារ​នោះបាន​និយាយថា មហន្តរាយ​របស់ Evergande កំពុង​បន្ថែម​ទម្ងន់​យ៉ាង​ធ្ងន់​លើ​ទីផ្សារ​អាស៊ី​។

ខណៈ​អ្នកវិភាគ​ខ្លះ​មិនឃើញ​ផលប៉ះពាល់​ជា​ចង្កោម ដូច​ករណី​ដែល​កើតឡើង​ក្នុង​ឆ្នាំ​ ២០០៨ ពេលដែល​ធនាគារ Lehman Brothers ដាំ​ក្បាល​ចុះក្រោម​បំណុល​អចលនទ្រព្យ​ដ៏អាក្រក់​ និង​បាន​គម្រាម​កំហែង​ដល់​ការធ្លាក់ចុះ​នៃ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ដល់​ខ្លួន​ទៀតផង​។

ផ្ទុយទៅវិញ បញ្ហា​បំណុល​របស់ Evergrande ត្រូវបាន​ចាត់ទុក​វា​ប្រមូលផ្តុំ​ខ្លាំង​ និង​ប៉ះពាល់​ធំ​តែ​ក្នុង​រង្វង់​ប្រទេស​ចិន​ទេ​៕ ST-ANN/RR