សិង្ហបុរីៈ ក្រុមហ៊ុន​និយោជក​ក្នុង​វិស័យ​អាកាសចរណ៍​នឹង​រ៉ាប់រង​គាំទ្រ​ប្រាក់ខែ​រយៈពេល​ ៦ ​ខែ​ទៀត សម្រាប់​បុគ្គលិក​ដើម្បី​ជួយ​ពួកគេ​ឆ្លង​ផុត​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​បន្ត​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហបុរី (CAAS) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​ ២៧ ខែកញ្ញា​នេះ​ថា ជំនួយ​សង្គ្រោះ​កម្លាំង​ពលកម្ម​អាកាសចរណ៍​មាន​ចំនួន​ប្រហែល​ ១៣០ ​លាន​ដុល្លារ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ជាង​ ១០០​។


ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​សិទ្ធិ​ទទួល​នឹង​ទទួលបាន​ការគាំទ្រ​ ៣០ ​ភាគរយ​សម្រាប់​ប្រាក់ខែ​ប្រចាំខែ​ដំបូង ៤ ៦០០ ​ដុល្លារ ដែល​ត្រូវបាន​ចំណាយ​ដល់​បុគ្គលិក​និយោជិត​ជនជាតិ​សិង្ហបុរី​ ឬ​មាន​លំនៅឋាន​អចិន្ត្រៃយ៍​នៅ​សិង្ហបុរី​ពី​ខែ​តុលា​ដល់​ខែធ្នូ​ឆ្នាំនេះ​។


ចាប់ពី​ខែមករា​ដល់​ខែមីនា​ឆ្នាំក្រោយ ពួក​នឹង​ទទួលបាន​ការគាំទ្រ​ ១០ ​ភាគរយ​ពី​ចំនួន​ប្រាក់ខែ​ដូចគ្នានេះ​។


CAAS បាន​និយាយថា គិត​មកដល់​ខែកញ្ញា​ឆ្នាំ​ ២០២១ អ្នកដំណើរ​សរុប​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Changi គឺ​ស្មើ​ ៣,៩ ​ភាគរយ​នៃ​កម្រិត​មុន​កូវីដ​ ១៩​។ ជា​បន្តបន្ទាប់ ក្រុមហ៊ុន​អាកាសចរណ៍​បាន​កាត់បន្ថយ​កម្លាំង​ពលកម្ម​ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ដែល​ធ្លាក់ចុះ​។


CAAS បាន​និយាយថា​៖ «​បន្ទាប់ពី​ ២០ ​ខែ វិស័យ​អាកាសចរណ៍​នៅតែ​ស្ថិតនៅ​ក្នុងចំណោម​វិស័យសេដ្ឋកិច្ច​ទាំងអស់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​»​។


ការផ្តល់ប្រាក់​ឧបត្ថម្ភ​ត្រូវបាន​ណែនាំ​ក្នុង​ថវិកាជាតិ​ឆ្នាំនេះ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​គាំទ្រ​គម្រោង «OneAviation» សម្រាប់​វិស័យ​អាកាសចរណ៍ និង​ដើម្បី​ការពារ​ជំហរ​របស់​សិង្ហបុរី​ក្នុងនាម​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​៕

ក្រៅពី​ការគាំទ្រ​ប្រាក់​ឈ្នួល ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​ក៏​នឹង​បន្ត​ទទួលបាន​ការគាំទ្រ​ផ្នែក​បណ្តុះបណ្តាល​ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទ្រទ្រង់​ការបណ្តុះបណ្តាល​ក៏ដូចជា​ការជួយ​សម្រួល​ថ្លៃដើម​ក្រោម​កញ្ចប់​គាំទ្រ OneAviation​។

លោក Han Kok Juan អគ្គនាយក CAAS បាន​និយាយថា វិស័យ​អាកាសចរណ៍​កំពុង​មើលឃើញ​កំណើន​ខ្លះ​មកវិញ​ជាមួយ​ការសម្ពោធ​នៃ​ការដឹកជញ្ជូន​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ និង​ប្រ៊ុយណេ​៕ ST-ANN/RR